អន្តរជាតិ
កូរ៉េខាងជើង រៀបចំក្បួនព្យុហយាត្រាយោធាអបអរ​​ថ្ងៃបង្កើតប្រទេស តែមិនបង្ហាញអាវុធធំដុំឡើយ
09, Sep 2021 , 3:44 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកដៃស្វាគមន៍អ្នកចូលរួមក្នុងពិធីអបអរថ្ងៃបង្កើតប្រទេស។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកដៃស្វាគមន៍អ្នកចូលរួមក្នុងពិធីអបអរថ្ងៃបង្កើតប្រទេស។ រូបថត KCNA
កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាមួយ ​នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ដើម្បីរម្លឹកខួបលើកទី ៧៣ នៃការបង្កើតប្រទេស។ មេដឹកនាំកំពូលលោក គីម ជុង​អ៊ុន ក៏មានវត្តមានក្នុងពិធីនេះដែរ តែមិនថ្លែងសុន្ទរកថាអ្វីឡើយ។ លើសពីនោះ កូរ៉េខាងជើង ក៏មិនបានបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីៗដូចសព្វដងដែរ។

 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ក្បួនព្យុហយាត្រាយោធារបស់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ត្រូវបានធ្វើឡើងនៅទីលាន គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាងដើម្បីប្រារព្ធខួបលើកទី ៧៣ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម​ ជុងអ៊ុន និងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត បង្ហាញមុខក្នុងពិធីដែលត្រូវមើលឃើញថា ធ្វើឡើងក្នុងទ្រង់ទ្រាយតូចពិធីកន្លងមក។
 
ទីភ្នាក់ងារព័ត៌មានដដែលរាយការណ៍ទៀតថា ព្យុហាយាត្រាពេលនេះ ដឹកនាំដោយកងឆ្មាំក្រហមពលករ និងកសិករ ដែលជាអង្គភាពការពារស៊ីវិល មិនមែនកងទ័ពធម្មតាឡើយ។ លោក គីម ជុងអ៊ុន មិនបានថ្លែងសុន្ទរកថាអ្វីឡើយក្នុងពិធីនេះ ដោយលោក ​Ri Il-hwan លេខាធិការម្នាក់របស់បក្សពលករកូរ៉េ ជាអ្នកថ្លែងជំនួស។​
 
«រដ្ឋាភិបាលនៃសាធារណរដ្ឋ នឹងការពារយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនយើង ហើយដោះស្រាយបញ្ហាតាមវិធីផ្ទាល់ខ្លួន ដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់យើង ឈរលើគោលការណ៍ខ្លួនទីពឹងខ្លួន និងអភិវឌ្ឍខ្លួនទោះក្នុងកាលៈទេសៈណាក៏ដោយ»។ KCNA ស្រង់សម្តីលោក Ri Il-hwan បែបនេះ។ លោក Ri បន្ថែមថា កូរ៉េខាងជើងនឹងបង្កើនកងទ័ពប្រជាជនដែលជាសសរទ្រូងក្នុងការការពាររដ្ឋតាមគ្រប់មធ្យោបាយ ផ្តល់អាទិភាពលើការផលិតអាវុធយុទ្ធសាស្ត្រនិងពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើងផងដែរ។​
 
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលកូរ៉េខាងជើង រៀបចំក្បួនព្យុហយាត្រាយោធានៅពេលយប់។ កាលពីខែមករាកន្លងទៅ​ ក្បួនព្យុហយាត្រាយោធាស្រដៀងគ្នានេះក៏បានកើតឡើងម្តងរួចហើយ​។ 
 
ក្បួនព្យុហយាត្រាយោធាត្រូវបានកូរ៉េខាងត្បូងនិងប្រទេសដទៃទៀតឃ្លាំមើលយ៉ាងដិតដល់ ព្រោះកន្លងមក ប្រទេសនេះតែងបង្ហាញអាវុធយុទ្ធសាស្រ្តថ្មីដែលខ្លួនបានអភិវឌ្ឍ​។ យ៉ាងណាមិញ ក្បួនព្យុហយាត្រាយោធាពេលនេះ មានលក្ខណៈតូច ហើយកូរ៉េខាងជើងមិនបានបង្ហាញអាវុធយុទ្ធភណ្ឌថ្មីណាមួយឡើយ៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com