អន្តរជាតិ
មេដឹកនាំរដ្ឋប្រហារហ្គីណេសន្យារៀ​បចំរដ្ឋាភិ​បាលអន្តរកាល
07, Sep 2021 , 5:15 pm        
រូបភាព
វរសេនីយ៍ Mamady Doumbouya (លើកដៃ) មេដឹកនាំរដ្ឋប្រហារនៅហ្គីណេ។ រូបថត AFP
វរសេនីយ៍ Mamady Doumbouya (លើកដៃ) មេដឹកនាំរដ្ឋប្រហារនៅហ្គីណេ។ រូបថត AFP
ក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី និងលុបចោលរដ្ឋាភិបាល មេដឹកនាំយោធាហ្គីណេដែលដណ្ដើមអំណាច នៅក្នុងកិច្ចប្រជុំថ្ងៃទី៦ខែកញ្ញាបានប្រកាសថា ​ខ្លួននឹងរៀបចំរដ្ឋាភិ​បាល អន្តរកាលដើម្បីដឹកនាំអំឡុងការផ្លាស់ប្ដូររដ្ឋាភិបាល។


អំឡុងរដ្ឋប្រហារនៅថ្ងៃទី៥​ខែសីហា កម្លាំងទ័ពពិសេសហ្គីណេ បានចាប់ខ្លួនលោកប្រធានាធិបតី អាល់ហ្វា កុងដេ និងឃុំខ្លួនអ្នកនយោបាយសំខាន់ៗផ្សេងទៀតមិនឱ្យចេញធ្វើដំណើរឡើយ។ ក្រុមយោធាធ្វើរដ្ឋប្រហារ ក៏បានប្រកាសលុបចោលរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលជាតិ ព្រមទាំងប្រកាស ដាក់បម្រាមគោចរទូទាំងប្រទេសផងដែរ។ 
 
«ការពិគ្រោះយោបល់នឹងត្រូវបានធ្វើឡើងដើម្បីកំណត់ក្របខ័ណ្ឌសំខាន់នៃការផ្លាស់ប្តូររដ្ឋាភិបាល។ បន្ទាប់មករដ្ឋាភិបាលរួបរួមជាតិ នឹងត្រូវតែងតាំងដើម្បីដឹកនាំប្រទេស»។ វរសេនីយ៍ Mamady Doumbouya មេដឹកនាំយោធាដែលដឹកនាំរដ្ឋប្រហារបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រី និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក កុងដេ ។ បន្ទាប់ពីកិច្ចប្រជុំខាងលើ មន្ត្រីនិងអ្នក នយោបាយទាំងនោះត្រូ​វបានអមដោយក្រុមយោធាទៅកាន់ទីបញ្ជាការកណ្ដាលកងទ័ពនៅក្នុងរដ្ឋធានី កូណាគ្រី។
 
វរសេនីយ៍រូបនេះក៏បានអះអាងថា បន្ទាប់ពីការបញ្ចប់នៃដំណាក់កាលអន្តរកាល ពួកគេនឹងបង្កើតរបប ថ្មីមួយដែលមានអភិបាលកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។ យ៉ាងណាមិញ លោក Doumbouya មិនបាន បញ្ជាក់ច្បាស់អំពីការរៀបចំរដ្ឋាភិបាលអន្តរកាល ពេលវេលា និងការត្រលប់ទៅរៀបចំការបោះឆ្នោត ដោយសេរីនោះទេ។
 
នៅថ្ងៃធ្វើរដ្ឋប្រហារប្រជាជនហ្គីណេជាច្រើននាក់បានស្វាគមន៍អបអរតាមដងផ្លូវចំពោះសកម្មភាពយោធា។ ពួកគេយល់ឃើញថា ស្ថានភាពប្រទេស និង សេដ្ឋកិច្ចអាចស្ដារឡើងវិញដោយមេដឹកនាំយោធា។
 
ចំណែកឯ សហគមន៍អន្តរជាតិបានថ្កោលទោសក្រុមយោធា ហើយបារម្ភពីអស្ថិរភាព និងអសន្តិភាព ដែលអាចនឹងកើតឡើង។ រឿងដែលព្រួយបារម្ភមួយទៀតនោះ គឺការបិទច្រក​ពាណិជ្ជកម្ម និងការនាំ ចេញរ៉ែបុកស៊ីត។ ប៉ុន្តែមកទល់ពេលនេះ គេមិនមិនទាន់ឃើញមានសញ្ញាបង្ហាញពីការបន្ថយការ ផ្គត់ផ្គង់រ៉ែនោះទេ។ វរសេនីយ៍ Doumbouya ក៏បានអះអាងថារ៉ែនៅតែអាចនាំចេញតាមផ្លូវទឹក ហើយ ក្រុមហ៊ុនវិនិយោគបរទេសនៅតែអាចដំណើរការបាន៕
 


 

Tag:
 ហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com