COVID-19
ជាតិ
កូវីដ-១៩៖ សិស្សខ្លះ បោះបង់ការសិក្សា ដោយសារសាលារៀនបិទទ្វារយូរ
09, Sep 2021 , 8:59 am        
រូបភាព
សកម្មភាពសិស្សកំពុងសិក្សាថ្ងៃ​ទី​៩កញ្ញា ឆ្នាំ២០២០ ក្រោយ​បិទ​ទ្វារ​អស់​រយៈ​ពេល​៦ខែ​ដោយ​សារ​កូវីដ១៩។ រូបភាពដោយ ថ្មីៗ
សកម្មភាពសិស្សកំពុងសិក្សាថ្ងៃ​ទី​៩កញ្ញា ឆ្នាំ២០២០ ក្រោយ​បិទ​ទ្វារ​អស់​រយៈ​ពេល​៦ខែ​ដោយ​សារ​កូវីដ១៩។ រូបភាពដោយ ថ្មីៗ
ជិត២ឆ្នាំហើយ ដែលកូវីដ-១៩ រីករាលដាលនៅកម្ពុជា និងពិភពលោក ។ កូវីដ-១៩ អូសបន្លាយយូរនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ និងអប់រំជាដើម។ដើម្បីទប់ស្កាត់ជំងឺនេះ រដ្ឋាភិបាល បានសម្រេចផ្អាក និងបិទទីតាំងជាច្រើន ក្នុងនោះមានទាំងសាលារៀនផង។ វិធានការរដ្ឋាភិបាល ជារឿងមួយល្អ ប៉ុន្តែវាក៏ជះផលអវិជ្ជមានដល់ការអប់រំសិស្សដែរ។ សិស្សខ្លះ បានសម្រេចចិត្តបោះបង់ការសិក្សា ដោយសារសាលារៀនបិទទ្វារយូរពេក រួមទាំងផ្លូវអារម្មណ៍ផ្ទាល់ខ្លួន។



ដ្បិតសាលារៀនបិទទ្វារយូរក្តី ក៏រដ្ឋាភិបាលបានគិតគូរដល់ការអប់រំសិស្សដែរ។ ប្រមុខរដ្ឋាភិបាល តាមរយៈការក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យមានការបង្រៀន និងសិក្សាតាមអនឡាញ ដើម្បីជំនួសឲ្យការសិក្សាផ្ទាល់ នៅក្នុងថ្នាក់រៀន ចៀសវាងការឆ្លងជំងឺកូវីដ-១៩។ តែការសិក្សាតាមអនឡាញ អាចផ្តល់ភាពងាយស្រួល ដល់សិស្សនៅទីក្រុង ជាងសិស្សនៅជនបទ ជាពិសេសតំបន់ដាច់ស្រយ៉ាល។

 
ដោយសារផលលំបាកនៅក្នុងការសិក្សាតាមរយៈអនឡាញនេះ ទើបធ្វើឲ្យយុវតី ចាន់ថាន់ តន់ សម្រេចបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ នៅឆ្នាំ២០២១។ យុវតីវ័យ១៨ឆ្នាំ រស់នៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរីរូបនេះ បានអះអាងថា ខ្លួនពិបាកសិក្សាតាមប្រព័ន្ធអនឡាញ ដោយសារគ្មានសេវាអ៊ិនធឺណិតគ្រប់គ្រាន់ និងតាមមិនទាន់មេរៀនគ្រប់ចំណុច ដែលគ្រូបង្រៀនតាមបច្ចេកវិទ្យាមួយនេះ។ យុវតីរូបនេះ បានអះអាងទៀតថា ខ្លួនឈប់រៀននេះ ក៏មិនមែនមកពីបញ្ហាជីវភាពអ្វីដែរ ។ 
 
យុវតី ចាន់ថាន់ តន់ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា៖« (សេវាអ៊ីនធឺណិត)វារអាករអួល សេវាពិបាករៀន។ បើផ្ទះយើងអត់សេវា វាពិបាកទៅរកនៅផ្ទះគេ ហើយពេលភ្លៀងកាន់តែពិបាកទៀត។ កុំអីខ្ញុំមិនឈប់រៀនត្រឹមនេះទេ តែដោយសារបញ្ហាកូវីដ-១៩ហ្នឹង វាមិនអាចទៅរួច។ ហេតុនេះក៏សម្រេចចិត្តថាឈប់ ហើយណាមួយខ្ញុំមានការងារផង»។ 
 
