អន្តរជាតិ
ចិនប្រកាសផ្តល់ជំនួយ៣១លានដុល្លារនិងវ៉ាក់សាំង៣លានដូសឱ្យអាហ្វហ្កានីស្ថាន
09, Sep 2021 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងមេដឹកនាំក្រុមតាលីបង់នាជំនួបកន្លងមក។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងមេដឹកនាំក្រុមតាលីបង់នាជំនួបកន្លងមក។ រូបថត Xinhua
ចិនប្រកាសនៅថ្ងៃទី៨ខែកញ្ញាថា ខ្លួននឹងផ្តល់ទឹកប្រាក់២០០លានយ័នដែលស្មើជាង៣១លានដុល្លារ ដល់អាហ្វហ្កានីស្ថានក្នុងការកសាងប្រទេសឡើងវិញ។ ជំនួយនេះក៏រួមបញ្ចូលស្បៀងអាហារ គ្រឿងបរិក្ខារចាំបាច់ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។


ការប្រកាសផ្ដល់ជំនួយ៣១លានដុល្លារ និងវ៉ាក់សាំង៣លានដូស បូកផ្សំគ្រឿងបរិក្ខារបន្ទាន់ជាច្រើនមុខ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ក្នុងជំនួបនៅថ្ងៃទី៨ ខែកញ្ញាជាមួយប្រទេសជាប់ព្រំដែនអាហ្វហ្កានីស្ថានមាន ប៉ាគីស្ថាន អ៊ីរ៉ង់ តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងតួកម៉េនីស្ថាន។
 
ក្នុងជំនួបនេះ លោក វ៉ាង អះអាងថា ចិននឹងធ្វើការជាមួយប្រទេសក្នុងតំបន់ដើម្បីជួយអាហ្វហ្កានីស្ថានកសាងសេដ្ឋកិច្ច និងប្រទេសឡើងវិញ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវក រនិងការជួញដូរគ្រឿងញៀនខុសច្បាប់ជាដើម។ ខណៈក្រុមតាលីបង់ប្រកាសពីសមាសភាពដឹកនាំរដ្ឋាភិបាលខ្លួន លោក វ៉ាង បានលើកឡើងថា នេះជាជំហានចាំបាច់ដែលអាហ្វហ្កានីស្ថានត្រូវធ្វើ។ លោកក៏បានណែនាំឱ្យក្រុមតាលីបង់បន្តស្តាប់ទស្សនៈផ្សេងគ្នាទាំងក្នុងនិងក្រៅប្រទេសក្នុងការដឹកនាំប្រទេសផង។
 
«ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រកាសរបស់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្កានីស្ថាន។ នេះគឺជាជំហានចាំបាច់មួយក្នុងការស្តារសណ្តាប់ធ្នាប់ក្នុងស្រុកនិងឆ្ពោះទៅរកការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម»។ លោក វ៉ាង ប្រាប់អ្នកកាសែតបែបនេះក្រោយជំនួបដដែល។
 
បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសចិន ក៏បានបង្ហាញឆន្ទៈរបស់ទីក្រុងប៉េកាំងក្នុងការរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីផងដែរ។ ចិនក៏បានអំពាវនាវម្តងហើយម្តងទៀតឱ្យក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករទាំងអស់ផងដែរ។
 
គួរបញ្ជាក់ថាចិនគឺជាប្រទេសដំបូងដែលប្រកាសផ្តល់ជំនួយដល់អាហ្វហ្កានីស្ថាន ក្រោយពេលក្រុមតាលីបង់បានឡើងកាន់អំណាច។ កន្លងមក បើទោះបីជាមានភាពវឹកវរនៅអាហ្វហ្កានីស្ថានក្តី ចិននៅតែបន្តរក្សាទំនាក់ទំនងទូតខ្លួននៅទីក្រុងកាប៊ុលមកទល់នឹងពេលនេះ។
 
ទន្ទឹមនឹងនេះដែរ មន្រ្តីតាលីបង់ម្នាក់បានលើកឡើងថា ចិនថាជាដៃគូដ៏សំខាន់បំផុតរបស់អាហ្វហ្គានីស្ថានក្នុងការស្តារប្រទេស ហើយសង្ឃឹមថាចិនអាចដាក់ការវិនិយោគ និងការគាំទ្រជាច្រើនមកអាហ្វហ្កានីស្ថាន៕
 
 

Tag:
 ចិន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com