ជាតិ
សាលារៀន៦ ជាប់ជ័យលាភីមេត្រីបរិស្ថាន
08, Sep 2021 , 8:59 pm        
រូបភាព
 រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
ដោយ:
ភ្នំពេញ៖ សាលារៀនចំនួន ៦ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ពីក្រសួងបរិស្ថាន។ ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននេះ ដើម្បីជំរុញកិច្ចគាំពារបរិស្ថាន ធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងដល់កុមារ និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ។


ក្រសួងបរិស្ថាន បានរកឃើញជ័យលាភីសាលាមេត្រីភាពបរិស្ថានឆ្នាំ២០២១ ដែលបានទៅលើសាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣។ សាលាទទួលបានជ័យលាភីកម្រិតបឋមសិក្សាមាន៣រួមមាន៖ សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង បានជ័យលាភីកម្រិតមាស, សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប បានជ័យលាភីកម្រិតប្រាក់ និងសាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ បានជ័យលាភីកម្រិតសំរឹទ្ធ។
 
ចំណែកឯកម្រិតមធ្យមសិក្សាវិញ មានចំនួន៣ដែរ រួមមាន៖ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស, វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ និងវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។


រូបភាពពីក្រសួងបរិស្ថាន 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏មានតម្លៃ និងជាយន្តការមួយដ៏មានសារៈសំខាន់ រួមជាមួយវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការប្រឡងនេះ សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
 
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «ការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំចំណេះដឹង  ដែលមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន»។
 


រូបភាពពីក្រសួងបរិស្ថាន 

លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានពន្យល់ថា ការរៀបចំផ្តល់តម្លៃសាលាមេត្រីបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ និងចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរឡើងថែមទៀត។ លោក ជួប ប៉ារីស៍ សង្កត់ធ្ងន់ដូច្នេះ៖ «សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍ និងអាណាព្យាបាលសិស្ស ដើម្បីធានាឱ្យបាននូវការអប់រំបរិស្ថាន ដើម្បីមូលដ្ឋានស្អាត សុខភាពល្អ និងមានការអភិវឌ្ឍរុងរឿង»។
 
លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន៖  ទី១ គោលការណ៍ និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២ មានការបង្រៀនមេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣ មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រតិបត្តិបរិស្ថាន និងទី៤ មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍។ នេះបើតាមការបង្ហាញរបស់ក្រសួងបរិស្ថាន៕


រូបភាពពីក្រសួងបរិស្ថាន 

រូបភាពពីក្រសួងបរិស្ថាន 

រូបភាពពីក្រសួងបរិស្ថាន 

រូបភាពពីក្រសួងបរិស្ថាន 

 រូបភាពពីក្រសួងបរិស្ថាន 


Tag:
 ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com