ភ្នំពេញ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បន្តសកម្មភាពកាប់ដើមបន្លាអ៊ូយ៉ាស់ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ក្នុងតំបន់អភិរក្សនេះ។ បើតាម លោក ប៊ូ វរសក្ស នាយកកម្មវិធី BirdLife ប្រចាំកម្ពុជា ការបន្តកាប់ដើមបន្លានេះ ក្រោយទទួលបានជោគជ័យនារយៈពេល២ឆ្នាំកន្លងមក។
បេសកកម្មកម្ចាត់រុក្ខជាតិទន្ទ្រាន(ដើមបន្លាអ៊ូយ៉ាស់)ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវរបស់់អង្គការជីវិតសត្វស្លាបអន្តរជាតិ ចាប់ផ្តើមតាំងពីឆ្នាំ២០១៩មកម្លេះ។ រយៈពេល២ឆ្នាំមកនេះ ចំនួនដើមបន្លាអ៊ូយ៉ាស់ ក៏បានថយចុះគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យអង្គការមួយសម្រេចបន្តសកម្មភាពកាប់ដើមបន្លាអ៊ូយ៉ាស់នេះចោល។
ការកាប់បំផ្លាញដើមអ៊ូយ៉ាស់នេះ គឺដើម្បីការពារប្រព័ន្ធអេកូឡូស៊ី ជាពិសេសជីវៈចម្រុះក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមខ្សែទូរសព្ទដូច្នេះ៖ «ដើមបន្លាអ៊ូយ៉ាស់នេះ ប្រសិនបើវាកើតឡើងក្នុងកម្រិតខ្ពស់ នឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ហ្នឹង។ ឧទាហរណ៍ទីតាំងហ្នឹង មានវត្តមានសត្វក្រៀល ការដុះជ្រៀតនៅទីតាំងហ្នឹង វាធ្វើឱ្យចំណីរបស់សត្វក្រៀលពិបាក ហើយសត្វក្រៀលក៏ពិបាកចុះជ្រកដែរ»។
សកម្មភាពកាត់ផ្លែដើមបន្លាអ៊ូយ៉ាស់ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ រូបភាពពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme។
ក្រៅពីប៉ះពាល់ដល់សត្វស្លាប បន្លាអ៊ូយ៉ាស់នេះបង្កផលប៉ះពាល់ មកលើពពួកត្រីផងដែរ។ ត្រង់ចំណុចនេះ លោក លី សម្ភស៍ ដែលជាមន្ត្រីសម្របសម្រួលនៃអង្គការ BirdLife លើកឡើងថា ដើមបន្លាអ៊ូយ៉ាស់ មិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ តែវាបានធ្វើឱ្យប៉ះពាល់ ដល់ការលូតលាស់រុក្ខជាតិផ្សេងទៀត ដែលជាចំណីរបស់ជីវៈចម្រុះ ជាពិសេសសត្វក្រៀល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយប៉ះពាល់ដល់ទីជម្រក និងពងកូន របស់ត្រីគ្មានស្រកា ផងដែរ។
