ជាតិ
បទសម្ភាសន៍
ការប្រឈមគឺជាឱកាសសម្រាប់អ្នកជំនាញទេសចរណ៍វ័យក្មេង
12, Sep 2021 , 5:19 pm        
រូបភាព
ភ្នំពេញ៖ នៅពេលដែលវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា មានការប៉ះពាល់យ៉ាងខ្លាំងនារដូវកូវីដ-១៩ ប្រជាពលរដ្ឋដែលកំពុងតែពឹងផ្អែកទៅលើវិស័យមួយនេះ បានជួបប្រទះផលវិបាក និងភាពមិនច្បាស់លាស់ផ្សេងៗក្នុងថ្ងៃអនាគត។ នៅពេលដែលភ្ញៀវអន្តរជាតិ ត្រៀមនឹងត្រឡប់មកវិញ ខេត្តមួយចំនួននៅកម្ពុជា ក៏កំពុងតែរៀបចំខ្លួន អភិវឌ្ឍន៍ និងកែលម្អទីតាំងក្នុងតំបន់ ដើម្បីចាប់ផ្ដើមទទួលភ្ញៀវទេសចរសារជាថ្មី នៅពេលខាងមុខ។ យុវវ័យកម្ពុជា ដែលសិក្សានៅក្នុងផ្នែកទេសចរណ៍ ក៏នៅតែបន្តពុះពារទៅមុខ ដោយដឹងថាវិបត្តិកូវីដ-១៩ នឹងក្លាយទៅជារឿងមួយ នៃអតីតកាល។ កញ្ញា ស៊ិន សក្តិនីតា ដែលជានិស្សិតឆ្នាំទី ៤ សិក្សាខាងផ្នែកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានចែករំលែកការយល់របស់ខ្លួន ទៅលើវិស័យទេសចរណ៍កម្ពុជា នារយៈពេលដែលលំបាកមួយនេះ ហើយក៏ដូចជាការផ្លាស់ប្ដូរវិបត្តិនេះ ទៅជាឱកាសវិញផងដែរ។

 
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញតាមដានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារពត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងកញ្ញា ស៊ិន សក្តិនីតា ដូចតទៅ៖
 
គី ចំណា៖ ខេត្តសៀមរាប គឺជាទិសដៅទេសចរណ៍ដ៏សំខាន់មួយទាំងសម្រាប់ទេសចរជាតិ និងបរទេស។ នៅក្នុងពេលនេះ ហើយក៏ដូចជាមុនវិបត្តិជំងឺកូវីដ-១៩ តើកញ្ញាគិតថាវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានលក្ខណៈចម្រុះគ្រប់គ្រាន់ដែរឬទេ? 
 
