អន្តរជាតិ
អតីតរដ្ឋមន្រ្តីសុខាភិបាលបារាំង ត្រូវចោទប្រកាន់ចំពោះការគ្រប់គ្រងជំងឺកូវីដ-១៩ មិនបានល្អ
11, Sep 2021 , 7:59 pm        
រូបភាព
អតីតរដ្ឋមន្រ្តីសុខាភិបាលបារាំង Agnes Buzyn រងការចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញាពាក់ព័ន្ធការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ក្រុមស៊ើបអង្កេតនៅតុលាការពិសេស រកឃើញមូលដ្ឋានគ្រប់គ្រាន់ដើម្បីដំណើរក្ដីប្រឆាំងលោកស្រី Buzyn ។

 
លោកស្រី Agnes Buzyn ជារដ្ឋមន្រ្តីសុខាភិបាលនៅពេលដែលជំងឺកូវីដ-១៩ ចាប់ផ្ដើមរាលដាលនៅដំណាក់កាលដំបូង។ លោកស្រីបានលាលែងពីតំណែងនៅខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្មានសប្ដាហ៍ក្រោយករណីឆ្លងដំបូងត្រូវរាយការណ៍នៅបារាំង។
 
បើតាមរដ្ឋអាជ្ញានៅតុលាការយុត្តិធម៌សាធារណរដ្ឋដែលទទួលខុសត្រូវលើសំណុំរឿងមន្រ្តីជាន់ខ្ពស់បារាំង លោកស្រី Buzyn ត្រូវចោទប្រកាន់ពីបទ «បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ» ជាជាងបទចោទ «បរាជ័យទប់ស្កាត់មហន្តរាយ» ។ ក្នុសវនាការនៅថ្ងៃទី១០ ខែកញ្ញា លោកស្រី Buzyn អះអាងថា លោកស្រីស្វាគមន៍ការចោទប្រកាន់នេះ ដែលជាឱកាសសម្រាប់លោកស្រីបង្ហាញពីការប្រឹងប្រែង និងជម្រះមន្ទិល។
 
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្ដីលោកស្រី Buzyn ថា លោកស្រីនឹងមិនឱ្យការប្រឹងប្រែងរបស់រដ្ឋាភិបាល និងអ្វីដែលលោកស្រីបានធ្វើពេលកាន់តំណែង ទៅជាអសារបង់ឡើយ ហើយថា រដ្ឋាភិបាលធ្វើការងារជាច្រើនដើម្បីទប់ទល់វិបត្តិពិភពលោកដែលនៅតែបន្តមួយនេះ។ តាមច្បាប់ លោកស្រី អាចប្ដឹងជំទាសការចោទប្រកាន់បាន។
 
អតីតរដ្ឋមន្រ្តីសុខាភិបាលរូបនេះ ក៏រងការរិះគន់ច្រើនដែរទាក់ទងការចាត់ចែងជំងឺកូវីដ-១៩ ក្នុងប្រទេស។ លោកស្រីធ្លាប់និយាយក្នុងខែមករា ឆ្នាំ២០២០ ថា មិនមានហានិភ័យឡើយចំពោះការនាំចូលជំងឺកូវីដ-១៩ ពីទីក្រុងវូហាន ទីដែលជំងឺនេះផ្ទុះមុនគេ។ តមក លោកស្រីថែមទាំងលើកឡើងថា ហានិភ័យដែលជំងឺនេះរាលដាលក្នុងចំណោមប្រជាជនមានតិចណាស់។
 
លើការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នេះ អតីតនាយករដ្ឋមន្រ្តីបារាំង Edouard Philippe និងរដ្ឋមន្រ្តីសុខាភិបាលបច្ចុប្បន្ន Olivier Veran ក៏ស្ថិតក្រោមការស៊ើបអង្កេតដែរ៕
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com