ជាតិ
គណៈ​សង្ឃ​នាយក ក្រើន​រំ​លឹកដល់​​គ្រប់វត្ត​ ត្រូវ​អប់​រំភិក្ខុ និងសាមណេរ​ដោយ​ព្រហ្ម​វិហារ​ធម៌​
08, Sep 2021 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ព្រះ​មេគណ​ ព្រះ​គ្រូ​អនុគណ ព្រះ​ចៅ​អធិការវត្ត​ និង​អ្នក​គ្រប់​គ្រង​តាម​វត្ត​ទាំង​អស់ នៅទូទាំង​ប្រទេស​កម្ពុជា គប្បីមើល​ថែ​រក្សា​ និង​អប់រំ​ណែនាំ​ភិក្ខុ សាមណេរ និង​សិស្សា​នុសិស្ស​ ព្រម​ទាំង​កុមារ​ ឬ​កុមារ​កំព្រាគ្មាន​ទី​ពឹង​ ដែល​មក​ស្នាក់អាស្រ័យ​នៅ​ក្នុង​វត្ត​ជា​មួយ​ព្រះ​សង្ឃ ប្រកប​ដោយព្រហ្ម​វិហារ​ធម៌​ទាំង​៤។ ​ នេះ​ជា​​សេចក្ដី​ប្រគេន​ដំណឹងរបស់​ គណៈ​សង្ឃ​នាយក នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ​​


សម្ដេច​ព្រះ​ពុទ្ធជ័យ​មុនី ឃឹម សន ព្រះ​ប្រធាន​លេខាធិការ​ដ្ឋាន​គណៈ​សង្ឃ​នាយក​ បាន​មាន​ព្រះ​បន្ទូល​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា សេចក្ដី​ប្រគេ​ន​ដំណឹង​នេះ ជា​ការ​ក្រើន​រំ​លឹក​បន្ថែម​ ដល់ ព្រះ​មេគណ ព្រះ​អនុគណ ព្រះ​ចៅ​អធិការ និង​អ្នក​គ្រប់​គ្រង​តាម​វត្ត​ទាំង​អស់ នៅទូទាំង​ប្រទេស​កម្ពុជា ឱ្យ​គ្រប់​គ្រងនិង​អប់រំ​ បុគ្គលសង្ឃ និងក្មេងៗឱ្យ​បាន​​ល្អ​ ​ ដោយ​ប្រាស​ចាក​ពី​អំពើ​ហិង្សា​ទាំង​ពួង​។ 
 
ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​បន្ថែម​ថា គ្រប់​វត្ត​​ត្រូវ​គ្រប់​គ្រង​ និង​ចិញ្ចឹមពួកគេ ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ ដោយ​​អប់​រំ​ប្រកប​ដោយ​សេចក្ដី​សន្តោស​ មេត្តា​ករុណា មុទិតា ​ឧបេក្ខា និង​ការ​អត់​ឱន ដើម្បី​ឱ្យ​អ្នក​មក​ស្នាក់​អាស្រ័យ​នោះ​ មាន​ភាព​កក់​ក្ដៅ និង​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ​​ជ្រៅ​ជ្រះ​ ទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​។ 
 
ព្រះ​អង្គ​ ឃឹម សន មាន​ព្រះ​បន្ទូល​បញ្ជាក់​៖«កន្លង​មក​​មាន​កើត​ខ្លះ​ៗដែរ​ អំពី​ការ​អប់​រំក្នុង​វត្ត​​ដោយប្រើ​​អំពើរ​ហិង្សា ដូច្នេះ​គណសង្ឃនាយក​​ ចង់​ឱ្យ​មាន​ការ​អប់​រំ​ដោយ​មេត្តា និង​ព្រហ្ម​វិហា​ធម៌​​​ចំពោះ​ភិក្ខុ សាមណេរ និង​សិស្សានុសិស្ស​ ព្រះ​ទាំង​កុមារ​ ដែល​ស្នាក់​នៅ​ក្នុង​វត្ត»​។ 
 
សេចក្ដី​ប្រគេន​ដំណឹង​​របស់​គណៈ​សង្ឃ​នាយក​ ក៏​បាន​សង្កត់​ធ្ងន់​ថា គ្រប់​វត្ត​ត្រូវ​ចៀស​វាង​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​​គ្រប់​ទម្រង់​ គោរព​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ភិក្ខុ សាមណេរ និង​សិស្សានុសិស្ស ព្រម​ទាំង​កុមារឬ​កុមារ​កំព្រាគ្មាន​ទី​ពឹង​។ មិនត្រូវ​​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ផ្លូវ​ភេទ ឬ​អាកប្បកិរិយា​ជំរុញ​ផ្លូវ​ភេទ ​។ មិន​ត្រូវ​ប្រើ​ឱ្យ​ធ្វើ​ការ​ងារ​ណា​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​អភិវឌ្ឍ។
 
មិនត្រូវ​​ពាក់​ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច និងត្រូវដាក់​ទណ្ឌកម្ម​ដោយ​យក​ធម៌​វិន័យ​ ជំនួស​ឱ្យ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​រូប​ភាព និង​គ្រប់​ទម្រង់​ លើ ភិក្ខុ សាមណេរ និង​សិស្សានុសិស្ស ព្រម​ទាំង​កុមារ​ ឬកុមារ​កំព្រា​គ្មាន​ទី​ពឹង៕​


 

Tag:
 សាសនា​
  គណៈ​សង្ឃ​នាយក​
  ភិក្ខុ
  សាមណេរ
  សង្ឃ
  វត្ត​
  ព្រះ​ពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com