ជាតិ
សិល្បះ
តើគំនូរបុរាណខ្មែរ មានលក្ខណៈវិសេសយ៉ាងណាខ្លះ?
12, Sep 2021 , 7:29 pm        
រូបភាព
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ថតនៅមុខផ្ទាំងគំនូរបុរាណ(រូបផ្ដល់ឱ្យ)
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ថតនៅមុខផ្ទាំងគំនូរបុរាណ(រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ គំនូរបុរាណខ្មែរ គូរឡើងដើម្បីឧទ្ធិសដល់សាសនា មានសាសនាព្រះពុទ្ធ និងសាសនាព្រាហ្ម ដែលខ្មែរបានកាន់យកតាំងពីបុរាណកាលមក។ គំនូរបុរាណ ត្រូវបានគូរឡើងប្រកបដោយប្រណីតភាព ដែលលើសពីភាពពិចិត្រទៅទៀត។ លក្ខណៈវិសេសរបស់គំនូរបុរាណ គឺទម្រង់មុខរបស់តួអង្គ មិនឱ្យគូរធំជាងពងមាន់ឡើយ ហើយការគូរក្បាច់នោះទៀតសោត ត្រូវតែប្រើជក់តូចឆ្មារបំផុត ដែលបង្ហាញពីការផ្ចិតផ្ចង់។ ចំណែកពណ៌នៃគំនូរបុរាណ ត្រូវតែប្រើពណ៌ស្រគត់ស្រគំ។


លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗ ពីលក្ខណៈវិសេសរបស់គំនូរបុរាណថា ដូនតាខ្មែរបានបង្កើតគំនូរបុរាណឡើង ដើម្បីឧទ្ធិសដល់សាសនា មានសាសនាព្រះពុទ្ធ និងសាសនាព្រាហ្ម។ គំនូរបុរាណដែលត្រូវបានបែងចែកជា២ប្រភេទ គឺគំនូរបុរាណបែបសាសនា និងគំនូរបុរាណបែបជីវភាពប្រជាជននោះ បានបង្ហាញពីវិស័យសាសនា ផ្សារភ្ជាប់ជាមួយសង្គម។ 
 
ប្រធាននាយកដ្ឋានសិល្បៈសូនរូប រូបនេះ បញ្ជាក់ថា គំនូរបុរាណ ត្រូវបានគូរឡើងដោយការផ្ចិតផ្ចង់បំផុត ដើម្បីទទួលបានលទ្ធផលប្រកបដោយប្រណីតភាព។ លោកថាវិចិត្រករធម្មតា មិនអាចគូរគំនូរបុរាណបានឡើយ ដ្បិតអីគំនូរនេះត្រូវការភាពលំអិតខ្លាំង។ ការគូរគំនូរ ដែលជាប់ពាក់ព័ន្ធនឹងសាសនា ឬរឿងពីបុរាណ ដូចជារឿងរាមកេរ្ដិ៍ជាដើម វិចិត្រករត្រូវតែស្គាល់ច្បាស់តួអង្គទាំងអស់ក្នុងរឿង សូម្បីតែសម្បុររបស់តួអង្គ ពណ៌សម្លៀកបំពាក់ និងគ្រឿងសាស្ត្រាវុធរបស់តួអង្គជាដើម។
 
លោក ឈឹម សុធី ពន្យល់បន្ថែម៖«អ្នកគូរត្រូវដឹងរឿងពុទ្ធប្រវត្តិ និងរឿងពីបុរាណច្បាស់លាស់ សូម្បីតែសត្វដែលមានក្នុងរឿងទាំងនោះ ក៏ត្រូវស្គាល់រូបរាងវាច្បាស់ដែរ ដើម្បីអាចប្រើក្បាច់ភ្ញីទេស ភ្ញីវល្ល៍ ឬភ្ញឺភ្លើង បានត្រឹមត្រូវ។ 
  

 លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម(រូបផ្ដល់ឱ្យ)

គំនូរបុរាណ មិនអាចប្រើពណ៌ឆើតបានទេ ត្រូវប្រើពណ៌ស្រគត់ស្រគំ និងជាពណ៌ធម្មជាតិ យកពីដើមឈើ ឫសឈើ មើមឈើ និងស្លឹកឈើជាដើម។ ឬគេអាចបិទមាសសន្លឹកផង។ អ្នកគូរទាល់តែមានការអត់ធ្មត់ និងការសមាធិខ្ពស់ ទើបអាចភ្ជាប់ចិត្តកាយរបស់ខ្លួន ជាមួយតួអង្គដែលខ្លួនកំពុងគូរ»។
 
