ជាតិ
តើរបាំខ្មែរមានប៉ុន្មានទម្រង់?
07, Sep 2021 , 8:59 am        
រូបភាព
រូបពីនាយកដ្ឋានសិល្បៈទស្សនីយភាព
រូបពីនាយកដ្ឋានសិល្បៈទស្សនីយភាព
ភ្នំពេញ៖ ប្រជាជនខ្មែរមួយចំនួន អាចនៅពុំទាន់ដឹងថារបាំខ្មែរមានប៉ុន្មានទម្រង់ឡើយ។ ជួនកាលពួកគេក៏មានការយល់ច្រឡំ ពីប្រភេទឬទម្រង់របាំទាំងនោះដែរ។ តើរបាំខ្មែរតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន មានប៉ុន្មានទម្រង់ ហើយក្នុងទម្រង់ទាំងនោះ ចែកចេញជាប៉ុន្មានប្រភេទទៀត? 



កម្ពុជាដែលជាអាណាចក្រនៃវប្បធម៌ មានរបាំធំៗចំនួន៣ទម្រង់ គឺទម្រង់របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ។ របាំនីមួយៗចែកចេញជាប្រភេទបន្តទៀត។ តួយ៉ាងដូចជាទម្រង់របាំបុរាណ ឬរបាំព្រះរាជទ្រព្យ ចែកចេញជា២ប្រភេទ គឺរបាំ និងល្ខោន។ របាំ គឺគេរាំមានរយៈពេលខ្លីៗ ដូចជារបាំអប្សរា របាំទេពមនោរម្យ របាំជូនពរ និងរបាំបួងសួងជាដើម។ ចំណែកល្ខោន ដែលស្ថិតក្នុងទម្រង់របាំដែរនោះ គឺគេតែងជាសាច់រឿងមួយ ហើយយកទៅតម្លើងជារបាំរឿង មានដូចជារឿងព្រះវេសន្ត រឿងរាមកេរ្ដិ៍ និងរឿងព្រះជិនវង្សជាដើម។ 
 
ចំពោះរបាំប្រពៃណីវិញ ត្រូវបានបែងចែកជា២ប្រភេទដូចគ្នា គឺរបាំជំនឿដូនតា និងរបាំប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ។ របាំជំនឿដូនតា មានដូចជារបាំសែនព្រលឹងស្រូវ និងរបាំកាប់ក្របីជាដើម ដែលជារបាំរបស់ជនជាតិដើមភាគតិចខ្មែរ។ រីឯរបាំប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរវិញ រួមមានរបាំច្រូតស្រូវ របាំនេសាទ និងរបាំជាច្រើនទៀត ដែលស្ដីពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។


 របាំក្នុងទម្រង់ប្រជាប្រិយ(រូបពីនាយកដ្ឋានសិល្បៈទស្សនីយភាព)

មកដល់របាំប្រជាប្រិយម្ដង របាំនេះមិនមានបែងចែកជាប្រភេទឡើយ។ តាំងពីយូរមកហើយ របាំប្រជាប្រិយត្រូវបានប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់ គឺរបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម និងចូកកំពឹសជាដើម។ របាំនេះត្រូវបានគេពេញនិយមរាំ នៅទូទាំងប្រទេសកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់បច្ចុប្បន្ន ក្នុងពិធីបុណ្យចូលឆ្នាំ ពិធីមង្គលការ និងពិធីបុណ្យមង្គលមួយចំនួនទៀត ដោយដកសម័យប៉ុលពតចេញ។
 
បើតាមលោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងវប្បធម៌ មានបំណង​បញ្ចូលទម្រង់របាំសហសម័យខ្មែរមួយទៀត ជាទម្រង់របាំផ្លូវការរបស់ជាតិ។ ទោះជាយ៉ាងណា លោកថាកិច្ចការនេះ នៅមិនទាន់ចេញជាផ្លូវការនៅឡើយ។
 


របាំក្នុងទម្រង់ប្រពៃណី(រូបពីនាយកដ្ឋានសិល្បៈទស្សនីយភាព)

លោក ព្រឿង ឈៀង បានបញ្ជាក់ដូច្នេះ«ពីដើមមក យើងមានរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ឥឡូវក្រសួងវប្បធម៌គ្រោងបន្ថែម របាំសហសម័យខ្មែរមួយទៀត ប៉ុន្តែនៅមិនទាន់ផ្លូវការទេ។ យើងបានធ្វើមហោស្រពរបាំសហសម័យខ្មែរនេះ ២ ទៅ៣ដងហើយ។ នៅបរទេស គេមានរបាំសហសម័យដែរ ប៉ុន្តែនៅខ្មែរយើង គឺយើងធ្វើជារបៀបរបស់យើង»។
នៅអត្ថបទក្រោយ សារព័ត៌មានថ្មីៗ និងបង្ហាញជូនពីឈ្មោះលម្អិត របស់របាំទាំង៣ទម្រង់ មានរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ៕
 

របាំបុរាណ(រូបពីនាយកដ្ឋានសិល្បៈទស្សនីយភាព)

ល្ខោនក្នុងទម្រង់របាំបុរាណ(រូបពីនាយកដ្ឋានសិល្បៈទស្សនីយភាព)


Tag:
 របាំ
  រាំ
  ប្រជាប្រិយ
  ប្រពៃណី
 
© រក្សាសិទ្ធិដោយ thmeythmey.com