អន្តរជាតិ
ជើងហោះហើរអន្តរជាតិពីអាហ្វហ្កានីស្ថាន បើកឡើងវិញជាលើកដំបូង
10, Sep 2021 , 6:13 pm        
រូបភាព
អ្នកដំណើរឡើងយន្តហោះរបស់អាកាសចរណ៍ Qatar Airways ចេញពីទីក្រុងកាប៊ុល។ រូបថត AFP
អ្នកដំណើរឡើងយន្តហោះរបស់អាកាសចរណ៍ Qatar Airways ចេញពីទីក្រុងកាប៊ុល។ រូបថត AFP
ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាលើកដំបូងបង្អស់ បានចាកចេញពីទីក្រុងកាប៊ុលនៅថ្ងៃទី៩ ខែកញ្ញា​។ នេះជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងក្រោយការឡើងក្ដាប់អំណាចចរបស់ក្រុមតាលីបង់។


ក្នុងជើងហោះហើរជាលើកដំបូងចេញពីអាហ្វហ្កានីស្ថាន មនុស្សប្រហែល១១៣នាក់បានចាកចេញពីទីក្រុងកាប៊ុល​ឆ្ពោះទៅកាន់ទីក្រុងដូហា ប្រទេសកាតាតាមក្រុមហ៊ុនអាកាសចរណ៍រដ្ឋកាតា។ អ្នកដំណើរទាំងនេះសុទ្ធសឹងជាជនបរទេសរួមមានពលរដ្ឋអាម៉េរិក កាណាដា អ៊ុយក្រែន អាល្លឺម៉ង់ និងអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ជើងយន្តហោះដែលបានចាកចេញពីអាហ្វហ្កានីស្ថានជាលើកដំបូងនេះ ជាការបោះជំហានដ៏សំខាន់សម្រាប់ក្រុមតាលីបង់ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការពីអន្តរជាតិ ក្នុងការដឹកនាំប្រទេស បន្ទាប់ពីពួកគេបានដណ្តើមអំណាចកាលពីខែមុន។ 
 
យ៉ាងណាមិញ បើទោះបីជាបានព្យាយាមសម្របខ្លួនតាមប្រទេសលោកខាងលោកលិចក្តី ក្រុមតាលីបង់នៅមិនទាន់ធ្វើបានតាមគ្រប់លក្ខខណ្ឌរបស់ប្រទេសលោកខាងលិចនៅឡើយ។ ជាក់ស្តែង របាយការណ៍ជាច្រើន បានបង្ហាញពីសកម្មភាពហិង្សារបស់ក្រុមតាលីបង់ លើស្ត្រី ជនបរទេស និងអ្នកកាសែតផង ដែលខុសពីការអំពាវនាវរបស់ប្រទេសលោកខាងលិចកន្លងមក។ 
 
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន លោកស្រី Deborah Lyons បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៩ ខែកញ្ញា ថា អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រសិទ្ធិស្ត្រីនៅអាហ្វហ្កានីស្ថាន កំពុងត្រូវបានក្រុមតាលីបង់ឃ្លាំមើល ហើយបុគ្គលិកជនជាតិអាហ្វហ្កានីស្ថានរបស់អង្គការសហប្រជាជាតិត្រូវបានយាយី និងបំភិតបំភ័យពីសំណាក់ក្រុមតាលីបង់ផងដែរ​។
 
«អង្គការសហប្រជាជាតិមិនអាចធ្វើការងាររបស់ខ្លួន ដើម្បីជួយប្រជាជនអាហ្វហ្កានីស្ថានបានទេ ប្រសិនបើបុគ្គលិករបស់ខ្លួនត្រូវរងការបំភិតបំភ័យ ការគំរាមដល់អាយុជីវិតរបស់ពួកគេ និងការដែលមិនអាចផ្លាស់ទីបានដោយសេរីក្នុងការបំពេញការងារបាន»។ លោកស្រី Lyons លើកឡើងបែបនេះទៅកាន់អង្គប្រជុំ
 
ទន្ទឹមនឹងការលើកឡើងរបស់លោកស្រី Lyons​ អ្នកការទូតជាន់ខ្ពស់អាម៉េរិកលោក Jeffrey DeLaurentis បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អាម៉េរិកមិនសប្បាយចិត្តឡើយចំពោះរបាយការណ៍ដែលបង្ហាញថា សមាជិកក្រុមតាលីបង់បានបង្កបញ្ហាដល់បុគ្គលិកអង្គការនានា ក៏ដូចជាលើប្រជាជនផង។ 
 
គួររំលឹកថា អាម៉េរិកនិងសម្ព័ន្ធមិត្តខ្លួនជារឿយៗ​ តែងអំពាវនាវឱ្យក្រុមតាលីបង់សហការក្នុងដំណើរជម្លៀសជនបរទេសក៏ដូចជាជនជាតិអាហ្វហ្កានីស្ថានដែលចង់ចាកចេញបន្ទាប់ពីអាម៉េរិកបិទបញ្ចប់បេសកម្មជម្លៀសប្រជាជននៅអាហ្វហ្កានីស្ថានរបស់អាម៉េរិកកាលពីថ្ងៃ៣១ ខែសីហាកន្លងទៅ។ ទន្ទឹមនឹងនេះដែរ ប្រទេសលោកខាងលិចក៏បានអំពាវនាវឱ្យក្រុមតាលីបង់គោរពសិទ្ធិប្រជាជន និងផ្តាច់ខ្លួនចេញពីក្រុមភេវករផង៕
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com