អន្តរជាតិ
កូរ៉េខាងត្បូង ប្រកាសជោគជ័យការសាកល្បងមីស៊ីលចេញពីនាវាមុជទឹកផលិតក្នុងស្រុក
07, Sep 2021 , 10:29 pm        
រូបភាព
នាវាមុជទឹកកូរ៉េខាងត្បូង Dosan Ahn Chang-ho ។ រូបថតពីហ្វេសប៊ុកកងទ័ពកូរ៉េ
នាវាមុជទឹកកូរ៉េខាងត្បូង Dosan Ahn Chang-ho ។ រូបថតពីហ្វេសប៊ុកកងទ័ពកូរ៉េ
កូរ៉េខាងត្បូង ថ្ងៃទី៧ ខែកញ្ញា ប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក (SLBM) ដែលផលិតក្នុងស្រុកបានដោយជោគជ័យ។ ជោគជ័យនេះ ជាការបោះជំហានមួយទៀតកូរ៉េខាងត្បូងក្នុងការបង្កើនសមត្ថភាពយោធារបស់ខ្លួនដើម្បីទប់ទល់នឹងការគំរាមរបស់កូរ៉េខាងជើង។


យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធការពារជាតិ(ADD) កូរ៉េខាងត្បូង ធ្វើតេស្តបានដោយជោគជ័យមីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹកប្រភេទថ្មីទម្ងន់៣ពាន់តោន ហើយបំពាក់ដោយកាណុងបាញ់មីស៊ីលចំនួន៦ដែលផលិតក្នុងស្រុក។ ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា ការសាកល្បធ្វើកាលពីសប្តាហ៍មុន។  
 
មីស៊ីលបាលីស្ទិកនេះ ត្រូវបានគេជឿជាក់ថា ជាមីស៊ីលនៃប្រភេទមីស៊ីលបាលីស្ទិក Hyunmoo-2B ។  មីស៊ីលប្រភេទនេះ អាចបាញ់បានរយៈចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ហើយនឹងត្រូវផលិតជាទ្រង់ទ្រាយធំសម្រាប់ដាក់ពង្រាយនៅកូរ៉េខាងត្បូងបន្ទាប់ពីជោគជ័យក្នុងការធ្វើតេស្តមួយជុំទៀត។ ជាមួយជោគជ័យនេះ កូរ៉េខាងត្បូងបានក្លាយជាប្រទេសទី៨នៅលើពិភពលោកដែលអភិវឌ្ឍមីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹកបន្ទាប់ពីអាម៉េរិក រុស្ស៊ី អង់គ្លេស បារាំង ឥណ្ឌា ចិន និងកូរ៉េខាងជើង។ 
 
ការអភិវឌ្ឍសព្វាវុធនេះ ជាផ្នែកមួយនៃការប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅថ្ងៃទី៦ ខែកញ្ញា បានដាក់សំណើថវិកាទៅសភាជិត ១,៥ ទ្រីលានវ៉ុន (១,៣ ពាន់លានដុល្លារ) សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិនៅឆ្នាំក្រោយផងដែរ។ 
 
កូរ៉េខាងជើងឯណោះ ក៏បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាញ់ចេញពីនាវាមុជទឹកដែរ។ កាលពីខែមករា នៅក្នុងក្បួនព្យុហយាត្រាយោធា កូរ៉េខាងជើង បានបង្ហាញមីស៊ីលនេះចំនួន៤ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយថា ជាអាវុធដ៏មានឥទ្ធិពលបំផុតលើពិភពលោក។ ជាមួយគ្នានេះ កូរ៉េខាងជើង បានបញ្ចប់ការគ្រោងផែនការសម្រាប់បង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
 
សូមរំលឹកថា នៅថ្ងៃទី២ ខែកញ្ញា  កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីលបាលីស្ទិកដែលអាចផ្ទុកក្បាលគ្រាប់មីស៊ីលដល់ទៅ៣តោន។ មីស៊ីលបាលីស្ទិកដែលអាចហោះហើរបានចម្ងាយចន្លោះពី៣៥០ទៅ៤០០គីឡូម៉ែត្រនេះ ត្រូវបានកូរ៉េខាងត្បូងអះអាងថាមានឥទ្ធិពលខ្លាំង៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com