ស៊ិន សក្តិនីតា៖ ជាមួយនឹងទិសដៅទេសចរណ៍កម្រិតពិភពលោក ដែលមានជើងហោះហើរទៅកាន់ទីផ្សារធំៗ សៀមរាប គឺជាកន្លែងដែលពោរពេញទៅដោយសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ដ៏ល្អប្រណិត។ សៀមរាប ក៏ជាស្រុកកំណើតរបស់ខ្ញុំដែរ។ ទីក្រុងនេះ គឺជាកន្លែងដែលគ្រួសារកម្ពុជា និងទេសចរមកពីពិភពលោក អាចមកទស្សនាតំបន់ធម្មជាតិ តំបន់ប្រវត្តិសាស្រ្ត និងការបង្ហាញពីវប្បធម៌ផ្សេងៗទៀត។ លើសតែពីប្រាសាទដ៏ច្រើន សៀមរាបក៏មានកន្លែងសំខាន់ៗមួយចំនួនទៀត ដូចជាភ្នំគូលែន និងតំបន់កំពង់ភ្លុក ដែលមានព្រំដែនជាប់ជាមួយនឹងបឹងទន្លេសាបផងដែរ ដែលក្នុងនោះ មានដូចជាទេសភាពរបស់ផ្ទះអ្នកភូមិនៅលើផ្ទៃទឹក និងទេសភាពនៃព្រៃលិចទឹកធម្មជាតិជាដើម។ បន្ថែមពីនេះទៅទៀត អ្នកទេសចរកុំឲ្យជិះកម្សាន្តលើខ្សែរ៉ត នឹងធាក់កង់នៅតាមភូមិប្រជាជន។ បើតាមគំនិតខ្ញុំ ខ្ញុំគិតថាសៀមរាបមិនទាន់មានលក្ខណៈចម្រុះដែលអាចធ្វើឲ្យអ្នកទេសចរមកលេងបានយូរ ហើយត្រឡប់មកវិញញឹកញាប់នោះទេ។ បើទោះបីជាយើងអាចឃើញពីភាពខ្វះខាតមួយចំនួនក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅក្នុងតំបន់ខ្លះៗនៅឯខេត្តសៀមរាបក៏ដោយ ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធនៅតែបន្តជួយស្ដារឡើងវិញនូវសកម្មភាពមួយចំនួនដែលមាននៅក្នុងភូមិស្រុក ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរពីក្នុង និងក្រៅប្រទេស។ អាជីវកម្មនៅក្នុងភូមិស្រុកទាំងអស់នោះ មានដូចជាសេវាកម្មជិះទូកដែលអ្នកភូមិនាំភ្ញៀវទេសចរជិះកម្សាន្តលេងនៅតាមភូមិបណ្ដែតទឹករបស់ពួកគេ។ 
 


គី ចំណា៖ តើកញ្ញាគិតថាវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈចម្រុះដែរឬយ៉ាងណា? 

ស៊ិន សក្តិនីតា៖ ខ្ញុំអាចនិយាយបានថាប្រទេសកម្ពុជាគឺពោរពេញទៅដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌។ ហេតុដូច្នេះ សក្កដានុពលរបស់ពួកយើងក្នុងការធ្វើឱ្យវិស័យទេសចរណ៍យើងមានលក្ខណៈចម្រុះនោះមានទំហំធំណាស់។ ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងកំពុងតែវិនិយោគខ្លាំងទៅលើវិស័យសុខភាព និងវិស័យអប់រំ។ ចំពោះវិស័យទេសចរណ៍វិញ យើងតែងតែពឹងផ្អែកទៅលើប្រភពធនធានដែលយើងមានស្រាប់ហើយក្នុងការទាក់ទាញភ្ញៀវទេសចរ។ យើងអាចឃើញបានថា ខេត្តសៀមរាប និងខេត្តព្រះសីហនុគឺជាតំបន់ដែលមានការអភិវឌ្ឍន៍ខ្លាំងសម្រាប់ភ្ញៀវទេសចរ។ យើងក៏ពិបាកនិយាយដែរថាតើវិស័យទេសចរណ៍យើងមានលក្ខណៈចម្រុះដល់កម្រិតណា។ នេះគឺដោយសារតែប្រទេសកម្ពុជានៅជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ។ យើងនៅមានកម្រិតទៅលើអ្វីដែលយើងអាចធ្វើបាន។ បើយើងមើលទិដ្ឋភាពឲ្យវាទូលាយ រឿងនេះមិនមែនគ្រាន់តែជារឿងរបស់ប្រទេសដែលកំពុងអភិវឌ្ឍនោះទេ។ ប្រទេសដែលអភិវឌ្ឍហើយក៏នៅតែមានសក្កដានុពលរបស់ខ្លួនក្នុងការពង្រីកវិស័យទេសចរណ៍បន្ថែមទៀតដែរ។ គ្មានអ្វីដែលអាចនៅដដែលរហូតនោះទេ។ គេតែងតែត្រូវការការផ្លាស់ប្ដូរពីពេលវេលាមួយទៅកាន់ពេលវេលាមួយទៀត។ ដោយសារតែកម្ពុជាគឺជាប្រទេសមួយដែលពោរពេញទៅដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ យើងអាចចាត់ទុកការផ្លាស់ប្ដូរនៅក្នុងវិស័យទេសចរណ៍ទាំងនេះជាអាទិភាពមួយរបស់ជាតិយើងបាន។ យើងត្រូវធ្វើវាបើឡើងបើយើងចង់មានភាពជោគជ័យនៅក្នុងវិស័យឧស្សាហកម្មពិភពលោកនេះ។ 
 
