រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនផលិតឡានអគ្គិសនីច្រើនពេក រដ្ឋាភិបាលចិនចង់ឱ្យច្របាច់ចូលគ្នាខ្លះ
13, Sep 2021 , 6:59 pm        
រូបភាព
រដ្ឋាភិបាលចិន គ្រោងនឹងឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ច្របាច់បញ្ចូលខ្លះ ព្រោះបច្ចុប្បន្ន ចិនមានក្រមហ៊ុនផលិតរថយន្តអគ្គិសនីច្រើនពេក។ រដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន Xiao Yaqing និយាយបែបនេះនៅថ្ងៃទី១៣ ខែកញ្ញា។


ការលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់យានយន្តអគ្គីសនី ក្នុងគោលបំណងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលចូលក្នុងបរិយាកាស បានធ្វើឱ្យឧស្សាហកម្មមួយនេះរីកដុះដាលខ្លាំង ជាមួយនឹងការបង្កើតក្រុមហ៊ុនជាច្រើន។ ប៉ុន្តែរដ្ឋមន្រ្តីឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក Xiao Yaqing អះអាងថា រដ្ឋាភិបាលចិន នឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងនោះ ច្របាច់បញ្ចូលគ្នាវិញ។
 
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដូចជា ក្រុមហ៊ុន Nio Inc, ក្រុមហ៊ុនXpeng Inc និងក្រុមហ៊ុន BYD Co Ltd បានពង្រីកសមត្ថភាពផលិតរបស់ខ្លួនក្នុងប្រទេស ស្របពេលតម្រូវការប្រើប្រាស់កើនឡើង។ ជាមួយនឹងកំណើននេះ លោក Xiao អះអាងថា រដ្ឋាភិបាលចិននឹងធ្វើឱ្យប្រសើរឡើងបណ្តាញសាកថ្មនៃរថយន្តប្រភេទនេះ និងអភិវឌ្ឍផែនការលក់នៅតាមទីផ្សារជនបទផងដែរ។
 
ដោយសារតម្រូវកើនឡើងបែបនេះ បញ្ហាកង្វះឈីប ក៏កើតឡើងតាមនោះដែរ។ រដ្ឋមន្រ្តីឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ចិន លើកឡើងថា ក្រសួងរបស់លោក កំពុងពន្លឿនការស្វែងរកដំណោះស្រាយបញ្ហាការផ្គត់ផ្គង់បន្ទះឈីបស្វ័យប្រវត្តិនៅចិន។
 
កាលពីសប្តាហ៍មុន និយតករទីផ្សារចិន បានផាកពិន័យក្រុមហ៊ុនលក់បន្ទះឈីបរថយន្តចំនួន៣ ដែលបានបង្កើនតម្លៃលក់ ពេលឈីបកំពុងខ្វះខាត។ ចំណាត់ការនេះ ត្រូវបានគេមើលឃើញថា មានគោលបំណងជួយដល់ការផលិតរថយន្តឱ្យបានរលូននៅក្នុងទីផ្សារផលិតរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោកនេះ។
 
ការខ្វះខាតបន្ទះឈីបជាសកលដែលអូសបន្លាយពេលជាយូរមកហើយនេះ ក៏បានជះឥទ្ធិពលដល់ក្រុមហ៊ុនផលិត​រថយន្តធំ ៗ រួមមាន Ford Motor, Honda Motor និង Volkswagen ដែលបង្ខំឱ្យពួកគេផ្អាកការផលិត ឬកាត់បន្ថយផលិតកម្មជាបណ្ណោះអាសន្ន៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com