ជាតិ
កញ្ញា ឈាង ចាន់សុម៉ី មានឆន្ទៈយកជំនាញពីអង់គ្លេសមកចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
12, Sep 2021 , 3:19 pm        
រូបភាព
ដោយ៖ ស៊ូ សុគន្ធា
 
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជា លើជំនាញទំនាក់ទំនងអន្តរជាតិ (IR) និងជំនាញអប់រំ កញ្ញា ឈាង ចាន់សុម៉ី បានប្រឡងជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) នៅសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស។  និស្សិតរូបនេះ ត្រៀមចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញអប់រំជាសាកល និងការអភិវឌ្ឍអន្តរជាតិ ( Global Education and International Development) នៅចក្រភពអង់គ្លេស ក្នុងខែកញ្ញា ឆ្នាំ២០២១។ ​ ក្រោយបញ្ចប់ការសិក្សានៅអង់គ្លេស ចាន់សុម៉ី មានឆន្ទៈខ្ពស់ក្នុងការនាំចំណេះជំនាញរបស់ខ្លួនមកចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

 
ខាងក្រោមខាងនេះជាបទសម្ភាសរវាងកញ្ញា ស៊ូ សុគន្ធា នៃសារព័ត៌មានថ្មីៗជាមួយកញ្ញា ឈាង ចាន់សុម៉ី ដែលជានិស្សិតជាប់អាហារូបករណ៍លើជំនាញ Global Education and International Development នៅសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស៖ 
 
 
ស៊ូ សុគន្ឋា៖ ហេតុអ្វីបានជាកញ្ញាសម្រេចចិត្តជ្រើសរើសប្រឡងយកអាហារូបករណ៍លើជំនាញ Global Education and International Development? តើការសិក្សាជំនាញនេះ ផ្តោតទៅលើអ្វីខ្លះ?
 
ឈាង ចាន់សុម៉ី៖ Global Education and International Development បកប្រែជាភាសាខ្មែរថា  ជំនាញការអប់រំជាសកល និងការអភិវឌ្ឍអន្តរជាតិ។ មុខវិជ្ជានេះសិក្សាអំពីគោលគំនិតនៃការអភិវឌ្ឍដែលមានទំនាក់ទំនងជាមួយនឹងការអប់រំ។ ការសិក្សាជំនាញនេះ យើងអាចស្វែងយល់អំពីការអប់រំចំពោះដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍនៃប្រទេស ឬស្ថាប័នមួយ។ ការអភិវឌ្ឍ និងភាពលូតលាស់នៃប្រទេស ឬស្ថាប័នមួយ នឹងមិនអាចសម្រេចបានដោយគ្រប់ជ្រុងជ្រោយ និងនិរន្តភាពនោះទេ បើសិនជាមិនមានការយកចិត្តទុកដាក់ និងការវិនិយោគក្នុងវិស័យអប់រំ។​ ជាពិសេសអ្វី ដែលខ្ញុំនឹងផ្តោតសំខាន់ក្នុងការសិក្សាបន្ថែមនោះ គឺការអប់រំសម្រាប់កុមារតូច ដែលខ្ញុំគិតថាពិតជាមានសារៈសំខាន់ក្នុងការចាក់គ្រឹះសម្រាប់ការសិក្សាយូរអង្វែង និងពេញមួយជិវិតរបស់កុមារ។
  
ស៊ូ​ សុគន្ធា៖ តើការសិក្សាលើជំនាញអប់រំជាសកល និងការអភិវឌ្ឍអន្តរជាតិ នឹងផ្តល់សារប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ?
 
ឈាង ចាន់សុម៉ី៖ ការសិក្សាលើមុខវិជ្ជា និងជំនាញអ្វីក៏ដោយ ក៏សុទ្ធតែមានសារៈសំខាន់ ឬប្រយោជន៍សម្រាប់ខ្លួនយើងម្នាក់ៗ និងសង្គមជាតិរបស់យើង។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ និងចង់ផ្តោតលើជំនាញ ឬមុខវិជ្ជានេះ អ្នកអាចសាកល្បងស្វែងយល់បន្ថែមថា តើមុខវិជ្ជានេះសាកសមសម្រាប់គោលដៅ​ បទពិសោធ និងការចូលចិត្តរបស់អ្នកឬទេ។ ខ្ញុំជឿថា ប្រសិនបើយើងចូលចិត្ត និងចំណាយការព្យាយាមលើជំនាញអ្វីមួយ យើងសុទ្ធតែអាចចូលរួមចំណែកផ្តល់ផលប្រយោជន៍ឱ្យសង្គមជាតិ។ 
 
ស៊ូ សុគន្ធា៖ តើកត្តាអ្វីដែលជំរុញឱ្យកញ្ញាដាក់ពាក្យប្រឡងយកអាហារូបករណ៍សិក្សាជំនាញអប់រំជាសកល និងការអភិវឌ្ឍអន្តរជាតិនេះ?
 