គី ចំណា៖ នៅពេលដែលវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់ តើការផ្លាស់ប្ដូរគួរតែកើតឡើងនៅក្នុងផ្នែកមួយណានៃវិស័យទេសចរណ៍របស់ខេត្តសៀមរាប? បើតាមគំនិតរបស់កញ្ញា តើការផ្លាស់ប្ដូរនោះគួរតែកើតឡើងដោយដូចម្ដេច? 
 
ស៊ិន សក្តិនីតា៖ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលបានជួយស្ដារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាប។ សេចក្តីប្រកាសបានបញ្ជាក់ថា ផ្លូវ និងស្ពានជាច្រើនខ្សែនឹងត្រូវបានគេសាងសង់ឡើងដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរនៅក្នុងថ្ងៃខាងមុខ។ ផ្លូវចំនួន ៣៨ ខ្សែដែលមានប្រវែងសរុបប៉ុន្មានជា ១០០ គីឡូម៉ែត្រនឹងធ្វើឲ្យចរាចរណ៍នៅក្នុងខេត្តសៀមរាបមានលក្ខណៈធូរស្បើយជាងមុន ហៅវាក៏ជួយលើកតម្កើងសម្រស់របស់ខេត្តនេះផងដែរ ជាពិសេសនៅក្នុងពិធីបុណ្យធំៗមួយចំនួនដូចជាពិធីបុណ្យចូលឆ្នាំខ្មែរជាដើម។ ចំណុចដែលគួរផ្លាស់ប្ដូរនោះគឺប្រព័ន្ធគ្រប់គ្រងទេសចរណ៍។ យើងបានឃើញបញ្ហានេះយ៉ាងជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ នៅពេលដែលខេត្តសៀមរាបមានកម្រិតទេសចរណ៍ទាបមែនទែន។ ការបំពុលបរិស្ថានក៏បានកើតឡើងជាមួយនឹងការគ្រប់គ្រងមិនបានសូវដិតដល់ផងដែរ។ ពេលខ្លះ ការចូលមកនូវភ្ញៀវទេសចរដ៏ជោគជាំនារដូវបុណ្យទានក៏បានធ្វើឱ្យកន្លែងស្នាក់នៅ និងកន្លែងហូបចុកដទៃទៀតមានការខ្វះខាត។ រឿងទាំងអស់នេះ ក៏បានបង្កឱ្យមានភាពមិនពេញចិត្តទៅកាន់ភ្ញៀវទេសចរមួយចំនួនដែរ។ វាជារឿងសំខាន់ ជាពិសេសនៅពេលវេលាក្រោយវិបត្តិកូវីដ-១៩ដែលមន្ត្រី និងស្ថាប័នពាក់ព័ន្ធនានានាំគ្នាជួយបង្កើត និងថែរក្សាប្រព័ន្ធគ្រប់គ្រងទេសចរណ៍ដ៏ល្អមួយ។ ក្នុងនោះ មានដូចជាការកំណត់ទៅលើចំនួនភ្ញៀវទេសចរដែលអាចចូលមកទស្សនានៅក្នុងទីរមណីយដ្ឋានមួយក្នុងរយៈពេលកំណត់ណាមួយ។ ខ្ញុំនិយាយដូច្នេះគឺដោយសារតែមនុស្សជាច្រើនបានរស់នៅក្នុងផ្ទះនាពេលវិបត្តិកូវីដ-១៩។ ប៉ុន្តែ នៅពេលដែលវិបត្តិនេះមានលក្ខណៈធូរស្រាល ភ្ញៀវទេសចរ និងត្រឡប់មកដើរលេងកំសាន្តនៅក្នុងរមណីយដ្ឋានទាំងនេះយ៉ាងកុះករឡើងវិញ។ ហេតុដូច្នេះ យើងគួរតែបង្កើតការគ្រប់គ្រងមួយឲ្យបានជាក់លាក់ដើម្បីការពារតំបន់បេតិកភណ្ឌរបស់យើងពីការចូលមកទស្សនាជោគជាំខ្លាំងពេកពីសំណាក់ភ្ញៀវទេសចរ។ 
 
