អន្តរជាតិ
ម៉ាឡេស៊ី បើករោងភាពយន្តនៅរដ្ឋមួយចំនួនឡើងវិញ ជាមួយវិធានការសុខាភិបាលតឹងរ៉ឹង
08, Sep 2021 , 4:03 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាបប្រ៊ី យ៉ាកុប ។ រូបថត Xinhua
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាបប្រ៊ី យ៉ាកុប ។ រូបថត Xinhua
​រោងភាពយន្ត រោងសម្ដែងសិល្បៈ​ សារមន្ទីរ និងសាលវិចិត្រសិល្បៈនៅរាជធានីគូឡាឡាំពួ រដ្ឋ Selangor និងរដ្ឋ Johor នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់អ្នកទទួលវ៉ាក់សាំងពេញលេញ។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅថ្ងៃទី៧ ខែកញ្ញា។ ទីក្រុង និងរដ្ឋទាំង នេះស្ថិតនៅដំណាក់កាលទីមួយនៃផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង​។

 
ក្នុងផែនការដែលប្រកាសលើគេហទំព័ររដ្ឋាភិបាលម៉ាឡេស៊ីនៅថ្ងៃទី៧ ខែសីហា អ្នកចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ពេញលេញតែប៉ុណ្ណោះ ទើបអាចចូលរោងភាពយន្តបាន។ រោងកុននីមួយៗត្រូវបាន អនុញ្ញាតឱ្យផ្ទុកចំនួនមនុស្សពាក់កណ្ដាលនៃចំនួនកៅអីសរុប។ ចំណែកឯសាលផ្សេងៗទៀតដូចជា រោងសម្ដែងសិល្បៈ​ សារមន្ទីរ និងសាលវិចិត្រសិល្បៈ ត្រូវបានអនុញ្ញាតឱ្យផ្ទុកមនុស្សចំនួន៣០ភាគរយ តែប៉ុណ្ណោះ។
 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប្រ៊ី យ៉ាកុប លើកឡើងថា ការសម្តែងផ្ទាល់ដូចជា តន្រ្តីល្ខោន និង ការសម្ដែងកំប្លែងអាចចាប់ផ្តើមឡើងវិញ ដែលរោងសម្ដែងទាំងនោះក៏ត្រូវផ្ទុកមនុស្សតែ៣០ភាគរយនៃ កៅអីសរុប ហើយសម្រាប់តែមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញដែរ។ លោក អ៊ីស្មាអ៊ីល បន្តថា ការសម្រេច ចិត្តនេះស្ថិតក្នុងចំណោមកិច្ចប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលក្នុងការជំរុញ សក្តានុពលសេដ្ឋកិច្ចរបស់សិល្បករ និងឧស្សាហកម្មច្នៃប្រឌិត ហើយការបន្ថូរបន្ថយនេះ នឹងអាចផ្ដល់ ផលប្រយោជន៍ដល់ក្រុមហ៊ុនក្នុងវិស័យសិល្បៈចំនួនជាង២ម៉ឺនក្រុមហ៊ុនឯណោះ។
 
នាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងថា រដ្ឋាភិបាលតែងតែប្តេជ្ញាប្រកាន់យកវិធីសាស្រ្តល្អបំផុតដែល អាចធានាដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ និងប្ដេជ្ញានាំម៉ាឡេស៊ីឱ្យឈានទៅរក ដំណាក់កាលស៊ាំនឹងជំងឺកូវីដ-១៩ ត្រឹមខែតុលាខាងមុខនេះ។
 
គួរបញ្ជាក់ថា បន្ទាប់ពីរោងកុនត្រូវបានបិទជាងមួយឆ្នាំមកនេះ ប្រតិបត្តិកររោងកុនបានខាតបង់ប្រាក់ ជាង១៤៤លានដុល្លារ ហើយបានប៉ះពាល់អ្នកធ្វើការក្នុងវិស័យនេះចំនួនជាង២ម៉ឺននាក់៕
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com