អន្តរជាតិ
លោក ចនសុន ប្រកាសដំឡើងពន្ធដើម្បីដោះស្រាយការចំណាយថែទាំសុខភាពប្រជាជន
× នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី៧ ខែកញ្ញាបានប្រកាសដំឡើងពន្ធលើវិស័យបី សំដៅបង្កើនប្រាក់ចំណូលរដ្ឋដើម្បីធានាការចំណាយលើការថែទាំសុខភាពដល់ពលរដ្ឋ ខណៈដែលប្រព័ន្ធសុខាភិបាលរងសម្ពាធខ្លាំងដោយសារវិបត្តិកូវីដ-១៩ ។ សមាជិកសភាបក្សកាន់អំណាចខ្លះ មិនសប្បាយចិត្តនឹងការប្រកាសការដំឡើងពន្ធនេះឡើយ។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានចំណាយប្រាក់ជាច្រើនលើការថែទាំសុខភាពពលរដ្ឋអំឡុងវិបត្តិកូវីដ-១៩ ដែលតម្រូវឱ្យរដ្ឋាភិបាលស្វែងរកថវិកាដើម្បីស្តារប្រព័ន្ធថែទាំសុខភាពប្រជាជនឱ្យរឹងមាំ។ លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន ក៏សម្រេចដំឡើងពន្ធដើម្បីប្រមូលប្រាក់បន្ថែម។
ចំពោះមុខសមាជិកសភានាកិច្ចប្រជុំថ្ងៃទី៧ ខែកញ្ញា លោក ចនសុន បានលើកឡើងពីផែន ការដំឡើងពន្ធលើកម្មករ អាជីវកម្ម និងការបែងចែកភាគលាភ។ ក្នុងផែនការនេះ ពន្ធលើប្រាក់បៀវត្ស នឹងត្រូវកើនឡើង១,២៥ភាគរយ ឯពន្ធលើការបែងចែកភាគលាភក៏ត្រូវកើន១,២៥ភាគរយផងដែរ ដើម្បីធានាថាអ្នករកចំណូលបានខ្ពស់នឹងត្រូវបង់ពន្ធផងដែរ។ ការដំឡើងពន្ធនេះអាចបង្កើនចំណូល ប្រមាណ៦៦,៨ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំ។
ការប្រកាសដំឡើងពន្ធនេះ ធ្វើឱ្យលោក ចនសុន រងការរិះគន់ថា បានក្បត់សន្យា ព្រោះកន្លងមកគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចបានសន្យាថានឹងមិនដំឡើងអត្រាពន្ធសំខាន់ណាមួយ ឡើយ។ អំឡុងកិច្ចប្រជុំសភា សមាជិកបក្សកាន់អំណាចខ្លះ បង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះ ផែនការនេះ។ ពួកគេក៏ធ្លាប់បានព្រមានរួចមកហើយថា បន្ទុកបង់ពន្ធនេះអាចនឹងធ្លាក់លើក្រុមមនុស្ស វ័យក្មេង និងអ្នកដែលមានប្រាក់ខែទាបទៅវិញទេ ហើយអាចប៉ះពាល់សន្លឹកឆ្នោតបក្សទៀតផង។
ជាការឆ្លើយតបនឹងការរិះគន់ នាយករដ្ឋមន្ត្រីរូបនេះបានអះអាងថា ផែនការនេះនឹងផ្ដល់ការថែទាំ សុខភាពដល់ក្រុមមនុស្សពេញវ័យដែលធ្វើការទាំងអស់ ក៏ដូចជាប្រជាជនចូលនិវត្តន៍។ លោកក៏បាន សង្កត់ធ្ងន់ថា ការដំឡើងពន្ធ ពិតជារឿងខុសពីការប្ដេជ្ញាចិត្តកន្លងមកមែន ប៉ុន្តែជំងឺរាលដាលជាសកល គ្មាននរណាម្នាក់ដឹងមុននោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com