អន្តរជាតិ
ចិននិងប៉ាគីស្ថានបញ្ជូនជំនួយទៅអាហ្វហ្កានីស្ថាន ខណៈលោកខាងលិចកំពុងគិតគូរនៅឡើយ
13, Sep 2021 , 12:03 pm        
រូបភាព
អង្គការសហប្រជាជាតិ (UN) នឹងរៀបចំកិច្ចប្រជុំជាន់ខ្ពស់ស្តីពីស្ថានភាពមនុស្សធម៌នៅ អាហ្វហ្កានីស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីគៀងគរជំនួយប្រមាណ៦០០លានដុល្លារសម្រាប់បញ្ចៀសវិបត្តិមនុស្សធម៌ក្នុងប្រទេសនេះ។ ខណៈលោកខាងលិចនៅស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយនោះ ចិននិងប៉ាគីស្ថានដែលជាប្រទេសជិតខាងបានបញ្ជូនជំនួយមួយចំនួនរួ​ចទៅហើយ ហើយគ្រោងនឹងផ្ដល់ ជំនួយបន្ថែមទៀតផង។​

 
សេដ្ឋកិច្ចអាហ្វហ្កានីស្ថាន កំពុងស្ថិតនៅស្ថានភាពយ៉ាប់យ៉ឺនដ៏ធ្ងន់ធ្ងរដែលនឹងបណ្ដាលឱ្យមនុស្សរាប់ លាននាក់ភៀសខ្លួន ឬធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងប្រឈមវិបត្តិកង្វះអាហារផងដែរ។ ក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកញ្ញា UN គ្រោងស្នើឱ្យប្រទេសសមាជិកផ្ដល់ជំនួយមនុស្សធម៌ដល់ អាហ្វហ្កានីស្ថានជាបន្ទាន់ក្នុងចំនួនទឹកប្រាក់៦០០លានដុល្លារ។ 
 
អាម៉េរិកនិងបណ្ដាប្រទេសលោកខាងលិច ត្រូវមើលឃើញថា នៅស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយ មនុស្សធម៌ទៅ​ឱ្យអាហ្វហ្កានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដោយរង់ចាំមើលសកម្មភាពរបស់ក្រុមតាលីបង់លើការការពារសិទ្ធិមនុស្ស និងស្រ្តី។ ភាពយឺតយ៉ាវ ក៏រុញឱ្យអាហ្វហ្កានីស្ថានក្រោមរបបក្រុមតាលីបង់ខិតទៅជិតប៉ាគីស្ថាន និងចិនដែលបានប្រកាសផ្ដល់ជំនួយ នៅពេលថ្មីៗនេះ។
 
កាលពីសប្ដាហ៍មុន ចិនបានប្រកាសថា ខ្លួននឹងផ្ដល់ស្បៀងអាហារនិងថ្នាំពេទ្យក្នុងចំនួនទឹកប្រាក់៣១ លានដុល្លារទៅកាន់អាហ្វហ្កានីស្ថាន។ នេះជាជំនួយបរទេសដំបូងបង្អស់ទៅកាន់ប្រទេសនេះ បន្ទាប់ពីក្រុមតាលីបង់កាន់អំណាចជាថ្មី។
 
ជាមួយគ្នានេះ ប៉ាគីស្ថានក៏បានបញ្ជូនសម្ភារផ្គត់ផ្គង់ដូចជាប្រេងចម្អិន និងថ្នាំពេទ្យដល់អាជ្ញាធរទីក្រុង កាប៊ុលដែរ។ រដ្ឋមន្ត្រីការបរទេសបាគីស្ថានក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយ ដោយគ្មានលក្ខខណ្ឌ និងបើកឱ្យអាហ្វហ្កានីស្ថានអាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួននៅក្រៅប្រទេស ឡើងវិញផងដែរ។
 
ប៉ាគីស្ថាន មានទំនាក់ទំនងជិតដិតជាមួយតាលីបង់ជាយូរមកហើយ។ ប្រទេសនេះ ក៏រងការចោទ ប្រកាន់ថា បានគាំទ្រក្រុមនេះក្នុងការប្រយុទ្ធប្រឆាំងជាមួយអាម៉េរិកអស់រយៈពេលជិត២០ឆ្នាំមកនេះទៀតផង។ ចំពោះចិនវិញ ការពង្រឹងទំនាក់ទំនងជាមួយក្រុមតាលីបង់ ជាការដោះស្រាយក្ដីបារម្ភពី ក្រុមសកម្មប្រយុទ្ធជ្រុលនិយមដែលអាចហូរចេញពីអាហ្វហ្កានីស្ថានឆ្លងកាត់ព្រំដែនចូលប្រទេសខ្លួន។ ម្យ៉ាងវិញទៀត ចិនទំនងសម្លឹងមើលធនធានរ៉ែរបស់អាហ្វហ្កានីស្ថាននិងឱកាស 
វិនិយោគផងដែរ៕
 

Tag:
 ចិន
  ប៉ាគីស្ថាន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com