COVID-19
ជាតិ
ការសិក្សា៖ វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ដំបូង អាចកាត់បន្ថយហានិភ័យស្លាប់របស់កុមារបាន ៧០ភាគរយ
12, Sep 2021 , 8:59 am        
រូបភាព
វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់។_រូបភាព៖_Istock
វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់។_រូបភាព៖_Istock
ការសិក្សាថ្មីមួយបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ RTS,S គឺជាវ៉ាក់សាំង​ដំបូង​បង្អស់ ដែលបានបង្កើតឡើង ដើម្បីបង្ការជំងឺគ្រុនចាញ់ និងទប់ស្កាត់​ការរងគ្រោះ​ធ្ងន់ធ្ងរ​ចំពោះកុមារ។ ទាក់ទិននឹងប្រសិទ្ធភាព អ្នកជំនាញបានណែនាំ​ថា ​ការប្រើ​ប្រាស់វ៉ាក់​សាំង RTS,S នេះរួមជាមួយឱសថប្រឆាំងជំងឺគ្រុនចាញ់ នឹងអាចកាត់​បន្ថយហានិភ័យ​នៃការស្លាប់របស់​កុមារបានដល់ជាង ៧០ភាគរយឯណោះ។

 
ជារៀងរាល់ឆ្នាំ កុមារអាយុក្រោម ៥ឆ្នាំជាង ៤០ម៉ឺននាក់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់។ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ភាគច្រើនបានកើតឡើងនៅអនុតំបន់សាហារ៉ា ​ទ្វីបអាហ្វ្រិក ហើយវានៅតែជាវិបត្តិសុខភាពដ៏ធំរបស់តំបន់នោះដែរ។ ហេតុ​នេះ អ្នកវិទ្យាសាស្ត្រ បានបង្កើតការស្រាវជ្រាវ ដើម្បីអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់​ឡើង ក្នុង​បំណងជួយសម្រួលផលវិបាកជាសកល។ 
 
ការសិក្សានោះ ត្រូវបានធ្វើឡើងដោយ លោកសាស្ត្រាចារ្យ Brian Greenwood ដែលមកពីសាលាទី​ក្រុងឡុងដ៍ រួមជាមួយសហការីផ្សេងទៀត និងត្រូវបានចុះផ្សាយលើទិនានុប្បវដ្តិវេជ្ជសាស្ត្រ New England។​ អ្នកជំនាញ បានពិសោធន៍លើកុមារមានអាយុចាប់ពី ៥ខែ រហូតដល់ ១៧ខែ ចំនួន ៦ពាន់នាក់។ 
 
ជាលទ្ធផល ការសិក្សា បានផ្តល់ភស្តុតាងអំពីសុវត្ថិភាព និងប្រសិទ្ធភាព​របស់វ៉ាក់សាំងបង្ការ​ជំងឺគ្រុនចាញ់ RTS,S ថា ជួយកាត់បន្ថយករណីឆ្លងជំងឺគ្រុនចាញ់​ថ្មីបានយ៉ាងច្រើន។ ប៉ុន្តែអ្នកជំនាញណែនាំថា ការចាក់វ៉ាក់សាំងបង្ការផង រួមនឹងការប្រើប្រាស់ឱសថ​ប្រឆាំងជំងឺគ្រុនចាញ់ផង នឹងបង្កើនប្រសិទ្ធភាព បានកាន់តែប្រសើរជាងការចាក់វ៉ាក់​សាំង ឬប្រើ​ឱសថ​តែមួយមុខ។ មួយវិញទៀត ការប្រើឱសថ និងវ៉ាក់សាំងរួមបញ្ចូលគ្នា​មានសុវត្ថិភាព ​និងមានភាពធន់គ្នាបានល្អ។
 
ជាក់ស្តែង ក្នុងការសិក្សាលើ​ក្រុមកុមារប្រមាណ ១៧០០នាក់ ដែលបានលេបទាំងថ្នាំប្រឆាំង​ជំងឺគ្រុនចាញ់ និងបានចាក់​វ៉ាក់សាំងបង្ការជំងឺនេះទៀតនោះ ពួកគេអាចកាត់បន្ថយហានិភ័យ​នៃការរងគ្រោះធ្ងន់ធ្ងរដោយជំងឺគ្រុនចាញ់បានពី ៦០ភាគរយ ទៅ ៧០ភាគរយ។ លើសពីនេះ​ពួកគេអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺគ្រុនចាញ់បានជាង ៧០ភាគរយ​ឯណោះ។ 
 
មកដល់ពេលនេះ វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ប្រមាណជាង ២លានដូស ត្រូវបានចាក់ឱ្យ​កុមារនៅ ហ្គាណា កេនយ៉ា និងម៉ាឡាវី សរុបបានជាង ៧៥ម៉ឺននាក់​ រួចហើយ។ សូមបញ្ជាក់ថា ការសិក្សា​វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់នឹងបន្តទៅមុខទៀត ហើយយុទ្ធនាការ​ចាក់វ៉ាក់សាំងក៏នឹង​បន្តចាក់​ឱ្យកុមារដទៃទៀត​ឱ្យបានពេញលេញ រួមទាំងផ្គត់ផ្គង់ឱសថប្រឆាំង​ជំងឺគ្រុនចាញ់​ផងដែរ រហូតដល់កុមារនោះ​មានអាយុ៥ឆ្នាំ៕
 

Tag:
 វ៉ាក់សាំង
  គ្រុនចាញ់
© រក្សាសិទ្ធិដោយ thmeythmey.com