អន្តរជាតិ
អគ្គលេខាធិការ UN ថា សហគមន៍អន្តរជាតិត្រូវតែរក្សាកិច្ចសន្ទនាជាមួយក្រុមតាលីបង់
10, Sep 2021 , 11:59 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានស្នើឱ្យសហគមន៍អន្តរជាតិរក្សាការសន្ទនាជាមួយក្រុមតាលីបង់ដើម្បីដោះស្រាយបញ្ហានៅអាហ្វហ្កានីស្ថាន។ ក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី៩ ខែកញ្ញា លោក ហ្គូតេរ៉េស ក៏ព្រមានដែរថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន នឹងបណ្ដាលឱ្យមានមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

 
«យើងត្រូវតែរក្សាការសន្ទនាជាមួយក្រុមតាលីបង់ ដោយយើងត្រូវបញ្ជាក់ពីគោលការណ៍របស់ ពួកយើងដោយផ្ទាល់ គឺជាកិច្ចសន្ទនាដែលយើងបញ្ជាក់ពីអារម្មណ៍ផ្សារភ្ជាប់ជាមួយប្រជាជាន អាហ្វហ្កានីស្ថាន»។ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស លើកឡើងបែបនេះក្នុងកិច្ចសម្ភាស ជាមួយទីភ្នាក់ងារព័ត៌មាន AFP ។
 
បើតាមលោកអគ្គលេខាធិការ កាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ ជាការផ្ដល់សាមគ្គីភាពដល់ប្រជាជនអាហ្វហ្កានីស្ថានដែលរងទុក្ខយ៉ាងខ្លាំង និងកំពុងប្រឈមវិបត្តិកង្វះអាហារ។ លោក ហ្កូតេរ៉េស អះអាងថា ក្រុមតាលីបង់ចង់បានការទទួលស្គាល់ និងការគាំទ្រផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ហើយពួកគេក៏ចង់ឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចចេញផងដែរ។ ត្រង់នេះ ប្រមុខ UN បញ្ជាក់ថា  លក្ខខណ្ឌនេះ អនុញ្ញាតឱ្យសហគមន៍អន្តរជាតិមានទឹកមាត់ប្រៃក្នុងការចរចាជាមួយក្រុមតាលីបង់។
 
យ៉ាងណាមិញ លោក ហ្គូតេរ៉េស បញ្ជាក់ថា ការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ និងការដកទណ្ឌកម្ម ចេញនោះ ជាការសម្រេចចិត្តរបស់សហគមន៍អន្តរជាតិទាំងមូលនោះ។ អ្វីដែលលោកលើកឡើងមក នេះ ត្រឹមជាវិធានការកំណត់គោលដៅដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ចអាហ្វហ្កានីស្ថានមានដង្ហើមដកឡើង វិញ។
 
ទោះជំរុញឱ្យមានការចរចា អគ្គលេខាធិការ UN រូបនេះ មិនអាចប៉ាន់ស្មាន ពីលទ្ធផលនៃកិច្ចសន្ទនាឡើយ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះត្រូវតែធ្វើឡើង ប្រសិនបើប្រទេសទាំងអស់មិនចង់ឱ្យ អាហ្វហ្កានីស្ថានក្លាយជាជម្រកនៃក្រុមភេរវករ និងក្លាយជាប្រទេសដែលគោរពសិទ្ធិមនុស្ស ជាពិសេស ស្ត្រីនិងកុមារី។
 
ក្រៅពីនេះ ប្រមុខ UN សញ្ជាតិព័រទុយហ្កាល់ ក៏ចង់ឃើញរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីដែលរួមបញ្ចូល តំណាងគ្រប់ផ្នែកទាំងអស់នៃសង្គម។ លោក ហ្គូតេរ៉េស សោកស្ដាយយ៉ាងខ្លាំងចំពោះការប្រកាសរបស់ក្រុមតាលីបង់អំពីរដ្ឋាភិបាលបណ្តោះអាសន្នដែលមាននាយករដ្ឋមន្រ្តីស្ដីទី Mullah Hassan Akhund ដែលត្រូវបាន UN អង់គ្លេស សហភាពអឺរ៉ុប ចាត់ទុកជាភេរវករមួយរូប៕
 

Tag:
 តាលីបង់
  អាហ្វហ្កានីស្ថាន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com