អតីតនិស្សិតម្នាក់នៅសាកលវិទ្យាល័យ South Wale ប្រទេសវេលស៍ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ ពីបទលួច Hack ចូលកុំព្យូទ័រសាកលវិទ្យាល័យ ដើម្បីយកចម្លើយវិញ្ញាសាប្រឡងលក់ក្នុងតម្លៃរាប់ពាន់ផោន។
Hayder Aljayyash អាយុ២៩ឆ្នាំ ធ្លាប់សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ South Wale លើជំនាញ System Design។ បើតាមការផ្សាយរបស់ BBC យុវជនដើមកំណើតអ៊ីរ៉ាក់រូបនេះ បានធ្វើសកម្មភាពលួច Hack ចូលកុំព្យូទ័រសាលា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៩។
តុលាការក្រុង Cardiff បានស៊ើបអង្កេតឃើញថា Aljayyash បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការវាយលុកចូលកុំព្យូទ័រសាកលវិទ្យាល័យ South Wale ហើយបានរួមដៃជាមួយសិស្សម្នាក់ទៀតឈ្មោះ Noureldien Eltarki អាយុ៣០ឆ្នាំ ដើម្បីស្វែងរកនិស្សិតដែលត្រូវការចម្លើយវិញ្ញាសាប្រឡង។
Eltarki ពីលីប៊ី ក៏ត្រូវបានកាត់ទោស៩ខែផងដែរ ប៉ុន្តែព្យួរ ពីបទយល់ព្រមលក់ចម្លើយវិញ្ញាសាប្រឡងដោយខុសច្បាប់ ហើយគេត្រូវបានតម្រូវឲ្យធ្វើការដោយគ្មានប្រាក់កម្រៃរយៈពេល២០០ម៉ោង។
នាអំឡុងសវនាការកន្លងមក អ្នកទាំងពីរ សុទ្ធតែបានសារភាពទោសកំហុសរបស់ខ្លួន។
ករណីនេះ ត្រូវបានចាប់អារម្មណ៍ដំបូងពីសំណាក់គ្រូបង្រៀនគណិតវិទ្យាម្នាក់ គឺលោក Liam Harris។ លោកបានកត់សម្គាល់ថា ចម្លើយរបស់និស្សិតជាច្រើនលើកិច្ចការប្រឡងកាលពីខែឧសភា ឆ្នាំ២០១៩ គឺដូចបេះបិទទៅនឹងក្បួន និងដំណោះស្រាយដែលលោករៀបចំផ្ទាល់ខ្លួន។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះ សិស្ស៥នាក់ បានសរសេរចម្លើយតាមកំហុសដែលលោក Harris បានសរសេរនៅលើកិច្ចការ។
ការស៊ើបអង្កេតនាំឲ្យតុលាការ Cardiff Crown Court រកឃើញកំណត់ត្រារុករកជាង១៤០ដែលដំណើរការលើប្រព័ន្ធ និងកំណត់ត្រាអត្តសញ្ញាណ IP address ដែលធ្លាប់ទៅនឹងទីតាំងផ្ទះរបស់ Aljayyash និង Eltarki រស់នៅ។ អ្នកទាំងពីរក៏ជានិស្សិតដែលបានសិក្សាជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រផងដែរ។
តុលាការបានបញ្ជាក់ថា Aljayyash រកបានប្រាក់ប្រមាណ២ម៉ឺនផោន ដែលក្នុងនោះ ៥៦០០ផោនពីនិស្សិតឆ្នាំទីពីរម្នាក់។ រីឯ Eltarki ទទួលបានពី៣០០ផោន ទៅ៤០០ផោន រាល់និស្សិតដែលគេទាក់ទងឲ្យទិញចម្លើយវិញ្ញាសាពី Aljayyash។ ករណីនេះ ក៏បានធ្វើឲ្យសាលាខាតបង់ប្រាក់ប្រមាណ១០០ ០០០ផោនផងដែរ៕