ជាតិ
បទសម្ភាសន៍
អភិបាលខេត្តសម្រេចបិទក្រុងសៀមរាបបណ្ដោះអាសន្ន
11, Sep 2021 , 3:06 pm        
រូបភាព
អភិបាលខេត្តសៀមរាប លោក ទៀ សីហា។ រូបភាព៖ ទៀ សីហា
អភិបាលខេត្តសៀមរាប លោក ទៀ សីហា។ រូបភាព៖ ទៀ សីហា
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្ទាន់មួយនៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២១ នេះ ដោយសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្ដោះអាសន្ន និងដាក់ជាតំបន់លឿងទុំ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលជាលជំងឺកូវីដ-១៩។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ទៀ សីហា ដូចតទៅនេះ៖ 





 
ថ្លែងបានសារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលនេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា ក្រោយមានកិច្ចពិភាក្សាជាបន្ទាន់មួយ លោកសម្រេចបិទក្រុងសៀមរាបមួយសប្ដាហ៍ ឬ៧ថ្ងៃ ក្នុងបំណងដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានការកើនឡើងមិនស្រាកស្រាន្ត។ លោកបញ្ជាក់ថា ប្រសិនបើការបិទបណ្ដោះអាសន្ន៧ថ្ងៃនេះ មានការធូរស្រាល និងអាចរកឃើញអ្នកជំងឺកូវីដ-១៩បានទាន់ពេលវេលានោះ អ្វីៗនឹងល្អប្រសើរវិញ។ 
 
លោកមានប្រសាសន៍ថា៖« ការបិទនេះ មិនមែនធ្វើបាបបងប្អូនប្រជាពលរដ្ឋទេ តែគ្រាន់ថា ជាការចាំបាច់ ត្រូវកាត់ផ្ដាច់ប្រភពចម្លង សូមឱ្យគាត់ {ប្រជាពលរដ្ឋ} អត់ធ្មត់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីចូលរួមជាមួយគ្នា»។ 
 
លោក ទៀ សីហា បន្ថែមថា វិធានការនេះធ្វើឡើងក៏ដោយសារការសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកជុំវិញស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ មានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មិនស្រាកស្រាន្តសោះនារយៈពេល១០ថ្ងៃចុងក្រោយនេះ។ ពិសេសនោះគឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់ចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និងលក់គ្រឿងស្រវឹងជាដដែល។ លោកបញ្ជាក់ថា អាជ្ញាធរនឹងចុះទៅទីប្រជុំជន និងតាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យតែម្ដង។
 
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប មិនទាន់ចេញលិខិតផ្លូវការជុំវិញករណីបិទខ្ទប់ក្រុងសៀមរាប ដាក់ជាតំបន់លឿងទុំ ថានៅពេលណានោះទេ តែអភិបាលខេត្តប្រាប់ថា ក្រុមការងារកំពុងរៀបចំឯកសារ ដើម្បីប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ។ លោកស្នើសុំឱ្យពលរដ្ឋកុំស្លន់ស្លោ ព្រោះថាទីផ្សារនៅតែបើកជាធម្មតា គ្រាន់តែការចេញចូលផ្ទះ ឬកន្លែងស្នាក់អាស័យ គឺទាល់តែមានករណីចាំបាច់តែប៉ុណ្ណោះ។ លោកអភិបាល ក៏ទទូចឱ្យពលរដ្ឋចូលរួម និងសហការដើម្បីឱ្យការងារនេះសម្រេចបានជាផ្លែផ្កាទាំងអស់គ្នា ក៏ដូចជាដើម្បីឱ្យស្ថានការណ៍វិលត្រឡប់មករកសភាពដើមវិញ៕
 
 

Tag:
 បិទក្រុងសៀមរាប
  តំបន់លឿងទុំ
  ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com