ជាតិ
អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ដើម្បីរក្សាសុវត្ថិភាព
09, Sep 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទូកអ្នកនេសាទ និងទូកដឹកភ្ញៀវទេសចរណ៍ធ្វើដំណើរលើផ្ទៃសមុទ្រនៅក្នុងខេត្តព្រះសីហនុ ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីការពារសុវត្ថិភាព ខណៈកម្ពុជាកំពុងរងសម្ពាធពីប្រព័ន្ធសម្ពាធទាប ( ITCZ )និងវិសម្ពាធពីរទៀត។នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្ងៃទី៩ខែកញ្ញា។


លោក គួច ចំរើន បានប្រកាសផ្អាកការធ្វើដំណើរនៅលើលំហសមុទ្របណ្ដោះអាសន្ន សម្រាប់ទូកអ្នកនេសាទ ទូកកម្សាន្ត ឬទូកទេសចរណ៍ទាំងអស់ ដើម្បីចៀសវាសនូវគ្រោះថ្នាក់ដែលអាចបង្កឡើងជាយថាហេតុ។ 
 
« តាមព័ត៌មាននៅថ្ងៃនេះ គឺព្រឹកនេះតែម្តងអាចនឹងមានខ្យល់នឹងរលកសមុទ្រធំ។ ពាក់ព័ន្ធបញ្ហានេះ ខ្ញុំសុំស្នើឱ្យមានការផ្អាកការធ្វើទៅលើលំហសមុទ្រជាបន្តទៀត។ ចំពោះការងារទាក់ទងដឹកជញ្ជូនភ្ញៀវទាំងដីគោក និងដីកោះសូមមេត្តាផ្អាក ក្នុងនោះប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវចូលរួមផងដែរ»។នេះជាការពន្យល់របស់លោក គួច ចំរើន។ 
 
ក្រៅពីប្រព័ន្ធសម្ពាធទាប កម្ពុជាក៏រងសម្ពាធពីខ្យល់មូសុងនិរតី និងខ្យល់សមុទ្រ ( Sea Breeze ) ។ អភិបាលខេត្តព្រះសីហនុរូបនេះ ក៏បានបន្ថែមដូច្នេះ « បើមានអ្នកជាប់គាំនៅលើកោះ ក្នុងស្ថានភាពនេះសូមឱ្យពួកគេសង្កេតមើលនិងប្រើប្រាស់ពេលវេលាដែលស្ងប់ខ្យល់ នៅចន្លោះពីឬបីម៉ោងនោះ ដោះស្រាយតាមរំដោះខ្លួនតាមទិដ្ឋភាពជាក់ស្ដែង»។ 
 
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងស្ថានភាពនៃការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ក្រុមការងារមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេ ដោយសារត្រូវរង់ចាំ នឹងពិនិត្យមើលលើអាកាសធាតុជាប្រចាំ តាមលក្ខណៈបច្ចេកទេស។ 
 
« យើងមិនអាចកំណត់ថា នឹងត្រូវបិទប៉ុន្មានថ្ងៃទេ តែយើងប្រកាសផ្អាកសិន។ ជាក់ស្ដែងដោយសារស្ថានភាពអាកាសធាតុ ខេត្តបានផ្អាកការធ្វើចរាចរពីរថ្ងៃជាប់គ្នាហើយ»។នេះជាការពន្យល់របស់លោក ភារម្យ។ 


 
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុខាងលើ បានពន្យល់ថា ទាក់ទងនឹងស្ថានភាពនេះ ក្រុមការងារបានប្រកាសព័ត៌មានគ្រប់ផ្នែកដូចជា គេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្ត ប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញមន្រ្តីតាមទីតាំងទាំងអស់ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការងារ និងកាត់បន្ថយហានិភ័យឱ្យអស់ពីលទ្ធភាព។ 
 
លោកបានបញ្ជាក់ដូច្នេះ៖ « ទោះបីជាបានជូនដំណឹង និងផ្សព្វផ្សាយហើយក្តី ក៏អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្ត បានរៀបចំខ្លួនរួចជាស្រេច ដើម្បីប្រតិបត្តិការនៅពេលមានអាសន្ន ឬពលរដ្ឋត្រូវការជំនួយបន្ទាន់»។
 
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល, កោះកុង, កំពត, ព្រះសីហនុ និងខេត្តស្វាយរៀង អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨-១៤ កញ្ញា។ ដោយឡែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន៕


 

Tag:
 ក្រុងព្រះសីហនុ
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com