អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមតាលីបង់បង្ហាញសមាជិករដ្ឋាភិបាលបណ្តោះអាសន្ន
07, Sep 2021 , 10:46 pm        
រូបភាព
អ្នកនាំពាក្យក្រុមតាលីបង់ លោកZabiullah Mujahid។ ប្រភព៖_Anadolu_Agency
អ្នកនាំពាក្យក្រុមតាលីបង់ លោកZabiullah Mujahid។ ប្រភព៖_Anadolu_Agency
មួយថ្ងៃបន្ទាប់ពីគ្រប់គ្រងអាហ្វហ្កានីស្ថានពេញទី ក្រុមតាលីបង់ បានប្រកាសពីសមាជិករបស់រដ្ឋាភិបាលបណ្តោះ​អាសន្នអាហ្វហ្កានីស្ថាន​។ សមាជិករដ្ឋាភិបាល​នេះ ក៏មានរដ្ឋមន្រ្តីដែលជាមុខសញ្ញា មន្រ្តីអាមេរិកចង់ចាប់ផងដែរ ខណៈរដ្ឋមន្រ្តីខ្លះត្រូវសហគមន៍អន្តរជាតិចាត់ទុកជាភេរវករ។


 
តាមរយៈសន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងកាប៊ុលនៅថ្ងៃទី៧ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោកZabihullah Mujahid បានអះអាងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានថ្មី នឹងដឹកនាំដោយលោក Mullah Hassan Akhund។ លោក Akhund ត្រូវបានអង្គការសហប្រជាជាតិ (UN) អង់គ្លេស សហភាពអឺរ៉ុប ចាត់ទុកជាភេរវករមួយរូប។ 
ចំណែកលោកAbdul Ghani Baradar ប្រធានការិយាល័យនយោបាយតាលីបង់ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីស្តីទី។ លោក Baradar គឺជាបុគ្គលមួយរូប ដែលអាមេរិកធ្លាប់តាមប្រមាញ់ដែរ និងធ្លាប់ជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំនៅប៉ាគីស្ថាន។ 
 
លោក Sirajuddin Haqqani ដែលជាមុខសញ្ញាដ៏សំខាន់របស់ FBI អាមេរិក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃស្តីទី ខណៈរដ្ឋមន្រ្តីការពារជាតិស្តីទី គឺជាលោកMohammad Yaqoob កូនប្រុសរបស់ស្ថានិកក្រុមតាលីបង់។ អាជ្ញាធរអាមេរិក បានចាត់ទុកលោក Haqqani ជាភេរវករអន្តរជាតិ ហើយ FBI ធ្លាប់ប្រកាសផ្តល់រង្វាន់ចំនួន ៥លានដុល្លារសម្រាប់ព័ត៌មាន ដើម្បីតាមចាប់លោក Haqqani។ 
 
បន្ថែមពីនេះ  លោក Amir Khan Muttaqi ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសស្តីទី និងលោកAbas Stanikzai ជាអនុរដ្ឋមន្រ្តីការបរទេសស្តីទី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com