ជាតិ
អន្តរជាតិ
លោក ឃួន ចំរើន ឈរឈ្មោះជាតំណាងរាស្រ្តនៅកាណាដាសារជាថ្មី ក្រោយមិនជាប់ឆ្នោតកាលពីឆ្នាំ២០១៩
11, Sep 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ កាលពីអាណត្តិមុននៅឆ្នាំ២០១៩, លោក ឃួន ចំរើន សញ្ជាតិ កាណាដា ដើមកំណើតខ្មែរ បានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តប្រចាំខេត្ត កេបិច (Québec) នៃប្រទេសកាណាដា សម្រាប់គណបក្សធំលំដាប់លេខរៀងទី៣នៅក្នុងប្រទេសកាណាដាដែលមានឈ្មោះថា៖«គណបក្សប្រជាធិបតេយ្យថ្មីនៃកាដាណា» (Le Nouveau Parti Démocratique du Canada)។ តែសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តនៅថ្ងៃទី២០ខែកញ្ញា២០២១ខាងមុខនេះ, លោក ឃួន ចំរើន លែងឈរឈ្មោះតំណាងឲ្យគណបក្សនយោបាយទៀតហើយ ផ្ទុយទៅវិញ លោកឈរឈ្មោះជាបេក្ខជនឯករាជ្យសម្រាប់មណ្ឌល Bellechasse—Les Etchemins—Lévis នៃខេត្ត កេបិច (Québec)។

 
ជំនាញប្រចាំថ្ងៃរបស់លោក ឃួន ចំរើន គឺ គឺជាទន្តវេជ្ជសាស្រ្ត (Dentist)។ លោកបានទទួលបានសញ្ញាបត្របណ្ឌិតផ្នែកទន្តសាស្រ្តនៅក្នុងប្រទេសកាណា។ ប៉ុន្តែ គំនិតរបស់លោកទន្តបណ្ឌិតស្ថិតនៅជាប់ជាមួយបរិស្ថាន។ បរិស្ថាន និងទន្តវេជ្ជសាស្រ្តមិនអាចកាត់ផ្តាច់ពីជិវិតរបស់លោកបានឡើយ។ 
 
ធ្វើនយោបាយអនុញ្ញាតឲ្យលោកទន្តបណ្ឌិតអាចអនុវត្តទស្សនរបស់លោកមួយចំនួនដើម្បីជួយសង្គម និងពិភពលោកបានធំជាងការងារជំនាញ។ ដោយសារតែហេតុផលនេះហើយ ទើបលោកត្រូវតែប្រឡូកចូលក្នុងពិភពនយោបាយក្នុងអាយុ៤៦ឆ្នាំ។ លោកឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តឯករាជ្យសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តនៅក្នុងប្រទេសកាណាដានៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ។ 
កើតនៅឆ្នាំ១៩៧៥, លោក ឃួន ចំរើន ដែលបានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅក្នុងប្រទេសកាណាដាកាលពីឆ្នាំ ១៩៨២ ទទួលបានសញ្ជាតិកាណាដានៅឆ្នាំ១៩៨៥ ហើយនៅឆ្នាំ២០០០ លោកទទួលបានសញ្ញាបត្របណ្ឌិតផ្នែកទន្តសាស្រ្តពីសកលវិទ្យាល័យ Laval នៅក្នុងប្រទេសកាណាដា។ 
 
តាមរយៈបទសម្ភាសតាមសារអេឡិចត្រូនិកជាភាសាបារាំងជាមួយអ្នកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com, លោក ឃួន ចំរើន បាននិយាយថា រឿងបរិស្ថាន, ការប្រែប្រួល អាកាសធាតុ, ការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន… គឺជាអ្វីដែលរដ្ឋាភិបាលមិនត្រូវមើលរំលង។  «ខ្ញុំចង់បន្សល់ទុកនូវកេរដំណែលវិជ្ជមានល្អៗនៃសង្គមប្រសើរមួយសម្រាប់ក្មេងជំនាញក្រោយ»។ នេះ គឺជាការបញ្ជាក់់បន្ថែមរបស់លោក ឃួន ចំរើន។ 
 
ចំណុចមួយទៀតដែលបេក្ខជនតំណាងរាស្រ្តរូបនេះលើកឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកដែរនោះ គឺជាលំនៅដ្ឋាននៅកាណាដាមានអគិ្គសនីឯករាជ្យដែលបង្កើតឡើងពីព្រះអាទិត្យ ពោល គឺមិនមែនអគ្គិសនីដែលផ្តល់ឲ្យដោយស្ថាប័នមួយដូចសព្វថ្ងៃនេះឡើយ។ 
 
កាលពីឆ្នាំ២០១៩កន្លងមក លោក ឃួន ចំរើន បានឈរឈ្មោះតំណាងឲ្យ «គណបក្សប្រជាធិបតេយ្យថ្មីនៃកាដាណា» (Le Nouveau Parti Démocratique du Canada)។ តែសម្រាប់ពេលនេះ ដោយសារតែគោលនយោបាយគណបក្សខុសពីគោលការណ៍របស់លោក, លោក ចំរើន សម្រេចចិត្តឈរឈ្មោះជាបេក្ខជនតំណារាស្រ្តឯករាជ្យ។ 
 
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះ ក្រៅពីគណបក្សតូចៗ និងបេក្ខជនឯករាជ្យ គេសង្គេតឃើញមានគណបក្សធំៗចំនួន៥ក្នុងនោះមានគណបក្ស Liberal, Conservative, Bloc Québécois, New Democratic និង Green កំពុងត្រៀមប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភាចំនួន៣៣៨៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com