ជាតិ
សង្គមជាតិ
ជំនួយការនាយករដ្ឋមន្ត្រី៖«យើង ត្រូវឈប់ធ្វើរបាយការណ៍កុហកសម្តេច ទើបអាចដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបាន»
09, Sep 2021 , 12:50 pm        
រូបភាព
លោក ដួង ដារ៉ា ថតជាមួយសម្តេច ហ៊ុន សែន កន្លងមក (រូបពីទំព័រហ្វេសប៊ុក Duong Dara)
លោក ដួង ដារ៉ា ថតជាមួយសម្តេច ហ៊ុន សែន កន្លងមក (រូបពីទំព័រហ្វេសប៊ុក Duong Dara)
លោក ដួង ដារ៉ា ជំនួយការផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរ ឬភាគីផ្សេងទៀត បញ្ឈប់ការធ្វើរបាយការណ៍ខុសការពិតក្នុងរឿងជម្លោះដីធ្លី ជូនទៅសម្តេច។ លោក យល់ថា លុះត្រាតែបញ្ឈប់ការធ្វើការរបាយការណ៍ខុសការពិត ទើបជម្លោះដី្លធ្លីរបស់ប្រជាពលរដ្ឋ អាចត្រូវបានដោះស្រាយបានឆាប់រហ័ស។



តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ដួង ដារ៉ា បានសរសេរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖«យើង ត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច​ ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ​ និង ចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ ស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»។

លោក ដួង ដារ៉ា អំពាវនាវឲ្យបញ្ឈប់ការធ្វើរបាយការណ៍ភូតកុហកសម្តេចនាយករដ្ឋមន្រ្តី នៅក្នុងសំណេររបស់លោក ដែលសរសេរលើទំព័រហ្វេសប៊ុក រៀបរាប់ពីទំនាស់ដី្លធ្លីមួយករណី ក្នុងខេត្តបន្ទាយមានជ័យ។ ទំនាស់ដីធ្លីនោះ គឺកើតឡើងរវាងកូនស្រី និងម្តាយ។ លោក អះអាងថា កូនស្រីនោះ រស់នៅឯប្រទេសបារាំង ហើយបានផ្ញើប្រាក់ឲ្យម្តាយនៅកម្ពុជា ដើម្បីជួយទិញដីឲ្យ។ បើតាមសំណេររបស់លោក ទំនាស់នេះ កើតឡើង គឺដោយសារម្តាយ មិនចង់ប្រគល់ដីឲ្យកូន។

លោក បន្តថា ក្រោមការសម្របសម្រួលរបស់លោក និង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុងក្រោយ ទំនាស់ដីធ្លីនេះ ក៏ឈានដល់ការដោះស្រាយបាន ដោយកូនស្រី បានទទួលប្លង់រឹងលើដីធ្លី២កន្លែង ហើយកូនស្រីនោះ ក៏បានជូនថវិកាមួយចំនួន ទៅម្តាយផងដែរ ពេលទទួលបានប្លង់រឹង។ លោក បញ្ជាក់ថា៖«ពេលនេះអ្វីៗបានត្រឡប់មករកផ្លូវល្អវិញហើយ ក្រោមដំណោះស្រាយឈ្នះឈ្នះតេជោ»។

និយាយពីរឿងដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ លោក ដួង ដារ៉ា មិនភ្លេចគុណូបការៈរបស់សម្តេច ហ៊ុន សែន នោះទេ។ លោក  អរគុណសម្តេច ដែលបានផ្តល់ឱកាសឲ្យលោក បានជួយដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ។ សម្រាប់លោក សម្តេចនាយករដ្ឋមន្រ្តី គឺជាមេដឹកនាំ ដែលមានព្រហ្មវិហារធម៌ និងក្តីសន្តោសចំពោះប្រជាពលរដ្ឋទាំងក្នុងប្រទេស ទាំងនៅក្រៅប្រទេស តួយ៉ាង ដូចករណីខាងលើនេះជាឧទាហរណ៍ស្រាប់៕

Tag:
 វិវាទដីធ្លី
  ដួង ដារា
© រក្សាសិទ្ធិដោយ thmeythmey.com