គី ចំណា៖ បើមានវិបត្តិស្រដៀងគ្នានេះអាចកើតឡើងនៅក្នុងថ្ងៃអនាគត តើអ្នកជំនាញខាងទេសចរណ៍នៅក្នុងប្រទេសកម្ពុជាគួរធ្វើយ៉ាងដូចម្ដេចដើម្បីការពារជំនួញរបស់ពួកគេពីផលប៉ះពាល់នានាដែលអាចកើតឡើង? 
 
ស៊ិន សក្តិនីតា៖ ក្នុងការឆ្លើយទៅកាន់សំណួរនេះ ខ្ញុំសូមយកខេត្តសៀមរាបជាឧទាហរណ៍ទៅចុះ។ នារដូវវិបត្តិកូវីដ-១៩ ខេត្តសៀមរាបមានការប៉ះទង្គិចយ៉ាងខ្លាំងបើប្រៀបធៀបមកកាន់ទីក្រុងភ្នំពេញ។ ខេត្តសៀមរាបមានលក្ខណៈល្បីល្បាញសម្រាប់ភ្ញៀវអន្តរជាតិច្រើនជាងភ្ញៀវជាតិ។ សណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងដទៃទៀតភាគច្រើនត្រូវបានគេធ្វើឡើងសម្រាប់ភ្ញៀវទេសចរក្រៅប្រទេស។ នៅពេលដែលព្រំដែនត្រូវបានគេបិទ និងជើងហោះហើរត្រូវបានគេផ្អាក ជំនួញនៅក្នុងខេត្តសៀមរាបជាច្រើនលែងមានដំណើរការដោយសារតែលែងមានភ្ញៀវទេសចរ។ បើងាកមកមើលទីក្រុងភ្នំពេញវិញ តំបន់នេះគឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ហេតុដូចនេះ អាជីវកម្មជាច្រើននៅតែបន្តដំណើរការបើទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តក៏ដោយមែន។ ទីក្រុងភ្នំពេញបម្រើសេវាកម្មឱ្យភ្ញៀវទេសចរកំសាន្ត អ្នកដំណើរធ្វើការ និងប្រជាជនក្នុងស្រុកដទៃទៀត។ ជំនួញទាំងអស់នេះមិនពឹងផ្អែកតែទៅលើភ្ញៀវទេសចរអន្តរជាតិច្រើនពេកនោះទេ។ ខ្ញុំគិតថាវិបត្តិដទៃៗទៀតនឹងអាចកើតឡើងនៅក្នុងថ្ងៃអនាគតដែលយើងមើលមិនឃើញ។ អ្នកជំនួញខាងផ្នែកទេសចរណ៍អាចប្រើប្រាស់លទ្ធផលល្អ និងមិនល្អទាំងអស់នេះដែលកើតមាននៅក្នុងពេលបច្ចុប្បន្ន សម្រាប់ការរៀបចំខ្លួននៅក្នុងថ្ងៃអនាគត។ ខ្ញុំក៏បានឃើញដែរថា ជំនួញនានាបានចាប់ផ្ដើមបង្ហាញខ្លួនរបស់ពួកគេនៅលើប្រព័ន្ធអនឡាញ។ នៅក្នុងវិបត្តិកូវីដ-១៩ នេះ រឿងជាច្រើនត្រូវបានគេធ្វើឡើងនៅតាមអ៊ីនធឺណិតដែលក្នុងនោះក៏មានសកម្មភាពមួយចំនួននៃវិស័យអប់រំផងដែរ។ ភោជនីយដ្ឋាន និងសណ្ឋាគារដែលមិនលក់អាហារតាមអនឡាញ បែរជាមកធ្វើវាវិញនៅក្នុងពេលសព្វថ្ងៃនេះ។ ដើម្បីធ្វើឲ្យជំនួញរបស់អ្នកដំណើរការទៅបានល្អ ម្ចាស់ជំនួញអាចចាប់ផ្ដើមលក់សេវាកម្ម ឬផលិតផលរបស់ពួកគេតាមប្រព័ន្ធអនឡាញឲ្យបានកាន់តែល្អជាងមុន។
 
