ជាតិ
បុណ្យភ្ជុំបិណ្ឌ
អ្នកនាំពាក្យ៖ គ្រប់វត្តប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងកឋិនទាន តែត្រូវគោរពវិធានការសុខាភិបាល
23, Sep 2021 , 9:38 am        
រូបភាព
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យគ្រប់វត្ត នៅទូទាំងប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន តែត្រូវគោរពវិធានការសុខាភិបាល ពិសេស ៣កុំ៣ការពារ ដើម្បីបង្ការការឆ្លងជំងឺ​កូវីដ​-១៩។



លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា គ្រប់មន្ទីរធម្មការនិងសាសនា រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈ ឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ និងកឋិនទាន។ លោកបន្ថែមថា គ្រប់វត្តអារាម ត្រូវអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ វាស់កម្ដៅ រក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច វិធានការ៣កុំ៣ការពារ។
 
លោក សេង សុមុនី បញ្ជាក់៖ «យើងមិនកំណត់ចំនួនមនុស្សចូលវត្ត ឬចូលសាលាឆាន់ទេ។ ព្រះសង្ឃ និងតាអាចារ្យគាត់ដឹងហើយ ថាត្រូវឱ្យពុទ្ធបរិស័ទប៉ុន្មាននាក់ចូលប្រគេនចង្ហាន់ព្រះសង្ឃម្ដង អាស្រ័យលើសាលាឆាន់តូចឬធំ ធ្វើយ៉ាងណាដើម្បីឱ្យមានគម្លាតសុវត្ថិភាព។ យើងធ្លាប់ប្រាប់តាមវត្តច្រើនដងហើយ ពីបញ្ហានេះ»។
 
បន្ថែមពីនោះ ក្រសួងក៏បានណែនាំដល់គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជនីដ្ឋាន ស្ដូប កន្លែងតម្កល់អដ្ឋិធាតុជនរួមជាតិខ្មែរ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍។ ត្រូវតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា។
 
សូមបញ្ជាក់ថា ធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោចដល់១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ ចំណែកពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២១៕
 

Tag:
 សាសនា
  ភ្ជុំបិណ្ឌ
  កឋិន
  បុណ្យ
© រក្សាសិទ្ធិដោយ thmeythmey.com