ជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូងផ្តល់ជំនួយ ជាង៣លានដុល្លារដល់ក្រសួងកសិកម្ម ដើម្បីអភិវឌ្ឍការដាំបន្លែនៅមណ្ឌលគិរី
09, Sep 2021 , 11:16 am        
រូបភាព
 រូបតំណាង៖ លោកវេង សាខុន រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យចម្ការស្ពៃក្ដោបមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ថ្ងៃទី២៨កក្កដា ២០២០
រូបតំណាង៖ លោកវេង សាខុន រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យចម្ការស្ពៃក្ដោបមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ថ្ងៃទី២៨កក្កដា ២០២០
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបានជំនួយជាង៣លានដុល្លារ ពីរ សាធារណរដ្ឋកូរ៉េ ​សម្រាប់អភិវឌ្ឍការដាំដុះបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់​នៅខេត្តមណ្ឌលគិរី។បើតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កញ្ចប់ថវិកានេះគឺសម្រាប់អនុវត្តគម្រោងក្នុងរយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤។

 
ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានកសិកម្ម ត្រៀមអនុវត្ត គម្រោង«Demonstration and Value ChainLinkage of High Value Vegetables Production Mountainous Areas of Cambodia» ក្រោមជំនួយបច្ចេកទេស និងថវិកាសរុប៣,៣លានដុល្លារពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជំរុញផលិតកម្មដំណាំបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។
 
បើតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មគម្រោងដែលមានរយៈពេល៤ឆ្នាំនេះ នឹងជួយបង្កើនជីវភាពរស់នៅរបស់កសិករ តាមរយៈការអភិវឌ្ឍប្រព័ន្ធផលិតកម្មគ្រាប់ពូជដំឡូងបារាំង។លោកបានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ នឹងបង្ហាញពីផលិតកម្មគ្រាប់ពូជដំណាំបន្លែ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ចំនួន៤មុខនៅខេត្តមណ្ឌលគិរី​ ដោយក្នុងនោះមាន៖ ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណានិងដំឡូងបារាំង។ ​
 
«គម្រោងនេះពិតជាមានសារសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍ និងពង្រឹងអនុវិស័យដំណាំបន្លែ​។ ជាពិសេសប្រភេទដំណាំបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅក្នុងរដូវកាលក្រខ្សត់ តាមរយៈការកំណត់ប្រតិទិនដាំដុះដំណាំបន្លែមួយឆ្នាំពេញឱ្យបានច្បាស់លាស់»។ លោក ងិន ឆាយ បាននិយាយដូច្នេះនៅចំពោះមុខ លោក Park Kiwook ប្រធានក្រុមជំនាញការនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៨កញ្ញា ឆ្នាំ២០២១។​ 
 


 លោក ងិន ឆាយ​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឱកាសពិភាក្សាការងារជាមួយអ្នកជំនាញការរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៨កញ្ញា ឆ្នាំ២០២១

ជាមួយគ្នានេះ លោក ក៏បានស្នើដល់លោក Park Kiwook ឱ្យពិចារណាលើការរៀបចំខ្សែច្រវាក់ផលិតកម្មដំណាំបន្លែដែលពេញលេញមួយនិងការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មនោះដើម្បីបង្កើតបានជាគំរូផលិតកម្មដំណាំបន្លែក្នុងលក្ខខណ្ឌសមសមស្របណាមួយជាពិសេសសម្រាប់ខេត្តមណ្ឌលគិរី ដែលជាខេត្តគោលដៅគម្រោង។ ជាការឆ្លើយតបក្រុមការងាររបស់ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមនឹងសំណើររបស់លោក ងិន ឆាយ ផងដែរ។ 
 
 
 
កាលឆ្នាំ២០២០ កម្ពុជាមានតម្រូវការបន្លែជាង១០៤ម៉ឺនតោន ដោយនៅក្នុងនោះមានបន្លែជិត៣៣ម៉ឺនតោន (៣២ភាគរយ)ត្រូវនាំចូលពីបរទេសដើម្បីបំពេញតម្រូវទីផ្សារក្នុងស្រុកសរុប។ បន្លែដែលនាំចូលកម្ពុជាមានភាគច្រើនគឺ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ជាដើម។នេះ​បើតាម​ការប៉ាន់ស្មាន​តម្រូវការ និង​ការផ្គត់ផ្គង់​បន្លែ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០របស់​អគ្គនាយកដ្ឋាន​កសិកម្ម រួមទាំង​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការគ្រប់គ្រងនិង​ការផ្គត់ផ្គង់​ផលិតផល​កម្ម​កម្មដែល​ក្រសួងកសិកម្ម​រាយការណ៍​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ 
 
 
 
 

Tag:
 កសិកម្ម
  បន្លែ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com