ជាតិ
សៀមរាប ចាប់ផ្ដើមមានទេសចរឡើងវិញ ខណៈកំពត កែប និងតាកែវ ជាគោលដៅនៅក្នុងវិបត្តិកូវីដ-១៩
× ដើមខែកញ្ញានេះ មានទេសចរជាង៥ម៉ឺននាក់បានដើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ខេត្តសៀមរាប ដែលមានសភាពស្ងប់ស្ងាត់ដោយសារជំងឺកូវីដ-១៩ ក៏ចាប់ផ្ដើមមានសកម្មភាពទេសចរណ៍ឡើងវិញ ។ ចុងសប្តាហ៍កន្លងទៅនេះ សៀមរាបទទួលបានទេសចរជាង ៤ពាន់នាក់។ ទិន្នន័យនេះបានធ្វើឱ្យសៀមរាបឡើងមកឈរចំណាត់ថ្នាក់លេខ៤ ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ បន្ទាប់ពីខេត្តកំពត កែប និងរាជធានីភ្នំពេញ។
បើតាមស្ថិតិចំនួនភ្ញៀវទេសចរក្នុងថ្ងៃទី៤-៥ ខែកញ្ញា ភ្ញៀវទេសចរចំនួន ៥១ ០៣៤នាក់ បានធ្វើដំណើរកម្សាន្តក្នុងប្រទេស ក្នុងនោះ ទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៩០៨នាក់។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ខេត្តចំនួន៥ ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ គឺខេត្តកំពត មានទេសចរចំនួន ២៣ ៧៨៧នាក់, កែប ៤ ៩៥៥នាក់, រាជធានីភ្នំពេញ ៤ ៤៩០នាក់, សៀមរាប ៤ ០៤៣នាក់ និងខេត្តតាកែវមានភ្ញៀវ ៣ ៧០២នាក់។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា បច្ចុប្បន្នភ្ញៀវទេសចរនិយមដើរកម្សាន្តនៅខេត្តក្បែរក្រុង ជាហេតុធ្វើឱ្យខេត្តកំពត កែប តាកែវ មានចំនួនភ្ញៀវទេសចរច្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែខេត្តសៀមរាបឯណោះវិញ ក៏ចាប់ផ្ដើមមានភ្ញៀវទេសចរទៅកម្សាន្តច្រើនផងដែរ បើទោះកន្លែងខ្លះមិនទាន់បើកទទួលទេសចរក៏ដោយ។ ចលនាទេសចរក្នុងស្រុកដើរកម្សាន្តនៅខេត្តសៀមរាប ជាសញ្ញាណវិជ្ជមានមួយ ចំពោះការងើបឡើងវិញនៃ ទេសចរណ៍ក្នុងខេត្តនេះ។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
លោក តុប សុភ័ក បញ្ជាក់បន្ថែមដូច្នេះថា៖« យើងបើកកន្លែងដើរកម្សាន្តមិនទាន់អស់ទេ ប៉ុន្តែជានិន្នាការគឺភ្ញៀវទេសចរមានចេញដើរកម្សាន្តច្រើនហើយនៅសៀមរាប។ ចំណែកខេត្តផ្សេងក៏មានភ្ញៀវទេសចរទៅកម្សាន្តបណ្ដើរៗដែរ។ វាជាសញ្ញាណល្អសម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខ អាចនឹងមានទេសចរចេញដើរច្រើន »។
ក្រៅពីខេត្តសៀមរាប ខេត្តតាកែវក៏មានភ្ញៀវទេសចរទៅកម្សាន្តច្រើនដែរក្នុងមួយរយៈចុងក្រោយនេះ។ ទេសចរទៅលេងខេត្តតាកែវជាង ៣ពាន់នាក់ ព្រោះខេត្តនេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។ បន្ថែមពីនេះបច្ចុប្បន្ន តាកែវ មានរមណីយដ្ឋានកែច្នៃច្រើន ដូចជា រមណីយដ្ឋានត្រីមាស រមណីយដ្ឋានអន្លង់ភ្ញៀវ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើនទៀត។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ខេត្តក្នុងប្រទេសកម្ពុជាទាំងអស់ មានសក្តានុពលទេសចរណ៍ និងភាពទាក់ទាញខុសប្លែកពីគ្នា តែថាខេត្តមួយចំនួននៅឆ្ងាយពីរាជធានីភ្នំពេញ ទើបមិនទាន់មានភ្ញៀវទេសចរទៅកម្សាន្តច្រើន ក្នុងបរិបទកូវីដ-១៩នេះ។
ចំណែកខេត្តបាត់ដំបង កំពង់ស្ពឺ កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ និងព្រះវិហារ មិនមានទិន្នន័យភ្ញៀវទេសចរទេ ព្រោះខេត្តនេះមិនទាន់បើកទទួលភ្ញៀវទេសចរនៅឡើយ។ តែយ៉ាងណាមិញ ខេត្តទាំង៥នេះ ក៏កំពុងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌខាងមុងនេះផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com