បញ្ហារៀនអនឡាញជារឿងមួយប៉ុណ្ណោះ ប៉ុន្តែយុវតីវ័យ១៨ឆ្នាំរូបនេះ ហាក់ដូចជាសម្អាងលើការងារខ្លួន ដែលជាគ្រូបង្រៀន កម្រិតត្រឹមថ្នាក់មតេ្តយ្យនៅក្នុងភូមិនោះ ទើបឈានដល់ការសម្រេចបោះបង់ការសិក្សានេះ។
 
ផ្ទុយពី ចាន់ថាន់ តន់ ! យុវតី ចាន់ថា សេងហុង ក៏បានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៨ដែរ ដោយសារបញ្ហាជីវភាព ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ទើបធ្វើឲ្យចំណូលគ្រួសារធ្លាក់ចុះ។ សេងហុង ​បានរៀបរាប់ទាំងក្រៀមក្រំថា៖« ខ្ញុំឈប់រៀន ដោយសារឃើញពួកគាត់(ឪពុកម្ដាយ)ពិបាកពេក។ តាំងពីមានកូវីដមក រកមិនសូវបានដូចមុនទេ។ រាល់ថ្ងៃលក់ទឹកកកនៅផ្ទះ ថ្ងៃខ្លះលក់មិនដាច់ ហើយថ្ងៃខ្លះក៏លក់ដាច់។ បើ ប៉ា ដឹកលក់តាមរឺម៉ក់វិញ បានមួយថ្ងៃ ៧ទៅ ៨ម៉ឺនទេ។ ចំណែកចំណាយវិញ វាច្រើនត្រូវបង់ថ្លៃផ្ទះផង ថ្លៃភ្លើង ក៏ថ្លៃទៀត ហើយនៅចំណាយប្រចាំថ្ងៃផង»។ 
 
យុវតីវ័យ១៧ឆ្នាំរូបនេះ បានចូលធ្វើការជាកម្មករក្នុងរោងចក្រផលិតទឹកត្រីមួយ នៅតាមបណ្តោយផ្លូវជាតិលេខ២ កាលពីខែមេសា ២០២១ ។ ប៉ុន្តែរូបនាង បានឈប់ធ្វើការវិញ នៅក្នុងខែកញ្ញានេះ។ 
 
កត្តាជីវភាព បានធ្វើឲ្យក្មេងស្រីរូបនេះ ហាក់មិនចង់ត្រឡប់ទៅសាលារៀនវិញឡើយ ។ «សង្ឃឹមថាអាចចូលធ្វើការកន្លែងថ្មី ដើម្បីជួយដោះស្រាយបញ្ហាចំណាយរបស់គ្រួសារ។ បងប្អូនទាំង៣នាក់របស់ខ្ញុំបានសម្រេចចិត្តបោះបង់ការសិក្សា ដើម្បីជួយសម្រាលបន្ទុកឪពុកម្តាយ»។ នេះបើតាមយុវតី សេងហុង។
 
មិនមែនតែសិស្សជួបការលំបាក ក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ សូម្បីតែគ្រូបង្រៀន ក៏ពិបាកតាមដានការសិក្សារបស់សិស្សដែរ។ ជាគ្រូបង្រៀនមុខវិជ្ជាជីវៈម្នាក់ នៅសាលាវិទ្យាល័យបាក់ទូក អ្នកគ្រូ កែវ យុទ្ធារី ទទួលស្គាល់ថា សិស្សរៀនតាមអនឡាញ ទទួលបានចំណេះវិជ្ជាតិចតួចណាស់ មិនដូចការរៀននៅសាលាផ្ទាល់ឡើយ។
 

សកម្មភាពសិស្សកំពុងសិក្សាថ្ងៃ​ទី​៩កញ្ញា ឆ្នាំ២០២០ ក្រោយ​បិទ​ទ្វារ​អស់​រយៈ​ពេល​៦ខែ​ដោយ​សារ​កូវីដ១៩។ រូបភាពដោយ ថ្មីៗ
 
គ្រូបង្រៀនសិស្សថា្នក់ទី១១ និងថ្នាក់ទី១២ រយៈពេល៣០ឆ្នាំរូបនេះ បានិយាយដូច្នេះថា៖« វាពិបាកណាស់ក្នុងការបង្រៀនតាមអនឡាញ។ យើងមើលមិនដឹងថាគាត់ចេះ ឬមួយមិនចេះទេ ព្រោះរៀនពីចម្ងាយ ហើយយើងអត់ដឹងទេថាគាត់យកចិត្តទុកដាក់បានប៉ុន្មានទេ ចឹងវាពិបាក»។ 
 
