ជាតិ
CMAC បោសសម្អាតមីន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
12, Sep 2021 , 7:59 am        
រូបភាព
សកម្មភាពមន្ត្រី CMAC កំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ក្នុងរមណីយដ្ឋានកោះកេរ ខេត្តព្រះវិហារ។ រូបភាពពី ក្រសួងវប្បធន៌និងវិចិត្រសិល្បៈ។
សកម្មភាពមន្ត្រី CMAC កំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ក្នុងរមណីយដ្ឋានកោះកេរ ខេត្តព្រះវិហារ។ រូបភាពពី ក្រសួងវប្បធន៌និងវិចិត្រសិល្បៈ។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) ចាប់ផ្ដើមសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងជំហានដំបូង តាមទីតាំងប្រាសាទសំខាន់ៗមួយចំនួន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្រោយការស្នើររបស់អាជ្ញាធរខេត្តព្រះវិហារ។ ក្នុងដំណើរការកម្ចាត់មីននេះ អាជ្ញាធររកឃើញស្រះបុរាណចំនួន៣ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនផងដែរ។


យោងតាមការចេញផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ CMAC ចាប់ផ្ដើមសកម្មភាពកម្ចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ក្នុងជំហានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែន ស្ថិតក្នុងតំបន់ការពារទី២ នៅលើផ្ទៃដី ៤,៦៧ហិកតា។ សកម្មភាពកម្ចាត់មីនរបស់ CMAC បានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១មក។ 
 
តាមប្រភពដដែល សកម្មភាពកម្ចាត់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ធ្វើឡើងក្នុងគោលបំណងអភិរក្ស និងការពារសុវត្ថិភាពដល់ទេសចរ ដែលចូលទៅកាន់ប្រសាទនានា ក្នុងរមណីយដ្ឋាននេះ។ 
 
ក្នុងដំណើរការ នៃការបោសសម្អាត CMAC បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទះមួយចំនួន ដែលបន្សល់ពីសម័យសង្គ្រាម និងរកស្រះបុរាណចំនួនបីផងដែរ ក្នុងរមណីយដ្ឋាននេះ។ បើតាមក្រសួងវប្បធម៌ ស្រះបុរាណនីមួយៗ មានទទឹងប្រហែល២០ម៉ែត្រ និងបណ្ដោយប្រហែល ៣០ម៉ែត្រ។ 
 
សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ មានផ្ទៃដីទំហំជាង ៨,៧ពាន់ហិកតា ស្ថិតនៅក្នុងឃុំត្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង។ កាលពីដើមឆ្នាំ២០២១ ក្រសួងវប្បធម៌ បានស្នើទៅអង្គការយូណេស្កូ ដើម្បីសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ។ សេចក្ដីសម្រេចអំពីសំណើ នឹងត្រូវប្រកាស នៅខែកក្កដា ឆ្នាំ២០២២៕ 
 

Tag:
 ThmeyThmey
  CMAC
  ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com