ឈាង ចាន់សុម៉ី៖ ខ្ញុំ ជ្រើសរើសយកជំនាញនេះដោយសារកន្លងមកនេះ ខ្ញុំបាននិងកំពុងធ្វើការក្នុងវិស័យអភិវឌ្ឍ។​ ខ្ញុំធ្វើការងារលើកម្មវិធីដែលជួយលើកស្ទួយ និងរួមចំណែកទៅលើការអប់រំសម្រាប់កុមារ។ បទពិសោធការងារកន្លងមកនេះបានជំរុញឱ្យខ្ញុំចង់បន្តការសិក្សា និងពង្រឹងសមត្ថភាពក្នុងផ្នែកអភិវឌ្ឍ និងផ្តោតទៅលើការអប់រំកុមារតូចតែម្តង។ ខ្ញុំចង់បន្តអភិវឌ្ឍសមត្ថភាពខ្លួនឯង ក្នុងការសិក្សា និងការស្រាវជ្រាវលើប្រធានបទនេះ និងស្វែងយល់ឱ្យកាន់តែទូលាយពីសារៈសំខាន់ដែលវិស័យអប់រំមានទៅលើការអភិវឌ្ឍជាទូទៅ។ មួយវិញទៀត ខ្ញុំក៏មានប្រវត្តិការសិក្សាលើមុខវិជ្ជាស្រដៀងនេះដែរនៅកម្រិតថ្នាក់បរិញ្ញាបត្រ។
 
ស៊ូ សុគន្ធា៖ តើអ្វីជាបញ្ហាប្រឈមសម្រាប់កញ្ញា ក្នុងដំណើរការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេសនាពេកខាងមុខនេះ?
 
ឈាង ចាន់សុម៉ី៖ បញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យខ្ញុំសម្របខ្លួន នាអំឡុងពេលដែលខ្ញុំត្រូវទៅសិក្សានៅអង់គ្លេសតាមរយៈអាហារូបករណ៍ Chevening នាពេលខាងមុខនោះមាន ៣ចំណុច៖
 
ចំណុចទី១៖ ការរាតត្បាតនៃជំងឺកូវីដ-១៩នៅតែជាបញ្ហាចោទយ៉ាងខ្លាំង។ ប្រសិនមានការបិទខ្ទប់នានាដោយសារតែជំងឺកូវីដ-១៩ នោះសាកលវិទ្យាល័យមិនអាចបើកឱ្យនិស្សិតទៅរៀនដោយផ្ទាល់ និងមិនមានការជួបជុំជាទូទៅឡើយ។  ដូច្នេះខ្ញុំត្រូវរៀនតាមអនឡាញ​ដែលជាបញ្ហាចោលមួយសម្រាប់ខ្ញុំ។
 
ចំណុចទី២៖ ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេសនេះ គឺមានរយៈពេលតែ១ឆ្នាំគត់ ដូច្នេះហើយការសិក្សានេះនឹងធ្វើឱ្យយើងមានភាពមមាញឹកខ្លាំង និងតម្រូវឱ្យយើងចេះរៀបចំនូវកាលវិភាគ។ ជាពិសេសគឺតម្រូវឱ្យយើងចេះរក្សាតុល្យភាពរវាងការសិក្សា ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ នឹងការដើរកម្សាន្ត។ ប៉ុន្តែការសិក្សាត្រឹមរយៈពេល១ឆ្នាំនេះ  ក៏ជាចំណុចល្អមួយដែលយើងអាចបញ្ចប់ការសិក្សាឆាប់រហ័ស ហើយឆាប់យកចំណេះដឹងដែលទទួលបានពីការសិក្សានោះមកប្រើប្រាស់ជាប្រយោជន៍។ 
 
ចំណុចទី៣៖ ការសម្របខ្លួនទៅនឹង ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌របស់ជនជាតិអង់គ្លេស និងរបស់និស្សិតផ្សេងៗដែលមកពីប្រទេសជាង១៦០ជុំវិញពិភពលោកដែលទទួលបានអាហារូបករណ៍ Chevening ដូចជាយើងដែរ។ ការសម្របខ្លួន និងការព្យាយាមស្វែងយល់ភាពខុសគ្នាអាចមានភាពលំបាកសម្រាប់យើងនៅពេលដំបូង ប៉ុន្តែវាក៏ជាឱកាសដ៏ល្អសម្រាប់យើងក្នុងការស្វែងយល់ពីអ្នកដទៃដែលមកពីទីកន្លែងផ្សេងៗពីយើង។  ឱកាសសម្រាប់យើងនោះ គឺការពង្រីកចំណេះដឹងទូទៅ និងជំនាញទន់នានា។ 
 
 
ស៊ូ សុគន្ធា៖ ក្រោយបញ្ចប់ការសិក្សាលើជំនាញអប់រំជាសកល និងការអភិវឌ្ឍអន្តរជាតិ នៅសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស តើកញ្ញានឹង​ប្រើប្រាស់ជំនាញនេះទៅធ្វើការងារអ្វីដែរ? 
 
ឈាង ចាន់សុម៉ី៖ គោលដៅរបស់ខ្ញុំ គឺខ្ញុំនឹងឆ្លើយតបទៅនឹងការងារដែលខ្ញុំកំពុងធ្វើ និងមុខវិជ្ជាដែលខ្ញុំនឹងទៅសិក្សា។ ខ្ញុំមានបំណងចង់បន្តធ្វើការងារនៅក្នុងវិស័យអភិវឌ្ឍបន្តទៀតនៅក្នុងការបង្កើត និងអនុវត្តកម្មវិធីដែលពាក់ព័ន្ធទៅនឹងការចូលរួមលើកស្ទួយ និងអភិវឌ្ឍឱ្យកាន់តែប្រសើរនូវការអប់រំកុមារតូច។ ខ្ញុំសង្ឃឹមថាកម្មវិធីទាំងនោះ នឹងអាចជួយគាំទ្រទិសដៅនិងសកម្មភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅប្រទេសកម្ពុជា៕ 
 

Tag:
 សង្គម
 យុវជន
  អាហារូបករណ៍
  កញ្ញា ឈាង ចាន់សុម៉ី
© រក្សាសិទ្ធិដោយ thmeythmey.com