ការកាប់ដើមបន្លាអ៊ូយ៉ាស់របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ដែលមានការចូលរួមពីពលរដ្ឋក្នុងភូមិដីលើក ឃុំជ័យជោគ ស្រុកបុរីជលសារ ខេត្តតាកែវនេះ គឺធ្វើឡើងពីរដង ក្នុងមួយឆ្នាំ គឺកាប់មុនរដូវទឹកឡើង និងរដូវទឹកស្រក។ ទោះជាយ៉ាងនេះក៏ដោយ សកម្មភាពកាប់ដើមបន្លាអ៊ូយ៉ាស់ ពីអង្គការក៏មិនអាចបំផ្លាញរុក្ខជាតិចង្រៃនេះ បានទាំងស្រង់ឡើយ ដោយអាចជួយកាត់បន្ថយបានតែមួយផ្នែកប៉ុណ្ណោះ។ លោក លី សម្ភស៍ បាននិយាយដូច្នេះ៖ «បើយោងតាម(សកម្មភាព)ដែលយើងធ្វើកន្លងមកហ្នឹង យើងឃើញថា ដើមដែលយើងបានកាប់នោះ វាលូតលាស់មកវិញប្រហែលខ្ទង់ ២០ភាគរយទេ។ ត្បិតយើងកាប់កន្លែងហ្នឹងទៅ វាអត់ដុះ តែវាដុះពីគ្រាប់ ដែលហូរតាមទឹក ពីទីតាំងផ្សេងមក»។
បើតាម លោក សម្ភស៍ ចំនួនដើមបន្លាអ៊ូយ៉ាស់ ដែលដុះឡើងវិញដោយសារគ្រាប់ ដែលហូរពីទីតាំងផ្សេងមកនោះ មានប្រមាណ ៥០ទៅ ៦០ភាគរយ នៃចំនួនចាស់ដែលបានកាប់ចោលក្រុមការងារបានកាប់ចោលកន្លងមក។ ទោះបីគ្រាប់ដំណុះថ្មី មានជាងពាក់កណ្ដាលនៃដើមចាស់ដែលកាប់ក៏ដោយ តែមន្ត្រីសម្របសម្រួលនៃអង្គការ BirldLife រូបនេះ បានបញ្ជាក់ថា ដើមបន្លាអ៊ូយ៉ាស់ដែល ដុះថ្មីនេះ គឺអាចគ្រប់គ្រងបាន ពោលដើមទាំងនោះមិនអាចលូតលាស់ធំឡើយ ក្រោមការគ្រប់គ្រងត្រឹមត្រូវច្បាស់លាស់របស់អង្គការ។
សកម្មភាពដុតផ្លែដើមបន្លាអ៊ូយ៉ាស់ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ រូបភាពពីទំព័រហ្វេសប៊ុក BirdLife International Cambodia Programme។
ការកាប់បំផ្លាញដើមអ៊ូយ៉ាស់ មានភាពសាំញ៉ាំ និងពិបាក ដោយសារការកាប់ដើមនេះ ត្រូវបែកចែកជាពីរដំណាក់កាល។ បើតាមការចេញផ្សាយ លើទំព័រហ្វេសប៊ុក BirldLife International Cambodia Programme ដំបូងត្រូវកាត់ផ្លែដែលចាស់ នៃដើមអ៊ូយ៉ាសនោះជាមុនសិន ដោយប្រើប្រាស់កន្ត្រៃ ហើយយកច្រកចង់ប្លាស្ទិក រួចដុតចោល បន្ទាប់មកទើបកាប់រលំដើមពន្លិចទឹក។ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យផ្លែចាស់នោះ ជ្រុះរាយពពាយនៅលើដី និងដុះជាកូនថ្មីបន្តបន្ទាប់ទៀត។
«តាមរយៈការធ្វើកន្លងមក យើងសង្ឃឹមទទួលបានការជោគជ័យខ្ពស់ ហើយឥឡូវនេះយើងកំពុងមានគម្រោងពង្រីកបន្ថែមទៀត ដែលយើងកំពុងស្វះស្វែង រកជំនួយឧបត្ថម្ភពីផ្នែកផ្សេងៗ»។ នេះជាការលើកឡើងរបស់ លោក លី សម្ភស៍។
សូមជម្រាបថា តំបន់ការពារទេសភាពព្រែកល្ពៅ ជាទីការពារសត្វស្លាបទឹកមួយកន្លែង ស្ថិតក្នុងស្រុកកោះអណ្ដែត និងស្រុកបុរីជលសារ នៃខេត្តតាកែវ។ តំបន់ការពារទេសភាពនេះ មានប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងសត្វស្លាបជាង ៧០ប្រភេទកំពុងរស់នៅ ហើយតំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវមួយនេះ ជាប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជផងដែរ៕