អន្តរជាតិ
ប្រមុខការទូតអាម៉េរិកជួបមេដឹកនាំកាតាពិភាក្សាវិបត្តិអាហ្វហ្កានីស្ថាន
07, Sep 2021 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ។ រូបថត Xinhua
នៅថ្ងៃទី៦ខែសីហា​ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានធ្វើដំណើរទស្សនកិច្ចទៅដល់ទឹកដី កាតាដើម្បីពិភាក្សាអំពីវិបត្តិនៅអាហ្វហ្កានីស្ថាន និងការរក្សាសុវត្ថិភាពផ្លូវដំណើរសម្រាប់ការចាកចេញ របស់ប្រជាជនដែលនៅសេសសល់។ កាតា ត្រូវមើលឃើញថា កំពុងដើរតួជាអន្តរការីដ៏សំខាន់ក្នុងវិបត្តិនៅអាហ្វហ្កានីស្ថាន។

 
នៅទីក្រុងដូហា ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានជួបជាមួយមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani នៅថ្ងៃទី៦ ខែសីហា។ ក្នុងថ្ងៃទី៦នេះ ក្រុមតាលីបង់ បានប្រកាស ជ័យជម្នះគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថានទាំងមូលក្រោយដណ្ដើមខេត្ត Panjshir ពីក្រុមតស៊ូ។
 
អំឡុងជំនួបនេះ លោក ប្លីងខិន បានថ្លែងអំណរគុណដល់មេដឹកនាំកាតាដែលបានជួយគាំទ្រ និង ជ្រោមជ្រែងក្នុងការជម្លៀសពលរដ្ឋអាម៉េរិក ពលរដ្ឋសម្ព័ន្ធមិត្ត និងប្រជាជនអាហ្វហ្កានីស្ថាន។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីទំនាក់ទំនង ទ្វេភាគីសំខាន់ៗដូចជាការរឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការការពារសិទ្ធិមនុស្សផងដែរ។
 
បើតាមក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន ក៏ត្រូវជជែកជាមួយកាតា និងតួកគីក្នុងការបើក ដំណើរការអាកាសយានដ្ឋានអន្តរជាតិកាប៊ុលឡើងវិញផងដែរ។ ច្រកផ្លូវអាកាសនេះមានសារសំខាន់ យ៉ាងខ្លាំងចំ​ពោះការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការជម្លៀសប្រជាជនអាហ្វហ្កានីស្ថានដែលនៅ សេសសល់ហើយចង់ចាកចេញ។
 
យ៉ាងណាមិញ ជំនួបរវាងលោក ប្លីងខិន និងអ្នកតំណាងក្រុមតាលីបង់នៅដូហា មិនត្រូវបានរៀបចំ ឡើយ។ មន្ត្រីក្រសួងការបរទេសអាម៉េរិក Dean Thompson បានអះអាងថា ទី​ក្រុងវ៉ាស៊ីតោនអាច​នឹងបន្តកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ដើម្បីបញ្ជាក់ពីជំហររបស់អាម៉េរិកឱ្យបានច្បាស់។
 
នៅថ្ងៃទី៨ ខែកញ្ញា លោក ប្លីងខិន នឹងបន្តដំណើរទៅអាល្លឺម៉ង់ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ ហៃកូ ម៉ាស លើរឿងជនភៀសខ្លួនអាហ្វហ្កានីស្ថាននេះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com