កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៣៩ឆ្នាំ Zlatan ក្លាយជាកីឡាករបរទេសវ័យចំណាស់ស៊ុតចូលច្រើនជាងគេនៅ Serie A
13, Sep 2021 , 4:09 pm        
រូបភាព
ក្រោយត្រឡប់ពីរបួសរយៈពេល៤ខែ Zlatan Ibrahimovic បានបន្តរកគ្រាប់បាល់បញ្ចូលទីជាថ្មី ដើម្បីជួយ AC Milan ឈ្នះ Lazio ២-០ នាការប្រកួត Serie A សប្តាហ៍ទី៣។ Ibrahimovic វ៉ាដាច់កំណត់ត្រារបស់ Bruno Alves ក្នុងនាមជាកីឡាករបរទេសចំណាស់ជាងគេដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលអ៊ីតាលី។


ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតដែលសព្វថ្ងៃមានវ័យ ៣៩ ឆ្នាំ ស៊ុតគ្រាប់បាល់ទី២នៅនាទី៦៧ បន្ទាប់ពី Rafael Leao សម្រេចគ្រាប់បើកឆាកនៅចុងតង់ទី១ នៅជំនួបលីគកំពូលអ៊ីតាលីរដូវកាល២០២១-២២ សម្រាប់សប្តាហ៍ទី៣ នៅថ្ងៃទី១២ ខែកញ្ញា។ តាមរយៈជ័យជម្នះ ២-០ លើក្រុម Lazio នេះ បានជួយ AC Milan ទទួលបាន៩ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២ ស្មើក្រុមកំពូលតារាង AS Roma។
 
អាយុ ៣៩ ឆ្នាំនិង ៣៤៤ ថ្ងៃ Ibrahimovic បានវ៉ាដាច់កំណត់ត្រារបស់ Bruno Alves ក្នុងនាមជាកីឡាករបរទេសវ័យចំណាស់ជាងគេ ដែលអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A។
 
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Barcelona, ​​Inter Milan និង Juventus រូបនេះ បានអវត្តមានតាំងពីខែឧសភាដោយសាររបួសជង្គង់។ ត្រឡប់មកវិញនៅ៤ខែក្រោយ Ibrahimovic រកគ្រាប់ដំបូង និងជាគ្រាប់បាល់ក្នុង ២៤ រដូវកាលផ្សេងគ្នា ចាប់តាំងពីលីគស៊ុយអែតនារដូវកាល ១៩៩៨-៩៩ មក។
 
លោក Stefano Pioli អ្នកចាត់ការទូទៅ AC Milan សរសើរ Ibrahimovic មិនដាច់ពីមាត់ឡើង។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីអះអាងថា៖ « Ibrahimovic មិនដែលចាស់ឡើយ ហើយគាត់មានសេចក្តីជម្នះយ៉ាងខ្លាំងនៅក្នុងខ្លួនគាត់។ គាត់ប្រកួតដើម្បីឈ្នះ។ គាត់ប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្កើតសមត្ថភាព ទោះវ័យជ្រែហើយក្តី»៕
 

Tag:
 Zlatan Ibrahimovic
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com