ចំណែកគំនូរនៅតាមវត្តនានា ដែលឃើញគូរក្នុងសម័យបច្ចុប្បន្ននេះ ដ្បិតមានលំនាំដូចទៅនឹងគំនូរបុរាណក៏ពិតមែន ប៉ុន្តែលោក ឈឹម សុធី ថានោះពុំមែនជាទម្រង់នៃគំនូរបុរាណឡើយ។ វិចិត្រករ ឈឹម សុធី អះអាងថា ទម្រង់នៃគំនូរបុរាណ ត្រូវតែគូរមុខមនុស្សប៉ុនទំហំពងមាន់។ ប៉ុន្តែបើគំនូរនោះ ទម្រង់មុខធំជាងពងមាន់ គេហៅថាគំនូរសហសម័យ ឬគំនូរបុរាណក្លាយ។
ប្រធាននាយកដ្ឋានសិល្បៈសូនរូប រូបនេះ សង្កេតឃើញថា គំនូរបុរាណក្លាយដែលត្រូវបានគូរនៅតាមវត្ត ក្នុងសម័យបច្ចុប្បន្ន វិចិត្រករខ្លះគូរឱ្យតែរួចពីដៃ ខ្វះការផ្ចិតផ្ចង់ មិនមានប្រណិតភាព មិនសូវស្អាត និងមិនបានគោរពតាមក្បួនបុរាណឡើយ។ 
 
«ក្បួនគំនូរបុរាណ គេគូរលក្ខណៈសំប៉ែត ដោយមិនត្រូវការទំហំធំឡើយ។ គំនូរបុរាណ គេឱ្យតម្លៃលើភាពលម្អិតឆ្មារ និងរូបតូចៗ។ ចង់គូរប៉ុន្មានម៉េត្របួនជ្រុងក៏បាន តែមុខមនុស្ស ត្រូវតែគូរប៉ុនពងមាន់។ បើគូរបានកាន់តែតូច គឺកាន់តែល្អ ព្រោះកាន់តែបង្ហាញពីភាពលម្អិត និងហ្មត់ចត់ គ្រាន់តែថាពិបាកគូរខ្លាំង។ លក្ខណៈពិសេសរបស់គំនូរបុរាណ គឺគ្រប់ក្បាច់មានលក្ខណៈតូចឆ្មារ ស្ដើង ល្អិត ដើម្បីជាការគោរពនិងរំលឹកដល់គុណព្រះពុទ្ធសាសនា ឬព្រហ្មញ្ញសាសនា»។ នេះជាការពន្យល់របស់លោក សុធី។ 
 
បើតាមប្រធាននាយកដ្ឋានសិល្បៈសូនរូបដដែល ខ្មែរចេះគូរគំនូរតាំងពីសម័យបុរេប្រវត្តិ ប៉ុន្តែមិនមានគំនូរនៅសេសសល់ឡើយ លោកថាព្រោះគំនូរឆាប់ពុកផុយជាងចម្លាក់ថ្ម។ យ៉ាងណាក៏ដោយ លោក សុធី ថា វិស័យគំនូរខ្មែរ ត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើរឡើង ក្រោយពីខ្មែរទទួលឥទ្ធិពលពីឥណ្ឌា តាមរយៈស្ដេចខ្មែរដែលមានឈាមជ័រជាជនជាតិឥណ្ឌា គឺព្រះបាទហ៊ុន ទៀន (ព្រះថោង) ជាបឋមក្សត្រនៃកម្ពុជា។ ទ្រង់បាននាំយកសិល្បៈ គំនូរ និងរបាំជាដើមមកដែនដីសុវណ្ណភូមិ។ 


លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម(រូបផ្ដល់ឱ្យ)

គំនូរបុរាណមួយដែលត្រូវបានគូរជាប់នឹងប្រាសាទ ក្នុងអំឡុងស.វទី១០-១១ នៅប្រាសាទនាងខ្មៅភ្នំជីសូ នៅមានសល់ស្លាកស្នាមដល់សព្វថ្ងៃ។ ចំណែកគំនូរបុរាណ នៅក្នុងព្រះវិហារព្រះកែវមរកត ស្ថិតក្នុងព្រះបរមរាជវាំងចតុមុខ គូរពីដំណើររឿងរាមកេរ្តិ៍។ គំនូរនោះត្រូវបានគូរក្នុងសម័យបារាំង គឺក្នុងអំឡុងឆ្នាំ១៨០០ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថ។ ចំណែកគំនូរបុរាណ ដែលនៅសេសសល់ពីសម័យមុនមួយទៀត គឺនៅវត្តកំពុងត្រឡាចលើ ក្នុងខេត្តកំពង់ឆ្នាំង ដោយគូរពីរឿងព្រះពុទ្ធសាសនា។ នេះជាការបញ្ជាក់របស់លោក ឈឹម សុធី។
 
ប្រធាននាយកដ្ឋានសិល្បៈសូនរូប លោក សុធី ថា បច្ចុប្បន្នគ្រូជំនាញគំនូរបុរាណ បានចែកឋានអស់ច្រើន ហើយគ្រូចាស់ៗដែលនៅមានជន្មាយុ ក៏មានជំងឺប្រចាំកាយព្រោះតែវ័យជរា។ ចំណែកការបណ្ដុះបណ្ដាល ជំនាញគំនូរបុរាណទៅអ្នកជំនាន់ក្រោយ នៅមានច្រើនដែរ ពីសាលាមធ្យមវិចិត្រសិល្បៈ អង្គការ ឬសមាគមនានា។ លោក ឈឹម សុធី ជឿថាទៅថ្ងៃអនាគតជំនាញគំនូរបុរាណមិនបាត់បង់ឡើយ៕
 
 

Tag:
 សិល្បៈ
  គំនូរ
  វប្បធម៌
  បុរាណ
 
© រក្សាសិទ្ធិដោយ thmeythmey.com