COVID-19
អន្តរជាតិ
វៀតណាម ចាប់ខ្លួនគ្រូពេទ្យនិងមន្រ្តីដែលទទួលលុយពីប្រជាជន ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩
08, Sep 2021 , 12:59 pm        
រូបភាព
រូបភាព៖ Vietnam Express
រូបភាព៖ Vietnam Express
អាជ្ញាធរវៀតណាម បានចាប់ខ្លួនមនុស្សចំនួន ៣នាក់ ដោយក្នុងនោះរួមមានវេជ្ជបណ្ឌិត និងមន្រ្តីផងនោះ ពីបទទទួលប្រាក់ពីប្រជាជន ដើម្បីផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គួរតែ ត្រូវបានផ្តល់ឱ្យប្រជាជនដោយឥតគិតថ្លៃ។

 
ប៉ូលិសវៀតណាម នៅថ្ងៃទី៧ ខែកញ្ញា បានចាប់ខ្លួនលោក Truong Manh Thao ដែលជាមន្រ្តីសង្កាត់ទី៦ ក្នុងក្រុងហូជីមិញ។ លោក Thao  ត្រូវបានចោទពីបទរំលោភអំណាច ក្នុងការបំពេញតួនាទីជាមន្រ្តី។ លោកត្រូវបានជឿថា បានសហការជាមួយមនុស្សប្រមាណ ២០នាក់ ដែលមិនស្ថិតក្នុងក្រុមអាទិភាព ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ លោក បានរៀបចំឱ្យអ្នកទាំងនោះទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីជាថ្នូរនឹងប្រាក់ និងវត្ថុមានតម្លៃផ្សេងទៀត។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express លោក Thao បានសារភាពថា​ លោកបានទទួលប្រាក់ប្រមាណ ៤៣៩ដុល្លារ ឬ១០លានដុង ពីកិច្ចព្រមព្រៀងនោះ ។ 
 
មុនការចាប់ខ្លួនមន្រ្តីខាងលើមួយថ្ងៃ លោកវេជ្ជបណ្ឌិត Nguyen Thai Hiep ដែលធ្វើការនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ក្នុងខេត្តBinh Duong រួមទាំងសន្តិសុខមួយរូបផង ក៏ត្រូវបានឃុំខ្លួនដោយប៉ូលិសដែរ។ លោក Hiep ត្រូវបានចោទថា បានសហការជាមួយសន្តិសុខ ដើម្បីប្រមូលប្រាក់ពីប្រជាជន ដែលចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ តាមរយៈភាគីទីបី សន្តិសុខរូបនោះ បានអនុញ្ញាតឱ្យប្រជាជនដែលមិនមែនជាក្រុមអាទិភាព ចូលទៅមណ្ឌលវេជ្ជសាស្រ្ត ដើម្បីចាក់វ៉ាក់សាំង ជាថ្នូរនឹងទឹកប្រាក់ប្រមាណ ២៦ដុល្លារ។ 
 
ប៉ូលិសខេត្ត Binh Duong បានអះអាងថា សន្តិសុខរូបនោះ បានសារភាព បានសហការជាមួយលោកវេជ្ជបណ្ឌិត ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រមូលបានថវិកា បានប្រមាណ ៧៦៧ដុល្លារ ឬ ១៧,៥លានដុង។ ប៉ុន្តែមកទល់ពេលនេះ លោកវេជ្ជបណ្ឌិត បានទាន់មិនឆ្លើយជាសាធារណៈឡើយ។ 
 
កន្លងមក រដ្ឋាភិបាលវៀតណាម បានកើនរំលឹកថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងត្រូវផ្តល់ឱ្យដោយឥតគិតថ្លៃ។ បុគ្គលដែលស្ថិតនៅក្នុងក្រុមអាទិភាពមានដូចជា គ្រូពេទ្យ ប៉ូលិស និងអ្នកសារព័ត៌មានជាដើម។ 
 
មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនច្រើនជាង ២២លាននាក់ សម្រាប់វ៉ាក់សាំងមួយដូស ខណៈប្រជាជនចំនួន​ ៣,៣លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 វៀតណាម
 ​ វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com