សង្គមអន្តរជាតិ
អន្តរជាតិ
ស្រីលង្កា ប្រាប់ស្ត្រីឱ្យពន្យារពេលមានផ្ទៃពោះ ដើម្បីបង្ការអត្រាស្លាប់បង្កដោយជំងឺកូវីដ-១៩ ប្រជាជនស្រីលង្កាមួយរូបទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ_១៩_។_រូបភាព៖ AFP
× ក្រសួងសុខាភិបាលស្រីលង្កា នៅថ្ងៃទី៩ ខែកញ្ញា បានជំរុញឱ្យស្ត្រីពន្យារពេលមានផ្ទៃពោះ ឬយកកូន ដើម្បីទប់ស្កាត់ហានិភ័យស្លាប់ ដោយសារជំងឺកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីមានផ្ទៃពោះ នៅស្រីលង្កា បានទទួលមរណភាពច្រើនជាង ៤០នាក់ ដោយសារតែជំងឺកូវីដ-១៩។
ស្រីលង្កា បានរាយការណ៍ស្ត្រីមានផ្ទៃពោះស្លាប់ដោយសារជំងឺកូវីដ-១៩ លើកដំបូង នៅក្នុងខែឧសភាកន្លងទៅ។ យ៉ាងណាមិញ មរណភាពរបស់ស្ត្រីមានផ្ទៃពោះ បានហក់ឡើងយ៉ាងខ្លាំង នៅរយៈពេល ៤ខែបន្ទាប់។ ទាក់ទិននឹងបញ្ហានេះ ស្រីលង្ការបានជំរុញឱ្យស្ត្រីពន្យារពេលមានផ្ទៃពោះ ដើម្បីការបន្ថយហានិភ័យមួយនេះ ស្របពេលវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា កំពុងតែរីកសាយនៅក្នុងប្រទេស។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នាយកការិយាល័យលើកកម្ពស់វិស័យសុខាភិបាលរបស់រដ្ឋាភិបាល អ្នកស្រី Chitramali de Silva បានអះអាងថា ក្នុងមួយឆ្នាំ ស្ត្រីមានផ្ទៃពោះ បានទទួលមរណភាពពី ៩០នាក់ ទៅ ១០០នាក់។ «ប៉ុន្តែចាប់តាំងពីផ្ទុះរលកឆ្លងលើកទី៣ មក យើងមានអ្នកស្លាប់ចំនួន ៤១នាក់ ដោយសារតែជំងឺកូវីដ-១៩ តែមួយមុខគត់»។ មន្ត្រីរដ្ឋាភិបាលស្រីលង្កា បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ដែលបានឆ្លងជំងឺកូវីដ-១៩ មានស្ត្រីចំនួន ៧០ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ។
ចំណែក លោក Harsha Atapattu អ្នកជំនាញផ្នែកស្ត្រីមានផ្ទៃពោះរបស់រដ្ឋាភិបាលដែនកោះមួយនេះ បានអំពាវនាវឱ្យ ប្រជាជនទើបរៀបការថ្មីៗ ក៏ដូចជាអ្នកចង់បានកូន ឱ្យពន្យារពេលមានផ្ទៃពោះរយៈពេល យ៉ាងហោចណាស់មួយឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ស្របគ្នានេះ អ្នកជំនាញផ្សេងទៀត ក៏បានទទូចឱ្យស្ត្រីមានផ្ទៃពោះទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរ ស្របវីរុសទម្រង់ដែលតា កំពុងអុកឡុក នៅក្នុងប្រទេស។
ចាប់តាំងពីខែសីហាមក រដ្ឋាភិបាលក្រុងកូឡុំបូ បានចេញវិធានការរឹតត្បិត ប៉ុន្តែវិធានការទាំងនោះ មិនតឹងរ៉ឹងឡើយ។ ប៉ុន្តែអង្គការសុខភាពពិភពលោក បានទទូចឱ្យប្រទេសមួយនេះ ចាត់វិធានការកាន់តែតឹងបន្ថែមទៀតរហូតដល់ខែតុលា។
មកទល់ពេលនេះ ស្រីលង្កា មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៤៧ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ១ម៉ឺននាក់៕
Tag:
ស្រីលង្កា
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com