អន្តរជាតិ
កូរ៉េខាងជើង សាកល្បងមីស៊ីលផ្លោងចម្ងាយឆ្ងាយថ្មី តែអាម៉េរិកចាត់ទុកជាការគំរាមប្រទេសផ្សេង
13, Sep 2021 , 2:36 pm        
រូបភាព
រូបថត KCNA
រូបថត KCNA
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃទី១៣ ខែកញ្ញាថា ប្រទេសបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយវែងប្រភេទថ្មីមួយដោយជោគជ័យនៅចុងសប្តាហ៍មុន។ ការបាញ់នេះ ធ្វើឡើងពីរថ្ងៃ​ក្រោយកូរ៉េខាងជើងរៀបចំក្បួន​ព្យុហយាត្រាអបអរថ្ងៃបង្កើតប្រទេស។ យោធាអាម៉េរិកចាត់ទុកការសាកល្បងនេះ ជាការគំរាមប្រទេសក្នុងតំបន់ និងអន្តរជាតិ។


កូរ៉េខាងជើង បានសាកល្បងមីស៊ីលចម្ងាយឆ្ងាយប្រភេទថ្មីនៅថ្ងៃទី១១ និងទី១២ ខែកញ្ញា ដោយគ្មានវត្តមានរបស់មេដឹកនាំ គីម ជុងអ៊ុន ឡើយ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថាមីស៊ីលដែលសាកល្បង ធ្វើដំណើរក្នុងរយៈពេល៧,៥៨០វិនាទី ពីលើដែនគោក និងដែនទឹករបស់កូរ៉េខាងជើង ហើយកម្ទេចគោលដៅនៅចម្ងាយ១៥០០គីឡូម៉ែត្រ។  
 
ការធ្វើតេស្តលម្អិតលើផ្នែកមីស៊ីល កម្លាំងម៉ាស៊ីន ការហោះហើរ, ការបញ្ជា និងការធ្វើតេស្តថាមពលក្បាលគ្រាប់របស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយថ្មី ត្រូវបានធ្វើឡើងដោយជោគជ័យ។ KCNA រាយការណ៍បែបនេះ។ មិនមានវត្តមានលោក គីម ការសាកល្បងមានវត្តមានលោក Pak Jong-chon ដែលជាសមាជិកជាន់ខ្ពស់បក្សពលករ  
 
«នេះគឺជាការបង្ហាញដ៏អស្ចារ្យមួយទៀតលើសមត្ថភាពដ៏អស្ចារ្យនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសយើង»។ KCNA ស្រង់សម្តីរបស់លោក Pak បែបនេះ។ 
 
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងវិភាគស៊ីជម្រៅលើមីស៊ីលប្រភេទថ្មីរបស់កូរ៉េខាងជើង ដោយសហការយ៉ាងជិតស្និទ្ធពីអាម៉េរិក។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap អ្នកជំនាញផ្នែកអាវុធបានលើកឡើងថា អាវុធដែលទើបបង្ហាញថ្មីរបស់កូរ៉េខាងជើង មានលក្ខណៈប្រហាក់ប្រហែលនឹងមីស៊ីលផ្លោងចម្ងាយឆ្ងាយ Tomahawk របស់អាម៉េរិក និងមីស៊ីលផ្លោង​ Hyunmoo-3C របស់កូរ៉េខាងត្បូងផងដែរ។
 
ភ្លាមៗក្រោយការសាកល្បងនេះ យោធាអាម៉េរិក ក៏ចេញមុខបរិហារកូរ៉េខាងជើង ហើយបន្តតាមដានស្ថានភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងបន្តទំនាក់ទំនងជាមួយដៃគូ និងសម្ព័ន្ធមិត្តក្នុងតំបន់។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកនៃកងទ័ពអាម៉េរិក អះអាងថា ការបាញ់មីស៊ីលនេះ បង្ហាញពីការបន្តការផ្ដោតលើកម្មវិធីមីស៊ីលពីសំណាក់ទីក្រុងព្យុងយ៉ាង ហើយដែលបានគំរាមប្រទេសជិតខាង និងអន្តរជាតិ។
 
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងការការពារកូរ៉េខាងត្បូង និងជប៉ុន មិនប្រែប្រួលឡើយ៕
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com