ជាតិ
ឆ្នាំនេះ មហោស្រព នឹងជំរុញអក្សរសិល្ប៍ខ្មែរទៅកាន់ពិភពលោក
11, Sep 2021 , 7:29 pm        
រូបភាព
 សកម្មភាពយុវជនមើលសៀវភៅ ក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរ កាលឆ្នាំមុន (រូបផ្ដល់ឱ្យ)
សកម្មភាពយុវជនមើលសៀវភៅ ក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរ កាលឆ្នាំមុន (រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ក្នុងឆ្នាំនេះ នឹងធ្វើឡើងតាមអនឡាញ ក្រោមប្រធានបទ«សិល្បៈនៃការបកប្រែអក្សរសិល្ប៍»។ គោលបំណងសំខាន់នៃមហោស្រព គឺការកសាងក្ដីស្រឡាញ់អក្សរសាស្ត្រនិងអក្សរសិល្ប៍ខ្មែរ បង្កើនគុណតម្លៃរបស់អ្នកនិពន្ធ និងដើម្បីបង្កើតឱកាសដល់អ្នកនិពន្ធទាំងថ្មីនិងចាស់ ក្នុងការភ្ជាប់ទំនាក់ទំនងគ្នា។ ពិសេសជាងនេះទៅទៀតនោះ មហោស្រពក្នុងឆ្នាំនេះ ក៏មានកម្មវិធីជំរុញអក្សរសិល្ប៍ខ្មែរទៅកាន់ពិភពលោក និងអក្សរសិល្ប៍បរទេសមកកាន់កម្ពុជាផងដែរ។


លោក សួន សុធារ៉ា សមាជិកគណៈកម្មការមហោស្រពអក្សរសិល្ប៍ខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្កើតមហោស្រពនេះ ក្នុងគោលបំណងធំៗ៣ គឺការកសាងក្ដីស្រឡាញ់អក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ ទាំងក្នុងបរិបទប្រជាជនកម្ពុជា និងប្រជាជនលើពិភពលោក។ ទី២បង្កើនគុណតម្លៃរបស់អ្នកនិពន្ធ សំដៅលើការអភិវឌ្ឍសង្គម តាមរយៈអក្សរសិល្ប៍។ និងទី៣ជាឱកាសសម្រាប់អ្នកនិពន្ធខ្មែរ ទាំងថ្មីទាំងចាស់ ក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស អាចបង្កើតបណ្ដាញដៃគូ ដើម្បីភ្ជាប់វិសាលភាពទីផ្សារ សម្រាប់ស្នាដៃរបស់ខ្លួនដែលផលិតបាន។
 
«កម្មវិធីនេះជាផ្នែកមួយជួយបង្កើនគុណភាពអក្សរសិល្ប៍ និងទម្លាប់នៃការអាននៅទូទាំងប្រទេស ទាំងអក្សរសិល្ប៍ជាតិ និងអន្តរជាតិ។ អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមមនុស្ស ទាំងអតីតកាល បច្ចុប្បន្ន និងអនាគត ទាំងជាតិនិងអន្តរជាតិផងដែរ»។ នេះជាការបញ្ជាក់របស់លោក ធារ៉ា។


លោក សួន សុធារ៉ា សមាជិកគណៈកម្មការមហោស្រពអក្សរសិល្ប៍ខ្មែរ(រូបទី១) រូបផ្ដល់ឱ្យ)សមាជិកគណៈកម្មការមហោស្រពរូបនេះបន្ថែមថា ការជំរុញអក្សរសិល្ប៍ខ្មែរទៅកាន់ពិភពលោក ធ្វើឡើងតាមរយៈការបកប្រែអក្សរសិល្ប៍ខ្មែរ ពីភាសាជាតិទៅជាភាសាបរទេស ដើម្បីឱ្យជនបរទេសដែលមិនចេះភាសាខ្មែរ អាចអាននិងស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរបាន។
 