គី ចំណា៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលភ្នាក់ងារទេសចរណ៍បាននាំភ្ញៀវទេសចរប៉ែកលោកខាងលិចមកទស្សនាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសវៀតណាម ឬប្រទេសម៉ាឡេស៊ីជាដើមនៅក្នុងរយៈពេលយូរ។ បើនិយាយដដែល ភ្នាក់ងារទេសចរណ៍ទាំងនោះគ្រាន់តែបាននាំមកភ្ញៀវទេសចរបែ៉កលោកខាងលិចមកទស្សនាប្រទេសកម្ពុជាបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បើតាមការសិក្សា និងបទពិសោធន៍របស់កញ្ញា តើយើងគួរតែធ្វើអ្វីខ្លះដើម្បីឱ្យភ្ញៀវទេសចរទាំងនោះបន្តមកលេងកម្ពុជាអោយបានយូរជាងមុន? 
 
ស៊ិន សក្តិនីតា៖ សម្រាប់ប្រទេសកម្ពុជា ទិដ្ឋការទេសចរណ៍មានសុពលភាពរហូតទៅដល់ ៣០ ថ្ងៃ ហៅយើងអាចបន្តសុពលភាពនេះបានយ៉ាងងាយស្រួល។ ប្រទេសយើងបើកយ៉ាងទូលាយឱ្យភ្ញៀវទេសចរនានាចូលមកកំសាន្តយ៉ាងងាយស្រួល។ ជាច្រើនឆ្នាំមុន យើងអាចដឹងបានថាភ្ញៀវទេសចរណ៍បរទេសមិនបានដឹងអំពីកន្លែងទេសចរណ៍ដែលមាននៅក្នុងប្រទេសកម្ពុជានោះទេ ហើយយើងក៏បានងើបចេញពីសង្គ្រាមស៊ីវិលដែលមានការប៉ះពាល់ខ្លាំងមកកាន់សង្គម និងសេដ្ឋកិច្ចរបស់យើងផងដែរ។ នេះបានន័យថា យើងមិនអាចអភិវឌ្ឍឲ្យបានរហ័សដូចប្រទេសជិតខាងមួយចំនួនរបស់យើងនោះទេ។ ជើងហោះហើរគឺជាផ្នែកមួយដ៏សំខាន់របស់វិស័យទេសចរណ៍យើងផងដែរ។ យើងកំពុងតែកសាង និងពង្រីកជើងហោះហើរទៅកាន់ផ្នែកផ្សេងៗនៅក្នុងពិភពលោកដោយផ្ទាល់ ជាមួយនឹងការកាត់បន្ថយជើងហោះហើរភ្ជាប់គ្នាច្រើន។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ខេត្តសៀមរាបនឹងបានសម្រេចការកសាងអាកាសយានដ្ឋានថ្មីទៅលើដីប្រមាណជា ៧៥០ ហិកតានៅឯស្រុកសូទ្រនិគម។ នេះនឹងផ្សាភ្ជាប់ខេត្តសៀមរាបឲ្យបានកាន់តែល្អជាមួយនឹងវិស័យទេសចរណ៍នៅក្នុងតំបន់។ ជាមួយនឹងផ្លូវថ្មីៗជាច្រើនទៀតដែរនោះ ភ្ញៀវទេសចរនឹងមានលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំណើរជុំវិញខេត្តសៀមរាប។
 


