អន្តរជាតិ
លោក ស៊ី ប្រាប់លោក បៃឌិន៖ ចិន-អាម៉េរិកសហការគ្នា ពិភពលោកទៅមុខ, បើប្រជែងគ្នា ពិភពលោកជួបទុក្ខ
10, Sep 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានពិភាក្សាគ្នាតាមទូរស័ព្ទជាលើលើកដំបូងក្នុងរយៈពេល៧ខែជុំវិញទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។ មេដឹកនាំអាម៉េរិក និងចិន បានជជែកគ្នាលើបញ្ហារួមជាច្រើនដែលជាក្ដីបារម្ភរួមគ្នា។ ទាំងលោក ស៊ី ទាំងលោក បៃឌិន សុទ្ធតែយល់ស្របគ្នាថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជះឥទ្ធិពលខ្លាំងដល់កិច្ចការពិភពលោក។

 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ជិនភីង បានទទួលការហៅតាមទូរស័ព្ទពីសមភាគីអាម៉េរិក ចូ បៃឌិន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា។ មេដឹកនាំទាំងពីរបានពិភាក្សាពីយុទ្ធសាស្ត្រស៊ីជម្រៅ និង ទូលំទូលាយក្នុងទំនាក់ទំនងទ្វេភាគីចិន-អាម៉េរិក និងបញ្ហាពាក់ព័ន្ធដែលមានការព្រួយបារម្ភដូចគ្នា។ លោក ស៊ី សង្កត់ធ្ងន់ថា ទំនាក់ទំនងប្រទេសទាំងពីរមានសារសំខាន់ និងជាកត្តាកំណត់វាសនារបស់ ពិភពលោកនៅពេលអនាគត។ 
 
«នៅពេលចិន និងអាម៉េរិកសហការគ្នា ប្រទេសទាំងពីរ និងពិភពលោក នឹងទទួលបានប្រយោជន៍។ នៅពេលចិន និងអាម៉េរិកប្រឈមមុខគ្នា ប្រទេសទាំងពីរ និងពិភពលោកជួបទុក្ខភ័យ។» លោក ស៊ី ប្រាប់លោក បៃឌិន បែបនេះមុនបន្ថែមថា ការធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរដើរផ្លូវត្រូវ ពុំមែនជាជម្រើសឡើយ តែជាអ្វីដែលប្រទេសទាំងពីរត្រូវតែធ្វើ ហើយធ្វើឱ្យល្អប្រសើរថែមទៀត។
 
កិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំមហាអំណាចទាំងពីរ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងយ៉ាប់យ៉ឺន ដោយរដ្ឋបាលលោក បៃឌិន ហាក់ប្រកាន់ជំហររិះគន់ចិនលើបញ្ហាជាច្រើន។ លោក ស៊ី ប្រាប់លោក បៃឌិន ថា អាម៉េរិកបានប្រើប្រាស់គោលនយោបាយបរទេសគាបសង្កត់ ចិនដែលការណ៍នេះបណ្ដាលឱ្យទំនាក់ទំនងកាន់តែល្អក់កករតាមនោះ។ លោក ស៊ី ស្នើអាម៉េរិក ឱ្យគោរពផលប្រយោជន៍ទាំងសងខាង និងចូលរួមសហការដោះស្រាយបញ្ហាដែលមានជំហរស្របគ្នា។
 
ចំណែកក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានវិញ ប្រធានាធិបតីទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហា ដែលមានផលប្រយោជន៍រួមគ្នាផងដែរ។ លោក បៃឌិន ក៏យល់ព្រមជាមួយលោក ស៊ី ក្នុងការ ដោះស្រាយបញ្ហាតាមការពិភាក្សាត្រង់ៗ និងបើកចំហរ។
 
ក្នុងកិច្ចសន្ទនា៩០នាទីនេះដែរ មេដឹកនាំអាម៉េរិក ក៏ព្រមានពីការយល់ច្រឡំពីគោលបំណងរបស់គ្នាទៅវិញទៅមក ដែលនាំដល់ការប្រឈមមុខរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់របស់សេតវិមាន៕
 

Tag:
 ចិន
  អាម៉េរិក
  ស៊ី ជិនភីង
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com