ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រីគួរកុំរំលង! ទប់ស្កាត់រោគសញ្ញាមុនពេលអស់រដូវ ជាមួយគន្លឹះ ៦នេះ
12, Sep 2021 , 10:59 pm        
រូបភាព
រោគសញ្ញាមុនពេលអស់រដូវ គឺការអស់រដូវដែលលេចឡើងមុនស្ត្រីឈានដល់វ័យ ៤០ឆ្នាំ។ ថាតើក្នុងករណីចង់ទប់ស្កាត់រោគសញ្ញានេះអ្នកគួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ស្កាត់បញ្ហាអស់រដូវមុនឈានដល់វ័យ ៤០ឆ្នាំ ៖

 
១. បញ្ឈប់ការជក់បារី
 
​អ្នកជំនាញជាច្រើនបានឱ្យដឹងថាការជក់បារី គឺជាកត្តាចម្បងបំផុតមួយដែលធ្វើឱ្យការអស់រដូវកើតឡើងលឿនជាងធម្មតា។ នេះក៏ព្រោះតែបារីមានផ្ទុកសម្បូរទៅដោយសារធាតុពុលជាពិសេសសារធាតុកាបូនម៉ូណូអុកស៊ីត, នីកូទីន និងសារធាតុ cyanide។
 
២. គ្រប់គ្រងទម្ងន់ឱ្យបានត្រឹមត្រូវ
 
ការរក្សាបាននូវទម្ងន់រាងកាយត្រឹមត្រូវ គឺល្អណាស់សម្រាប់គ្រប់គ្នា ខណៈដែលភាពធាត់ជ្រុលអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ការអស់រដូវមុនឈានដល់វ័យជាបញ្ហាសុខភាពមួយក្នុងចំណោមនោះ! វេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ជាតិខ្លាញ់លើសប្រមាណក្នុងរាងកាយអាចបណ្ដាលឱ្យអ័រម៉ូនស្ត្រី estrogen ធ្លាក់ចុះដែលជាលទ្ធផលនៃបញ្ហាអតុល្យភាពអ័រម៉ូនបង្កជាការអស់រដូវមុនឈានដល់វ័យ។
 
៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
 
មួយក្នុងចំណោមវិធីដ៏ល្អបំផុតដើម្បីកម្ចាត់ ឬទប់ទល់ជាមួយបញ្ហាធាត់លើសទម្ងន់នោះ គឺការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ វាក៏ជួយរក្សាតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយផងដែរ។ ជាលទ្ធផលទប់ស្កាត់ការអស់រដូវលឿនខុសធម្មតា។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវខំធ្វើលំហាត់ប្រាណខ្លាំងជ្រុលពេកដែរ ក៏ព្រោះវាអាចបណ្ដាលឱ្យអ័រម៉ូនធ្លាក់ចុះ។
 
៤. កម្រិតការទទួលទានកាហ្វេអ៊ីននិងគ្រឿងស្រវឹង
 
ក្នុងកម្រិតមធ្យម, អាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាព។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ជួបប្រទះបញ្ហាអស់រដូវលឿនជាងធម្មតាទេនោះ ចូរកម្រិតការទទួលទានភេសជ្ជៈ ឬអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹង។
 
៥. រួមបញ្ចូលត្រីក្នុងរបបអាហារប្រចាំថ្ងៃ
 
ត្រី ជាពិសេសត្រីសាលម៉ុន និងត្រីធូណាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ៉អូមេហ្កា ៣ ដែលល្អណាស់សម្រាប់ជួយគ្រប់គ្រងតុល្យភាពអ័រម៉ូនទប់ស្កាត់បញ្ហាអស់រដូវមុនឈានដល់វ័យ។
 
៦. ព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេស
 
ប្រសិនបើមិនចង់អស់រដូវមុនឈានដល់វ័យទេនោះ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នកកុំឱ្យខ្ពស់ពេក។ នេះក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍អាចបណ្ដាលឱ្យមានបញ្ហាអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com