អន្តរជាតិ
វៀតណាម-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាយោធា និងការទិញលក់អាវុធ
12, Sep 2021 , 4:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិវៀតណាម ហ្វាន់ វ៉ាន់ហ្សាង ចាប់ដៃសមភាគីជប៉ុន គីស៊ី ណូបុ_ នាជំនួបនៅទីក្រុងហាណូយ។ រូបថតពីក្រសួងការពារជាតិជប៉ុន
រដ្ឋមន្ត្រីការពារជាតិវៀតណាម ហ្វាន់ វ៉ាន់ហ្សាង ចាប់ដៃសមភាគីជប៉ុន គីស៊ី ណូបុ_ នាជំនួបនៅទីក្រុងហាណូយ។ រូបថតពីក្រសួងការពារជាតិជប៉ុន
ប្រមុខការពារជាតិជប៉ុន និងវៀតណាម បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរ ខណៈដែលប្រទេសពីរនេះ សុទ្ធតែបារម្ភចំពោះការកើនឡើងឥទ្ធិពលរបស់ចិនដូចគ្នា។ នៅថ្ងៃទី១១ ខែកញ្ញា ជប៉ុន និងវៀតណាម ក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យជប៉ុននាំចេញសព្វាវុធផលិតក្នុងស្រុកទៅកាន់វៀតណាម និងផ្ទេរបច្ចេកវិទ្យាយោធាផងដែរ។

 
លោក គីស៊ី ណូបុ (Kishi Nobuo) រដ្ឋមន្ត្រីការពារជាតិជប៉ុន បានជួបជាមួយសមភាគីវៀតណាម ហ្វាន់ វ៉ាន់ហ្សាង ( Phan Van Giang) នៅថ្ងៃទី១១ ខែកញ្ញាក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសព្វាវុធ និងបច្ចេកវិទ្យាយោធា ដែលនឹងបើកផ្លូវឱ្យជប៉ុននាំចេញអាវុធយុទ្ធភណ្ឌ និងគ្រឿងបរិក្ខារយោធាទៅកាន់វៀតណាម។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិជប៉ុននៅថ្ងៃទី១១ ខែកញ្ញា លោក ណូបុ និងលោក ហ្សាង អះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យយោធាទ្វេភាគីឈានដល់កម្រិតថ្មីមួយ។ ប្រមុខការពារជាតិទាំងពីរ ក៏ជំរុញ​ឱ្យមានការបើកកិច្ចពិភាក្សារួមគ្នាដើម្បីលម្អិតផែនការក្នុងការអនុវត្តកិច្ចព្រមព្រៀងខាងលើនេះ។
 
ដោយទំនងចង់សំដៅចិន ក្រសួងការពារជាតិជប៉ុនបន្តថា រដ្ឋមន្ត្រីទាំងពីរ ក៏ឯកភាពគ្នាលើការធានាសេរីភាពនាវាចរណ៍ និងការហោះហើរក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័រ។ ជប៉ុន និងវៀតណាម ក៏មានផែនការពង្រឹងកិច្ចសហប្រតិបត្តិការដូចជាការរៀបចំលំហាត់យោធាពហុសាសន៍ និងទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុននៅតាមកំពង់ផែវៀតណាមផងដែរ។
 
ទស្សនកិច្ចរបស់លោក ណូបុ ធ្វើឡើងចំថ្ងៃទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅទីក្រុងហាណូយ។ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ ក៏ស្នើឱ្យវៀតណាមបញ្ចៀសការធ្វើសកម្មភាពជាឯកតោភាគីដែលបង្កបញ្ហាស្មុគស្មាញនៅសមុទ្រចិនខាងត្បូង។ 
 
ខណៈវៀតណាមទាស់គ្នាជាមួយចិននៅសមុទ្រចិនខាងត្បូង ជប៉ុន ក៏មើលមុខមិនត្រូវគ្នាជាមួយចិនរឿងសមុទ្រចិនខាងកើតលើសំណុំរឿងអធិបតេយ្យកោះ Senkaku ដែលចិនហៅថា Diaoyu ៕ 
 
 
 
 
 
 
 
 
 

Tag:
 វៀតណាម
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com