កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Ricciardo ឈ្នះការប្រណាំងលើកដំបូង ក្រោយ Hamilton និង Verstappen បុកគ្នា
13, Sep 2021 , 7:29 pm        
រូបភាព
កីឡាករ Daniel Ricciardo ដែលបើកបរឱ្យក្រុម McLaren ឈ្នះការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Italian Grand Prix ប្រទេសអ៊ីតាលី។ ជ័យជម្នះលើកដំបូងរបស់ Ricciardo រដូវកាលនេះ កើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាវាងគូប្រជែង Lewis Hamilton និង Max Verstappen។


Verstappen របស់ Red Bull និងម្ចាស់ការពារជើងឯក Hamilton​ ដែលបើកឱ្យក្រុម Mercedes មិនទទួលបានពិន្ទុដូចគ្នាសម្រាប់ការប្រណាំងនៅទីលានទី១៤ នៅថ្ងៃទី១២ ខែកញ្ញា ក្រោយពួកគេប៉ះទង្គិចគ្នា។ រថយន្តរបស់ Verstappen បានបើកឡើងទៅលើរថយន្តរបស់ Hamilton នៅពេលប្រជែងគ្នានៅផ្លូវកោង ដែលបណ្តាលឱ្យកីឡាករទាំងពីរដែលគេទទួលស្គាល់ថាជាគូប្រជែងដ៏ខ្លាំងក្លារដូវកាលនេះ មិនអាចបន្តការប្រណាំងទៀតបាន។
 
ដោយមើលឃើញថា​ ការប៉ះគ្នានេះបណ្តាលមកពី Verstappen ដូច្នេះអ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ នឹងត្រូវពិន័យ៣ពិន្ទុនាការប្រណាំងបន្ទាប់នៅទីលានទី១៥ ក្នុងកម្មវិធី Russian Grand Prix ប្រទេសរុស្ស៊ី។
 
ស្របពេល Hamilton អ្នកប្រណាំងសញ្ជាតិអង់គ្លេស និង Verstappen ជួបហេតុការអាក្រក់ អ្នកប្រណាំង Ricciardo របស់ក្រុម McLaren បានដណ្តើមចំណាត់ថ្នាក់ទី១នៅទីលានប្រណាំប្រទេសអ៊ីតាលីនេះ។ 
 
អ្នកប្រណាំងសញ្ជាតិអូស្ត្រាលីរូបនេះសម្រេចទីមុនគេ ដោយប្រើថេរវេលា ១ម៉ោង ២១នាទី និង៥៤វិនាទី។ នេះក៏ជាជ័យជម្នះលើកដំបូងរបស់ Ricciardo ផងដែរសម្រាប់ការប្រណាំង F1 រដូវកាលនេះ។ 
 
កីឡាករ Lando Norris ដែលជាមិត្តរួមក្រុម McLaren ទទួលបានចំណាត់ថ្នាក់ទី២ ខណៈ Valtteri Bottas របស់ក្រុម Mercedes បញ្ចប់នៅលេខរៀងទី៣។


 
ឆ្លងកាត់ការប្រណាំង១៤លើក Verstappen នៅរក្សាចំណាត់ថ្នាក់ទី១ ក្នុងតារាង F1 ដដែល ជាមួយពិន្ទុសរុប ២២៤,៥ពិន្ទុ តាមពីក្រោយដោយ Hamilton ដែលឈរលេខ២មាន២២១,៥ពិន្ទុ។ លេខ៣ Bottas ស្ថិតនៅលេខរៀងទី៣ ដោយកើនពិន្ទុដល់១៤១ពិន្ទុ។ Ricciardo ឡើងទៅឈរនៅលេខរៀងទី៨ ដោយរកបាន៨៣ពិន្ទុ។
 
ដោយឡែកផ្នែកគ្រឿងម៉ាស៊ីនវិញ ក្រុម Mercedes បានកើនជំនួនពិន្ទុនាំមុខបន្ថែមលើក្រុម Red Bull បន្ទាប់ពី Bottas ប្រណាំងបានលេខ៣ ឯ Sergio Perez ដែលបើកឱ្យ Red Bull បានលេខ៥។
 
Mercedes ឈរលេខ១ក្នុងតារាង F1 ផ្នែកគ្រឿងម៉ាស៊ីនបណ្តោះអាសន្នជាមួយពិន្ទុសរុប ៣៦២,៥ ខណៈ Red Bull នៅលេខ២រកបាន ៣៤៤,៥ពិន្ទុ។ McLaren ឡើងទៅលេខ៣វិញ ដោយរកបាន២១៥ពិន្ទ ឯ Ferrari ធ្លាក់ទៅលេខរៀងទី៤វិញជាមួយពិន្ទុ ២០១,៥ពិន្ទុ៕
 
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com