ជាតិ
យុវជន ហ៊ុន សុខហៀង ច្នៃការផាត់មុខជាសិល្បៈគំនូរ បែបប្រពៃណីខ្មែរ និងអប់រំផ្នែកបរិស្ថាន
12, Sep 2021 , 10:29 pm        
រូបភាព
គេតែងឃើញការផាត់មុខបែបទូទៅ ដើម្បីលើកសម្រស់ ប៉ុន្តែយុវជន ហ៊ុន សុខហៀង បានច្នៃប្រឌិតការផាត់មុខ ជារូបភាពបែបវប្បធម៌ ប្រពៃណីខ្មែរ និងអប់រំផ្នែកបរិស្ថាន ការផាត់មុខបែបសិល្បៈគំនូរនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ផងដែរ។


យុវជន ហ៊ុន សុខហៀង បានចាប់ផ្តើមរៀនផាត់មុខដោយខ្លួនឯង តាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ ដោយផ្តើមចេញពីការផាត់មុខបែបទូទៅ ។ មុនពេលឈានដល់ការផាត់មុខនេះ សុខហៀង ធ្លាប់ជាក្មេងម្នាក់ដែលចូលចិត្តគូរគំនូរ តាំងពីអាយុ៣ឆ្នាំ។ ក្រោយផាត់មុខបែបទូទៅអស់២ឆ្នាំ យុវជនរូបនេះ ក៏បានច្នៃការផាត់មុខ រួមបញ្ចូលជាមួយគំនូរ ដើម្បីរំលេចទម្រង់សិល្បៈលើផ្ទៃមុខ។ 
 
យុវជន ហ៊ុន សុខហៀង មិនបានទៅរៀនផាត់មុខពីសាលា ឬមើលតាមយូធូប(YOUTUBE ) ឡើយ ដោយរូបគេមានគំនិតច្នៃប្រឌិតខ្លួនឯង និងទទួលបានគំនិតខ្លះពីអ្នកផាត់មុខបរទេស។ យុវជនវ័យ១៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទដូច្នេះថា៖« ខ្ញុំមានគំនិតខ្លួនឯង និងទទួលបានគំនិតខ្លះ ពីអ្នកផាត់មុខបរទេសតាមទូរទស្សន៍។ បន្ទាប់ពីខ្ញុំចេះផាត់មុខស្ទាត់ហើយ ខ្ញុំក៏មានគំនិតបញ្ចូលការគូររូបចូលដែរ ហើយក៏ចេញជាការផាត់មុខបែបសិល្បៈគំនូរដូចរាល់ថ្ងៃនេះទៅ»។ 
 
សុខហៀង បានបង្ហោះស្នាដៃផាត់មុខ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការគាំទ្រជាច្រើនពីមហាជន។ យុវជនរូបនេះ បានលើកឡើងថា «កន្លងមកខ្ញុំបានផាត់មុខបែបសិល្បៈគំនូរបែបបុណ្យទាននានាដូចជា បុណ្យចូលឆ្នាំខ្មែរ បុណអ៊ុំទូក និងផាត់ជារឿងព្រេងនិទានខ្មែរ ដូចជារឿងនាងកងរី តួក្នុងរឿងល្ខោនខោល នាងសុវណ្ណមច្ឆាជាដើម»។ 
 


រូបភាពផាត់មុខបែបសិល្បៈគំនូររបស់យុវជន ហ៊ុន សុខហៀង។ រូបភាពពី ហ្វេសប៊ុកលោក ហ៊ុន សុខហៀង។ 

ក្រៅពីនេះ យុវជន សុខហៀង ក៏បានផាត់មុខនិយាយពីរឿងធម្មជាតិ ការបោះចោលសំរាមផ្តេសផ្តាស សត្វដែលជិតផុតពូជ និងជំងឺកូវីដ-១៩ផងដែរ។ មិនត្រឹមតែផាត់មុខបែបសិល្បៈគំនូរ ការផាត់មុខនីមួយៗរបស់ សុខហៀង សុទ្ធតែមានបញ្ចូលខ្លឹមសារអប់រំផងដែរ។ 
 
ចំពោះការផាត់មុខសិល្បៈគំនូរបែបវប្បធម៌វិញ សុខហៀង មានគំនិតចង់ឲ្យកូនខ្មែរជំនាន់ក្រោយមើលហើយស្គាល់ និងចេះការពារវប្បធម៌ខ្មែរ។ ចំណែកការផាត់មុខទាក់ទងបរិស្ថាន គឺដើម្បីឲ្យអ្នកដែលបានឃើញគាត់ចេះស្រលាញ់ធម្មជាតិ ហើយកុំឲ្យបោះចោលសំរាមផ្តេសផ្តាស ព្រោះវាបំផ្លាញធម្មជាតិ។ «យើងរស់នៅលើពិភពលោកនេះ ហើយបើពិភពលោកនេះមិនស្រស់ស្អាតដូចមុន គឺយើងពិបាករស់នៅណាស់»។ នេះបើតាមយុវជនវ័យ១៩ឆ្នាំ។
 
ភាពច្នៃប្រឌិតទាំងនេះ បានជួយឲ្យ សុខហៀង អាចរកចំណូលបានទាំងវ័យក្មេងផងដែរ ដោយមានតារាសម្ដែង ហៅរូបគេទៅផាត់មុខឲ្យទៀតផង។ មុនទទួលបានការគាំទ្រ សុខហៀង ក៏ជួបការលំបាកដែរ ចំពោះការផាត់មុខបែបនេះ។ « ដំបូងរាងពិបាកបន្តិច ព្រោះដៃនៅរឹង ហើយការផាត់មុខមិនដូចជាការគូររូបនៅលើក្រដាសរាបស្មើរឡើយ។ ការផាត់លើផ្ទៃ មុខយើងត្រូវប្រើជក់ផង ឧបករណ៍ផ្សេងៗផង»។ នេះជាការបញ្ជាក់របស់យុវជន ហ៊ុន សុខហៀង អ្នករស់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានបំណងទៅសិក្សានៅក្រៅប្រទេសបន្ថែមលើជំនាញនេះ ដើម្បីអភិវឌ្ឈន៍ខ្លួន៕
 


រូបភាពផាត់មុខបែបសិល្បៈគំនូររបស់យុវជន ហ៊ុន សុខហៀង។ រូបភាពពី ហ្វេសប៊ុកលោក ហ៊ុន សុខហៀង។ 


Tag:
 ថ្មីៗ
  ការផាត់មុខបែបសិល្បៈ
  យុវជន ហ៊ុន សុខហៀង
© រក្សាសិទ្ធិដោយ thmeythmey.com