គី ចំណា៖ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ វិបត្តិកូវីដ-១៩ បានធ្វើឳ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈលំបាក។ ភោជនីយដ្ឋាន និងសណ្ឋាគារនានាបានបិទទ្វារ ហើយអ្នកបម្រើសេវាកម្មទេសចរណ៍ជាច្រើនក៏លែងមានការងារធ្វើផងដែរ។ សម្រាប់កញ្ញាដែលជានិស្សិតសិក្សាខាងផ្នែកទេសចរណ៍ តើកញ្ញាមានអារម្មណ៍ព្រួយបារម្ភដែរឬទេទៅលើអាជីពមួយនេះនៅក្នុងថ្ងៃអនាគត? តើកញ្ញាមានអារម្មណ៍ថាចង់ផ្លាស់ប្ដូរជំនាញទៅសិក្សាអ្វីផ្សេងទៀតដែរឬទេ? 
 
ស៊ិន សក្តិនីតា៖ មិនទេ។ មនុស្សជាច្រើននៅក្នុងពិភពលោកនឹងចង់ធ្វើដំណើរឡើងវិញ។ រលកនៃភ្ញៀវទេសចរនឹងកើតឡើងនៅពេលដែលប្រជាជននានាបានទទួលវ៉ាក់សាំងគ្រប់គ្រាន់។ តែនេះក៏ពឹងផ្អែកទៅលើកម្រិតនៃការចាក់វ៉ាក់សាំង មធ្យោបាយព្យាបាលថ្មីៗ និងរបៀបនៃការគ្រប់គ្រងផងដែរ។ យើងតែងតែឮអំពីវិស័យទេសចរណ៍ដោយសារតែវិស័យនេះមានលក្ខណៈធំ និងសំខាន់ ហើយមនុស្សបាននឹងកំពុងតែប្រាថ្នាក្នុងការចេញដើរកំសាន្តសារជាថ្មី។ គ្រប់ថ្នាក់នៃអ្នកបញ្ចប់ការសិក្សាតែងតែមានភាពប្រឈមរបស់ពួកគេរៀងៗខ្លួន។ ពួកយើងតែងតែឃើញភាពប្រឈម នៅពីលើឱកាសដែលយើងមាន។ ម្យ៉ាងវិញទៀត ជំនាញទេសចរណ៍ក៏មិនមែនពឹងផ្អែក និងមានទំនាក់ទំនងតែទៅលើភោជនីយដ្ឋាន និងសណ្ឋាគារតែមួយមុខនោះទេ។ ការដឹកជញ្ជូន ការទាក់ទាញ ការចែកចាយ មានលក្ខណៈផ្សារភ្ជាប់ជាមួយនឹងស្ថាប័ននានានៃវិស័យទេសចរណ៍ផងដែរ។ មុនវិបត្តិកូវីដ-១៩ មនុស្សម្នាក់ក្នុងចំណោមដប់នាក់នៅក្នុងពិភពលោកមានការងារនៅជាមួយនឹងវិស័យទេសចរណ៍ ហើយចំនួននេះនឹងកើនឡើង។ វាមិនមែនជាពេលមួយដែលយើងគួរតែអង្គុយព្រួយបារម្ភនោះទេ តែវាជាពេលមួយដែលយើងគួរតែប្រើប្រាស់ពេលវេលាក្នុងការរៀនសូត្រអំពីវិស័យមួយនេះដើម្បីរកដំណោះស្រាយឳ្យបានកាន់តែល្អនារដូវក្រោយវិបត្តិកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com