បើតាមអ្នកគ្រូ យុទ្ធារី សិស្សដែលរៀនតាមអនឡាញនៅម៉ោងអ្នកគ្រូ មានចំនួន២០នាក់ជាមធ្យម។ 
 
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកដំណើរការសាលារៀន តាំងពីខែមីនា ឆ្នាំ២០២០មក បានប៉ះពាល់ដល់ការសិក្សារបស់សិស្ស ជាង៣.២លាននាក់។ ចំពោះការអប់រំតាមប្រព័ន្ធអនឡាញនេះ អាចធានាបាននូវសិស្សមួយចំនួន ដែលបន្តការសិក្សាតាមរយៈសេវាកម្មទាំងនេះ ប៉ុន្តែវានៅតែមិនអាចជំនួសការសិក្សានៅក្នុងថ្នាក់ដោយផ្ទាល់ទេ។ នេះបើតាមលោក Foroogh Foyouzat អ្នកតំណាងឲ្យអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលមិនទាន់មានតួលេខសិស្សបោះបង់ការសិក្សាឡើយ។
 
លោក Foroogh Foyouzat បានបន្ថែមថា ការសិក្សាតាមប្រព័ន្ធអនឡាញ នៅតែមិនមានភាពស្មើគ្នា ចំពោះកុមារ ក្នុងនោះកុមារដែលជាជនពិការ ,កុមារដែលជាជនចំណាកស្រុក និងកុមារជនជាតិភាគតិចជាដើម ដែលកំពុងតស៊ូនឹងភាពខ្វះខាតនៃការអប់រំពីចម្ងាយនេះ។
 
តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជារូបនេះ បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «ការបិទសាលារៀនទាំងនេះ ក៏បានបង្កឲ្យមានការកាត់បន្ថយសកម្មភាពរាងកាយ ទម្លាប់បរិភោគមិនត្រឹមត្រូវ និងការរំខានការគេង។ មិនតែប៉ុណ្ណោះ វាក៏បានប៉ះពាល់ដល់សមត្ថភាពរបស់ឪពុកម្ដាយ និងអ្នកមើលថែជាច្រើន ជាពិសេសដល់ស្ត្រី ក្នុងការធ្វើការ ដោយបានកាត់បន្ថយការទទួលទានអាហារមានជីជាតិសម្រាប់កុមារជាច្រើន។ ពេលវេលាច្រើនសម្រាប់នៅផ្ទះ បានបង្កើននូវហានិភ័យនៃអំពើហិង្សាក្នុងគ្រួសារសម្រាប់កុមារមួយចំនួន ដូចគ្នា ទៅនឹងការចំណាយពេលវេលាច្រើននៅមុខអេក្រង់ បង្កឲ្យមានហានិភ័យខ្ពស់នៃបណ្ដាញអនឡាញ»។ 
 
បើតាមលោក Foroogh Foyouzat ការបិទសាលារៀននេះបង្កឲ្យមានការរំលោភបំពាន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តសិស្សទៀតផង។
 
កាលពីថ្ងៃទី៣១ សីហាកន្លងមក សម្តេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញ នៅកន្លែងណា ដែលគ្មានហានិភ័យឆ្លងជំងឺកូវីដ-១៩។​ ​
 
បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេច ហ៊ុន សែន នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​បានកំណត់ឲ្យសាលារៀនគ្រប់កម្រិត នៅតាមបណ្តាខេត្តដែលគ្មានហានិភ័យ ឬមានកម្រិតឆ្លងជំងឺកូវីដ-១៩ទាប រៀបចំឲ្យមានសិស្សតិចជាង១៥នាក់ ​ក្នុងមួយថ្នាក់។
 
លោក Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា គាំទ្រ ការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបើកសាលារៀនឡើងវិញ ដោយសុវត្ថិភាពជាជំហានៗនេះ ។« យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល មានគ្រូជាង ៨០%ហើយ ដែលបានចាក់វ៉ាក់សាំង។ ការបើកសាលារៀនឡើងវិញដែលប្រកបដោយសុវត្ថិភាព នឹងមានផលវិជ្ជមានស្ទើរតែទាំងស្រុង ដែលអាចកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការបិទសាលាយូរ»។ នេះបើតាមតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា៕
 
 
 

Tag:
 ថ្មីៗ
  ក្រសួងអប់រំ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com