COVID-19
អន្តរជាតិ
ឥណ្ឌា រឹតត្បិតពិធីបុណ្យសាសនាដ៏ធំមួយ ព្រោះបារម្ភពីការរីកសាយជំងឺកូវីដ-១៩
09, Sep 2021 , 10:20 am        
រូបភាព
ប្រជាជនឥណ្ឌានៅក្នុងផ្សារមួយកន្លែង។_រូបភាព៖_Reuters
ប្រជាជនឥណ្ឌានៅក្នុងផ្សារមួយកន្លែង។_រូបភាព៖_Reuters
អាជ្ញាធរឥណ្ឌា កំពុងចាត់វិធានការរឹតបន្តឹងលើពិធីបុណ្យសាសនាធំមួយ ដែលគ្រោងចាប់ផ្តើមនៅសប្តាហ៍នេះ។  ពិធីបុណ្យសាសនាដ៏ធំនោះ អាចទាក់ទាញមនុស្សជាច្រើនឱ្យចួលរួម ខណៈរដ្ឋាភិបាលឥណ្ឌាកំពុងព្រួយបារម្ភពី ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីក្រុងMumbai ក៏ដូចជានៅទីក្រុងផ្សេងទៀតជាថ្មី។

 
មួយរយៈមុន ឥណ្ឌាបានរងគ្រោះ ដោយសារជំងឺកូវីដ-១៩ យ៉ាងខ្លាំង។ ករណីឆ្លងហក់ឡើងដល់ជាង ៤០ម៉ឺនករណីក្នុងមួយថ្ងៃ ស្របពេលវីរុសបង្កជាជំងឺកូវីដ-ទម្រង់ដែលតា កំពុងរីកសាយ។ អ្នកស្លាប់ដោយសារជំងឺមួយនេះ មានជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ។ ករណីផ្ទុះឡើងនេះ កើតមានបន្ទាប់ពីប្រជាជនឥណ្ឌាប្រមាណ២៥លាននាក់ បានចូលរួមក្នុងពិធីបុណ្យ Kumbh Mela។ 
 
ដោយព្រួយបារម្ភពីករណីឆ្លងផ្ទុះឡើងម្តងទៀត អាជ្ញាធរឥណ្ឌា បានរឹតបន្តឹងលើពិធីបុណ្យសាសនាដ៏ធំមួយ។ «រលកឆ្លងលើកទី៣ នៃជំងឺកូវីដ-១៩ មិនទាន់មកដល់ឡើយ តែវាបានកើតឡើងហើយ។ អភិបាលក្រុងMumbai លោក Kishori Pednekar បានប្រាប់អ្នកកាសែតបែបនេះ នៅថ្ងៃទី ៨ ខែកញ្ញា។ ស្របគ្នានេះ លោក Uddhav Thackeray ដែលប្រធានរដ្ឋមន្រ្តីនៅរដ្ឋ Maharashtra ក៏បានលើកឡើងថា៖ «យើងអាចប្រារព្ធពិធីបុណ្យនៅពេលក្រោយ ខណៈពេលនេះយើងយកចិត្តទុកដាក់លើជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋយើងជាមុនសិន»។
 
ពិធីបុណ្យដែលមន្ត្រីជាន់ខ្ពស់ឥណ្ឌាទាំងពីរបានលើកឡើងខាងលើ សំដៅលើពិធីបុណ្យ Ganesh Chaturthi ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ និងត្រូវប្រារព្ធឡើងរយៈពេល១១ថ្ងៃ។ 
 
បើទោះបីជាមានការហាមប្រាមពីអាជ្ញាធរក្តី ប្រជាជនជាច្រើន បានចាប់ផ្តើមប្រមូលផ្តុំនៅតាមផ្សារនៅក្នុងរដ្ឋ Maharashtra និងរដ្ឋដទៃទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមិនអើពើនឹងការព្រមានរបស់អាជ្ញាធរឡើយ។ ក្នុងពិធីបុណ្យនៅថ្ងៃទី១០ខាងមុខនេះ អាជ្ញាធររដ្ឋ Maharashtra នឹងហាមឃាត់ការហែក្បួននៅថ្ងៃដំបូង និងចុងក្រោយនៃពិធីបុណ្យន ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
 
ចំណែកនៅទីក្រុង Nagpur នៃរដ្ឋ Maharashtraវិញ ការរឹតត្បិតលើការធ្វើដំណើរ និងសកម្មភាពមួយចំនួន អាចនឹងដាក់ចេញនៅក្នុងសប្តាហ៍នេះ ខណៈករណីឆ្លងជំងឺកូវីដ-១៩ ក្នុងទីក្រុង បានកើនឡើង។ រដ្ឋផ្សេងៗទៀតនៅឥណ្ឌា ក៏ត្រៀមដាក់ចេញនូវវិធានការណ៍ ដើម្បីរឹតត្បិតការប្រារព្ធពិធីបុណ្យនេះផងដែរ ដោយរដ្ឋខ្លះបានកាត់បន្ថយចំនួនថ្ងៃនៃការប្រារព្ធពិធីបុណ្យមកត្រឹម៩ថ្ងៃ និងរដ្ឋខ្លះទៀតបានហាមការប្រារព្ធពិធីបុណ្យនេះទាំងស្រុងតែម្តង។
 
សូមបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសមួយដែលមានករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ ដោយឈរនៅលំដាប់ទី ២លើពិភពលោក បន្ទាប់ពីអាមេរិក ដែលមានករណីឆ្លងជាង ៣៣ លានករណីនិង ចំនួនអ្នកស្លាប់ជាង ៤៤ ម៉ឺននាក់។ លើសពីនេះទៀត អត្រាប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩មានត្រឹមតែជាង ១២ ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប៕

Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com