អន្តរជាតិ
អតីតប្រធានាធិបតី ហ្កានី សុំទោសប្រជាជនអាហ្វហ្កានីស្ថាន ហើយស្ដាយមិនបានស្ដារស្ថិរភាពជាតិ
09, Sep 2021 , 4:48 pm        
រូបភាព
អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន អាស្ហរ៉ាហ្វ ហ្កានី ។ រូបថត Xinhua
អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន អាស្ហរ៉ាហ្វ ហ្កានី ។ រូបថត Xinhua
អតីតប្រធានាធិបតី អាស្ហរ៉ាហ្វ ហ្កានី  (Ashraf Ghani) នៅថ្ងៃទី៨ ខែកញ្ញា បានប្រកាសសុំទោស ប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ចំពោះការធ្វើឱ្យរដ្ឋាភិបាលដួលរលំ និងមិនបានផ្ដល់ស្ថិរភាពឱ្យ ប្រទេស។ លោក ហ្កានី នៅតែបដិសេធថា លោកមិនបានយកលុយរាប់លានដុល្លារតាមខ្លួននោះទេ។

 
«ការចាកចេញពីទីក្រុងកាប៊ុល ជាការសម្រេចចិត្តដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿជាក់ថា នេះជាវិធីតែមួយគត់ដើម្បីបញ្ឃប់ការបាញ់គ្នា និងជួយសង្គ្រោះទីក្រុងកាប៊ុល ក៏ដូចជាពលរដ្ឋ៦លាន នាក់»។ លោក អាស្ហរ៉ាហ្វ ហ្កានី បញ្ជាក់បែបនេះក្នុងសារលើបណ្ដាញសង្គម Twitter បែបនេះ។ លោកក៏ លើកឡើងថា លោកស​ម្រេចចិត្តចាកចេញតាមការជំរុញរបស់ក្រុមសន្តិសុខដែលអះអាងថា ប្រសិនបើលោកបន្តនៅ នោះនឹងមានការបង្ហូរឈាមដូចកាលពីសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
 
បន្ថែមពីនេះ លោក ហ្កានី បានកោតសរសើរចំពោះការលះបង់របស់កងទ័ពអាហ្វហ្កានីស្ថានដែលបាន ធ្វើសង្គ្រាមនៅក្នុងប្រទេសជាច្រើនឆ្នាំ។ តែលោកក៏សោកស្ដាយយ៉ាងខ្លាំងដែលមិនបានស្ដារស្ថានភាព ប្រទេសឱ្យមានស្ថិរភាពនិងការរីកចម្រើន ហើយត្រូវបានបញ្ចប់តំណែងដោយសង្គ្រាមដូចមេដឹកនាំ ប្រទេសមុនៗដែរ។ 
 
អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានរូបបេះ បានចាកចេញពីក្រុងកាប៊ុលនៅថ្ងៃទី១៥ ខែសីហា បន្ទាប់ពី ក្រុមតាលីបង់ចូលដល់ច្រកទ្វារទីក្រុងកាប៊ុល។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកាប៊ុលនៅ​ពេលនោះអះអាងថា លោក ហ្កានី បានចាកចេញជាមួយលុយនិងទ្រព្យសម្បត្តិជាច្រើនលានដុល្លារ ផងដែរ។ 
 
យ៉ាងណាមិញក្នុងសាររបស់ខ្លួន លោក ហ្កានី បានច្រានចោលម្តងទៀតចំពោះការចោទប្រកាន់ បែបនេះ។ លោកអះអាងថា ការចោទប្រកាន់នោះខុសទាំងស្រុង ហើយផ្ទុយទៅវិញការប្រឆាំងនឹង អំពើពុករលួយជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោកជាប្រធានាធិបតី។ 
 
បើតាមអតីតមេដឹកនាំរូបនេះ លោកនិងភរិយារបស់លោកផ្ទាល់ ធ្លាប់បានបង្ហាញពីចំនួនទ្រព្យសម្បត្តិ ទាំងអស់រួចមកហើយ។ លោកស្វាគមន៍ការស៊ើបអង្កេតលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយអង្គការសហ​ប្រជាជាតិ ឬស្ថាប័នឯករាជ្យណាមួយផងដែរ៕


 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com