អន្តរជាតិ
លោក បៃឌិន ថា ចិននឹងព្យាយាមរកកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់
08, Sep 2021 , 2:47 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី ៧ ខែកញ្ញា បង្ហាញការជឿជាក់ថា ចិននឹងព្យាយាមរកការសម្របសម្រួលណាមួយជាមួយក្រុមតាលីបង់ បន្ទាប់ពីក្រុមនេះឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានឡើងវិញ។ ទាំងចិន ទាំងរុស្ស៊ី សុទ្ធតែប្រកាសជំហរវិជ្ជមានក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់។


«​ចិនមានបញ្ហា ជាមួយតាលីបង់។ ដូច្នេះខ្ញុំប្រាកដថា ពួកគេនឹងព្យាយាមដោះស្រាយបញ្ហាខ្លះជាមួយតាលីបង់​។ ក៏ដូចចិនដែរ ប៉ាគីស្ថាន រុស្ស៊ី និងអ៊ីរ៉ង់ ពួកគេទាំងអស់កំពុងព្យាយាមសម្លឹងរកមើលអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះ»។ លោក ចូ បៃឌិន ប្រាប់អ្នកកាសែតនៅថ្ងៃទី៧ ខែកញ្ញា ក្រោយមានការសាកសួរពីការព្រួយបារម្ភរបស់អាម៉េរិកទៅលើលទ្ធភាពដែលចិនអាចផ្តល់ជំនួយឱ្យក្រុមតាលីបង់ដែលកំពុងខ្វះធនធាន។
 
អាម៉េរិក និងសម្ព័ន្ធមិត្តខ្លួនក្នុងក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានរក្សាគោលជំហររួមក្នុងការឆ្លើយតបទៅកាន់ក្រុមតាលីបង់ ដោយមិនទាន់ទទួលស្គាល់របបដឹកនាំក្រុមឡើយនេះ។ ទីក្រុងវ៉ាស៊ីនតោន បានបង្កកលុយបម្រុងជាតិរបស់អាហ្វហ្កានីស្ថានជាង៩,៥ពាន់លានដុល្លារ។
 
ទន្ទឹមនឹងនេះដែរ អ៊ីតាលីដែលជាប្រធាននៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង២០ (G20) ដែលមានចិននិងរុស្ស៊ីផង បានព្យាយាមរៀបចំកិច្ចប្រជុំស្តីពីបញ្ហានៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែកាលបរិច្ឆេទទាន់កំណត់បានផ្លូវការនៅឡើយ ដែលនេះបានបង្ហាញពីភាពមិនចុះសម្រុងរវាងសមាជិក។
 
បើទោះបីជាមានការដាក់ទណ្ឌកម្មផ្សេងៗក្ដី អ្នកជំនាញមួយចំនួនអះអាងថា ទណ្ឌកម្មលើសេដ្ឋកិច្ចទាំងនេះភាគច្រើននឹងបាត់បង់ប្រសិទ្ធភាព ប្រសិនបើចិន រុស្ស៊ី ឬប្រទេសផ្សេងទៀតផ្តល់មូលនិធិគាំទ្រដល់ក្រុមតាលីបង់។ កន្លងមក ចិន និងរុស្ស៊ី សុទ្ធតែប្រាប់ឱ្យសហគមន៍អន្តរជាតិផ្ដល់ការឆ្លើយតបវិជ្ជមានទៅកាន់ក្រុមតាលីបង់ ជួយណែនាំក្រុមនេះ និងផ្ដល់ការគាំទ្រជាជាងលូកដៃកិច្ចការផ្ទៃក្នុងអាហ្វហ្កានីស្ថាន ហើយដាក់ទណ្ឌកម្មដែលអាចបង្កបញ្ហាថែមទៀត។
យ៉ាងណាមិញ ទីក្រុងប៉េកាំង និងមូស្គូ ក៏មិនទាន់ទទួលស្គាល់ក្រុមតាលីបង់ដែរ៕
 

Tag:
 ចិន
  អាម៉េរិក
  តាលីបង់
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com