ជាតិ
អាល់កុលក្លែងក្លាយជិត ៧តោន នៅខេត្តតាកែវ ត្រូវបានរឹបអូស
08, Sep 2021 , 10:19 am        
រូបភាព
អាល់កុលក្លែងក្លាយ ៦ ៩០០លីត្រ ត្រូវបានមន្ត្រី ក.ប.ប សាខាខេត្តតាកែវ រកឃើញនៅទីតាំងស្តុកមួយកន្លែង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ រូបភាពពី ក.ប.ប។
អាល់កុលក្លែងក្លាយ ៦ ៩០០លីត្រ ត្រូវបានមន្ត្រី ក.ប.ប សាខាខេត្តតាកែវ រកឃើញនៅទីតាំងស្តុកមួយកន្លែង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ រូបភាពពី ក.ប.ប។
តាកែវ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)នៅថ្ងៃទី០៦កញ្ញា ឆ្នាំ២០២១ បន្តរកឃើញអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៦ ៩០០លីត្រ។ អាល់កុលក្លែងក្លាយជិត ៧តោននេះ ត្រូវបានមន្ត្រី ក.ប.ប សាខាខេត្តតាកែវ រកឃើញនៅទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។



ក្រោយមន្ត្រីត្រួតពិនិត្យ រកឃើញសារធាតុមេតាណុលនោះ ស្តុកទុក ដោយគ្មានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធ ។ មន្ត្រីនសមដកហូតទៅរក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំពោះម្ចាស់ទំនិញវិញ លោក លី សេរីសម្បត្តិ ប្រធាន ក.ប.ប សាខាខេត្តតាកែវ អះអាងថាមិនទាន់រកឃើញនៅឡើយនោះទេ តែចាប់បានអ្នកតំណាង ដែលជាម្ចាស់ឃ្លាំងស៊ីឈ្នួលស្តុកអាល់កុលទាំងនោះ និងដោះស្រាយតាមផ្លូវច្បាប់បន្តទៀត។ 
 
កាលពីថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីក.ប.ប សាខាខេត្តតាកែវ បានរកឃើញអាល់កុលក្លែងក្លាយ ១២ ៤២០លីត្រ ដែលស្ទាក់ចាប់បាននៅចំណុចឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដែលនាំចូលពីប្រទេសវៀតណាម។ 
 
សូមជម្រាបថា សារធាតុមេតាណុល មិនត្រឹមតែគ្មានប្រសិទ្ធិភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយ និងស្រា ហើយទទួលទានលើសកម្រិត៕
 
 

Tag:
 ThmeyThmey25
  អាល់កុលក្លែងក្លាយ
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com