អន្តរជាតិ
សេវាកម្មនាំឆ្កែកម្សាន្តក្នុងក្រុង និងព្រៃ​ ជំនួសម្ចាស់ដែលមិនមានពេលវេលាគ្រប់គ្រាន់
12, Sep 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ចាប់តាំងពីឆ្នាំ២០១០មក CitizenDog បានផ្តល់សេវាកម្មមើលថែទាំ និងនាំឆ្កែដើរកម្សាន្ត នៅតាមបណ្តាផ្លូវ នានានៅក្នុងក្រុងប៉ារីស និងបន្តទៅក្នុងព្រៃ Meudon។ នេះជាសេវាកម្មសម្រាប់ម្ចាស់សត្វដែលមមាញឹក ខ្លាំងនឹងការងារ ឬអ្នកដែលចង់ឲ្យសត្វចិញ្ចឹមរបស់ខ្លួនអាចស្រូបយកខ្យល់អាកាសខាងក្រៅ។

 
នៅតែមួយកន្លែងពេក សុនខក៏ចេះអផ្សុក និងធុញថប់ដូចមនុស្សដែរ ជាពិេសសអារម្មណ៍ឯកោនៅពេលដែល ម្ចាស់ទៅផ្ទះការ ហើយទុកពួកវាចោលនៅផ្ទះ។ សម្រាប់ការមើលថែទាំធម្មតា មិនមែនជារឿងថ្មីនោះឡើយ ដោយប្រទេសផ្សេងទៀត ក៏មានសេវាកម្មបែបនេះផងដែរ ប៉ុន្ត CitizenDog មានសេវាកម្មពិសេសបន្ថែមទៀត គឺការនាំឆ្កែកម្សាន្ត។
 
 
យោងតាមការផ្សាយរបស់ទូរទស្សន៍បារាំង TF1 អ្នកស្រី Carole និងមិត្តរួមការងាររបស់ខ្លួន ពិតជាមមាញឹកយ៉ាងខ្លាំង ដោយរៀងរាល់ព្រឹក ត្រូវនាំឆ្កែប្រមាណ១០ក្បាលទៅកម្សាន្តតាមបណ្តាផ្លូវក្នុងក្រុងប៉ារីស និងនាំទៅរត់លេងក្នុងព្រៃ Meudon ដែលស្ថិតនៅជាយក្រុង។
 
លោក Cyril Fresse នាយកក្រុមហ៊ុន CitizenDog បានអះអាងថា តម្រូវការកាន់តែខ្ពស់ នារយៈពេលជាង១០ឆ្នាំកន្លងមក ដោយបច្ចុប្បន្ន មានបុគ្គលិកទទួលបន្ទុកជូនឆ្កែដើរកម្សាន្តចំនួន៨នាក់ ហើយក្រុមហ៊ុននឹងរក២នាក់បន្ថែមទៀត។
 
 
អស់រយៈ៤ឆ្នាំហើយដែលអ្នកស្រី Clementine Poupat បំពេញតួនាទីជាបុគ្គលិកនាំឆ្កែដើរកម្សាន្ត។ រៀងរាល់ថ្ងៃអ្នកស្រី ដឹកឆ្កែប្រមាណ១០ក្បាលទម្ងន់ តាមត្រីចក្រយាន ឆ្លងកាត់បន្តផ្លូវនានាក្នុងក្រុងប៉ារីស ហើយបន្តទៅកាន់ព្រៃ។ អ្នកស្រី Poupat ជាអ្នករៀនសូត្រមានសញ្ញាបត្រត្រឹមត្រូវ ហើយអ្នកស្រីសម្រេចចិត្តធ្វើកិច្ចការនេះយ៉ាងរីករាយ។
 

 
សម្រាប់ការមើលថែទាំ (Dog Sitting) សេវាកម្មមាន៧ថ្ងៃលើ៧ថ្ងៃ ដោយមានការបង្ហាត់បង្រៀនបន្ថែមទៅតាមការពិភាក្សាជាមួយម្ចាស់ ហើយក៏មានកញ្ចប់សេវាកម្មផ្នែកអាហារផងដែរ។ តម្លៃមើលថែទាំនៅពេលយប់ គឺ៣៣អឺរ៉ូក្នុង១យប់ រីឯពេលថ្ងៃគឺ៤៣អឺរ៉ូ ដោយបូកទាំងការនាំដើរកម្សាន្ត។
 
សម្រាប់តែសេវាកម្មដើរកម្សន្តក្នុងព្រៃ CitizenDog មានកញ្ចប់សេវាកម្មផ្សេងគ្នាទៅតាមទម្ងន់របស់ឆ្កែ ពោលគឺក្នុងរង្វង់៣០អឺរ៉ូ ហើយក៏មានការបញ្ចុះតម្លៃផងដែរសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មច្រើន៕
 
 
 

Tag:
 ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com