ជាតិ
សមត្ថកិច្ច ចាប់ចិន១៥នាក់នៅព្រះសីហនុ ពីបទបង្ខាំងចិនគ្នាឯង ដើម្បីជំរិតទារប្រាក់
11, Sep 2021 , 5:19 pm        
រូបភាព
សកម្មភាពកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យជនជាតិចិន។ រូបភាព៖ នគរបាលជាតិ
សកម្មភាពកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យជនជាតិចិន។ រូបភាព៖ នគរបាលជាតិ
សមត្ថកិច្ចខេត្តព្រះសីហនុ បានចុះបង្រ្កាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ រវាងជនជាតិ និងជនជាតិចិនគ្នាឯង កាលពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


ប្រតិបត្តិការរបស់សមត្ថកិច្ច ក្នុងការចុះទៅបង្ក្រាប់ គឺធ្វើឡើងបន្ទាប់ពីមានការផ្ទុះអាវុធរវាងជនជាតិគ្នាឯងនៅម្តុំចុងអូរឈើទាល មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច រំដោះបានជនរងគ្រោះជនជាតិចិន២នាក់ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន១៥នាក់ (ស្រី១នាក់)  រួមទាំងអាវុធចំនួន៧ដើម បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងនិតីវិធីបន្ត។ 
 
អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា មានករណីផ្ទុះអាវុធ ចំនួន៥ទៅ៦គ្រាប់ នៅម្តុំចុងអូរឈើទាល មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ភ្លាមនោះ កម្លាំងការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសិហនុ បានចុះដល់កន្លែងកើតហេតុ ទើបដឹងថាជាករណីចាប់ជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនគ្នាឯង។ ក្រុមជនជាតិចិន ដែលជាអ្នកចាប់ជំរិតបានបាញ់មុន បន្ទាប់មកក៏បានរត់គេចខ្លួនឡើងទៅលើអគារកម្ពស់៩ជាន់។
 
ក្រោយតាមបង្រា្កបបានសម្រេច សមត្ថកិច្ច បានរកឃើញអាវុធលាក់ទុកចំនួន៧ដើម ក្នុងនោះមានអាវុធខ្លី៥ដើម អាវុធវែង២ដើម និងអាវការពារគ្រាប់។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានជួយរំដោះជនរងគ្រោះ២នាក់ ដែលជនជាតិទាំង១៥នាក់ ចាប់បង្ខាំង ដោយត្រូវសង្ស័យថា ដើម្បីជំរិតទារប្រាក់៕ 
 

Tag:
 ថ្មីៗ
  រដ្ឋបាលខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com