ពីនេះ ពីនោះ
អន្តរជាតិ
ការសិក្សា៖ កុមារស្រូបយកផ្សែងបារីច្រើនអាចបណ្តាលឱ្យកើតជំងឺរលាកសន្លាក់នៅពេលពេញ​វ័យ
12, Sep 2021 , 2:40 pm        
រូបភាព
រូបថត Pixabay
រូបថត Pixabay
ការជក់បារីរបស់ឪពុកម្តាយដែលកំពុង​មានកូនតូចៗរស់នៅជាមួយ អាចបង្កើនហានិភ័យជំងឺរលាកសន្លាក់ (RA) ដល់កូនៗ នៅពេល​អនាគត ដោយសារពួកគេស្រូបយកផ្សែងបារីនោះ។ នេះបើតាមការសិក្សាមួយ ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យស្ត្រី Brigham ​ជាមួយសាលាវេជ្ជសាស្ត្រ Havard។


ជំងឺរលាកសន្លាក់ (RA) គឺជាជំងឺរលាកនៅតាមសន្លាក់ជាច្រើនកន្លែង ដែលជាជំងឺទាក់ទង​នឹងការវាយប្រហាររបស់អង្គបដិប្រាណមកលើសន្លាក់ឆ្អឹង។ វាអាចក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ និងអាចបណ្តាលឱ្យស្លាប់បាន។ ជំងឺរលាកសន្លាក់ ត្រូវបានអ្នកជំនាញបង្ហាញថា ​វាបង្កឡើង​ដោយកត្តាចូលរួមជាច្រើន ក្នុងនោះក៏មាន​ការជក់បារីផងដែរ។ ការជក់បារី ត្រូវបានក្លាយជា​កត្តាបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់​ដ៏គួរឱ្យកត់សម្គាល់មួយ នាពេលបច្ចុប្បន្ន។ 
 
មិនត្រឹមតែអ្នកជក់បារីផ្ទាល់នោះទេដែលប្រឈម​នឹងជំងឺរលាកសន្លាក់ ការសិក្សាថ្មីរបស់​សាលាវេជ្ជ​សាស្ត្រ Harvard បានបង្ហាញថា កុមារជាកូនរបស់អ្នកជក់បារី បានស្រូបយក​ផ្សែងបារី ក៏បង្កឱ្យកើនឡើងហានិភ័យ​នៃជំងឺរលាកសន្លាក់ប្រមាណ ៧៥ភាគរយ​នៅថ្ងៃ​អនាគតដែរ។ នេះបើតាមការចុះផ្សាយលើទំព័រព័ត៌មានសុខភាព The Harvard Gazette។
 
ក្រុមអ្នកស្រាវជ្រាវរបស់សាលាវេជ្ជសាស្ត្រ Harvard បានប្រើប្រាស់ទិន្នន័យទទួលបានពីស្ត្រី​ជាអ្នកចូលរួមចំនួន ៩០៩២៣នាក់ ដើម្បីពន្យល់ពីទំនាក់ទំនងរវាងអ្នកស្រូបយកផ្សែងបារី​ចេញពីអ្នកជក់ផ្ទាល់ ជាមួយនិងជំងឺរលាកសន្លាក់។ ក្នុងការសិក្សា ការស្រូបយកផ្សែងបារី​របស់​កុមារ​ត្រូវបានបែងចែកជាបីប្រភេទ រួមមានទារកក្នុងផ្ទៃម្តាយដែលជក់បារី កុមារតូចៗ​ដែលរស់នៅជាមួយឪពុកម្តាយជក់បារី និងក្មេងជំទង់ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលរស់នៅ​ជាមួយ​អ្នក​ជក់បារី ។ 
 
ជាលទ្ធផល ការសិក្សាបានបង្ហាញថាហានិភ័យនៃជំងឺរលាកសន្លាក់ចំពោះបុគ្គលដែលធ្លាប់​រងការប៉ះពាល់ពីផ្សែងបារីខ្លាំងតាំងពីកុមារកើនឡើងដល់ ៧៥ភាគរយ។ លើសពីនេះ ហានិភ័យអាចកើនឡើងខ្ពស់ជាងនេះទៀត ចំពោះអ្នកជក់បារីដោយខ្លួនឯងផ្ទាល់។ ផ្ទុយទៅវិញ ទារកក្នុងផ្ទៃម្តាយដែលជក់បារី និងក្មេងជំទង់ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលរស់នៅ​ជាមួយ​អ្នកជក់បារី​ មិនមានហានិភ័យនៃការកើតជំងឺរលាកសន្លាក់​ឡើយ។
 
គួរបញ្ជាក់ថា ការសិក្សា ក៏បានពន្យល់ពីផលវិបាកបារីចំពោះសុខភាពទាំងអ្នកជក់​ផ្ទាល់ និងអ្នកជុំវិញខ្លួនដែលស្រូបយកផ្សែងបារីដោយអចេតនា។ ផ្សែងបារីនឹងធ្វើឱ្យកុមារ​មានហានិភ័យខ្ពស់ ក្នុងការកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃនៅថ្ងៃអនាគត។ ជំងឺរលាកសន្លាក់​មិនទាន់មាន​វិធីអាចព្យាបាលបានទេ ដូច្នេះអ្នកគួរតែចៀងវាងការជក់បារីដើម្បីការពារ​សុខភាពអ្នក និងកូនៗអ្នកនៅថ្ងៃអនាគត៕
 

Tag:
 បារី
© រក្សាសិទ្ធិដោយ thmeythmey.com