ជាតិ
ទឹកទន្លេមេគង្គកំពង់ចាម នឹងបន្តហក់ឡើង តែមិនដល់កម្រិតប្រកាសអាសន្នទេ
10, Sep 2021 , 4:54 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម មានកម្ពស់៨,៩៧ម៉ែត្រ នៅថ្ងៃទី១០ កញ្ញា។ ស្ថានភាពទឹកនេះ នឹងបន្តឡើងទៀត ដល់ទី១៣ ខែកញ្ញា ប៉ុន្តែមិនទាន់ឈានដល់ការប្រកាសអាសន្នទេ ។ នេះបើតាមលោក ហ៊ុន សារី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

 
លោក ហ៊ុន សារី បានបញ្ជាក់ថា ស្ថានភាពទឹកនៅក្នុងទន្លេមេគង្គកំពង់ចាម នៅតែបន្តកើនឡើង ដោយសារស្ថានភាពទឹកហូរចេញពីប្រភពដើម នៃប្រទេសចិន ហូរចាក់មកជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យទន្លេមេគង្គផ្នែកខាងក្រោមត្រូវឡើងកម្ពស់ទឹកដែរ។
 
អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមរូបនេះ បញ្ជាក់ដូច្នេះ៖ « កម្ពស់ទឹកនៅថ្ងៃទី១១ អាចមានកម្ពស់៩,១៦ម៉ែត្រ ​ថ្ងៃទី១២ អាចកើនដល់៩,៣០ម៉ែត្រ និងថ្ងៃទី១៣ អាចកើនដល់កម្ពស់៩,៤៦ម៉ែត្រ មួយថ្ងៃអាចកើនពីចន្លោះពី០,១០ទៅ០,១៣ម៉ែត្រ។ ខ្ញុំយោងតាមរបាយការរបស់ក្រសួង ។ តែបើស្ថានភាពជាក់ស្ថែង ខ្ញុំនឹងក្រុមការងារកំពុងតាមដានបន្តទៀត»។ នេះការបញ្ជាក់របស់លោក សារី។ 
 
ថ្មីបើស្ថានភាពទឹកឡើង តែវាមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ។ តែយ៉ាងណាមន្ត្រីធនធានទឹកខាងលើ អំពាវនាវឱ្យពលរដ្ឋនៅតាមដងទន្លេមេគង្គទាំងអស់ ប្រកាន់ខ្ជាប់ស្មារតីប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាព និងចៀសពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ 
 
« កម្រិតកម្ពស់ទឹក​ដែលត្រូវប្រកាសអាសន្ន១៥,២០ម៉ែត្រ ហើយបច្ចុប្បន្នទឹកមានកម្ពស់ត្រឹម ៨,៩៧ម៉ែត្រមិនជាបញ្ហាអ្វីទេ តែពលរដ្ឋនៅតាមដងទន្លេត្រូវត្រៀមខ្លួនជាមុនទៅ ប្រសិនបើមានស្ថានភាពប្រែប្រួលនោះអាចនឹងចាកចេញ ឬ រំដោះខ្លួនទាន់ពេលវេលា»។ នេះជាការបញ្ជាក់ពីអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
 
យោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញ ទឹកទន្លេមេគង្គ ស្ទឹងត្រែង ក្រចេះ កំពង់ចាម អ្នកលឿង ទន្លេចតុមុខ ទន្លេបាសាក់ កោះខែល ទន្លេសាបព្រែកក្តាម នឹងបន្តឡើង២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែកញ្ញា២០២១។
 
កាលពីឆ្នាំ២០២០ កម្ពស់ទឹកមេគង្គ ក្នុងខេត្តកំពង់ចាម មានត្រឹម ៦,៩២ម៉ែត្រប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម៕


 

Tag:
 កំពង់ចាម
  ទន្លេមេគង្គ
  កម្ពស់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com