លោក សុធារ៉ា ពន្យល់ដូច្នេះ៖«កន្លងមកគេ(ជនបរទេស)មិនស្គាល់យើងព្រោះគេមិនចេះអានអក្សរយើង ដូច្នេះយើងជំរុញឱ្យអ្នកនិពន្ធខ្មែរយើងបកប្រែភាសាជាតិ ទៅភាសាបរទេសតាមលទ្ធភាពដែលគាត់ធ្វើបាន។
 
ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅមិនទាន់មានលទ្ធភាព យល់ខ្លឹមសារស្នាដៃអក្សរសិល្ប៍ជាភាសាបរទេស លោក ធារ៉ា ថា មហោស្រពក៏នឹងរៀបចំកម្មវិធីប្រកួតប្រជែង ស្នាដៃបកប្រែអក្សរសិល្ប៍បរទេស មកជាខេមរៈភាសា ហើយនេះក៏ជាប្រធានបទសំខាន់ក្នុងមហោស្រពដែរ។ 
 
«យើងបង្កើតសិក្ខាសាលា និងវេទិកាពិភាក្សាអំពីអក្សរសិល្ប៍ លើប្រធានបទជុំវិញការបកប្រែអក្សរសិល្ប៍អន្តរជាតិ មកភាសាជាតិ និងការប្រែអក្សរសិល្ប៍ខ្មែរទៅភាសាអន្តរជាតិវិញ។ យើងក៏មានការប្រកួតប្រជែងស្នាដៃបកប្រែអក្សរសិល្ប៍ពីភាសាបរទេស មកជាភាសាខ្មែរផងដែរ ដើម្បីចងក្រងឬបោះពុម្ពជាស្នាដៃផ្សាយទៅសាធារណជន»។
 
សមាជិកគណៈកម្មការមហោស្រពរូបនេះ សង្ឃឹមថាមហោស្រពនេះ នឹងអាចជួយស្ដារប្រជាប្រិយភាព និងគុណតម្លៃអក្សរសិល្ប៍ខ្មែរ លើការបកប្រែស្នាដៃអក្សរសិល្ប៍បរទេសមកភាសាខ្មែរ ឱ្យកាន់តែមានគុណភាព។
 
«ការបកប្រែស្នាដៃអក្សរសិល្ប៍បរទេស មកជាខេមរៈភាសា ត្រូវការសិល្បៈខ្ពស់ណាស់ ដើម្បីឱ្យស៊ីគ្នា រវាងអត្ថន័យភាសាមួយទៅភាសាមួយទៀត ពិសេសត្រូវនឹងវប្បធម៌ ភាសា និងទំនៀមទម្លាប់ប្រពៃណីរបស់សង្គមមនុស្សពីមួយទៅមួយ។ យើងចង់ឱ្យស្នាដៃអក្សរសិល្ប៍បរទេស ដែលបានប្រែជាភាសាខ្មែរ មានគុណភាពប្រកបដោយសិល្បៈ និងរស់ជាតិបែបខ្មែរ ដែលអាចទទួលយកបាន។ យើងក៏មានការពិភាក្សាគ្នាលើប្រធានបទនេះដែរ ដែលមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិមួយចំនួន»។ 
 
មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលធ្វើតាមអនឡាញក្នុងឆ្នាំនេះ ក៏មានពិព័រណ៍មរតកអក្សរសិល្ប៍ចាស់ៗ ដែលជាស្នាដៃរបស់អ្នកនិពន្ធពីអតីតកាលផងដែរ។ បន្ថែមពីនោះ សិល្បៈទស្សនីយភាព ទម្រង់ល្ខោនអាន ស្នាដៃ” ចាប៉ីកេរតា” និងរបាំមួយចំនួនទៀត ក៏នឹងត្រូវបង្ហាញក្នុងមហោស្រពឆ្នាំនេះដែរ។ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២១៕
 

Tag:
 ) សិល្បៈ
  វប្បធម៌
  អក្សរសាស្ត្រ
  អក្សរសិល្ប៍
  អក្សរ
  មហោស្រព
© រក្សាសិទ្ធិដោយ thmeythmey.com