អន្តរជាតិ
ប្រមុខការទូតកាតា ទៅជួបមេដឹកនាំតាលីបង់ជជែកពីទំនាក់ទំនងទ្វេភាគីនិងវិបត្តិអាហ្វហ្កានីស្ថាន
13, Sep 2021 , 4:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកាតា Sheikh Mohammed bin Abdulrahman al-Thani ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសកាតា Sheikh Mohammed bin Abdulrahman al-Thani ។ រូបថត AFP
នៅថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានជួបនាយករដ្ឋមន្ត្រីអាហ្វហ្កានីស្ថាននៃរដ្ឋាភិបាលដែលដឹកនាំដោយក្រុមតាលីបង់ ដើម្បីជជែកពី ទំនាក់ទំនងទ្វេភាគី, ជំនួយមនុស្សធម៌, ការកសាងប្រទេសឡើងវិញ, ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយ សហគមន៍អន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់បំផុតលើកដំបូងរបស់មន្រ្តីបរទេសទៅកាន់ ទីក្រុងកាប៊ុលចាប់តាំងពីក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសជាថ្មីក្នុងខែសីហា។

 
កាតា ជាប្រទេសមួយដែលមានឥទ្ធិពលលើក្រុមតាលីបង់ និងបានដើរតួយ៉ាងសំខាន់នៅក្នុងការជួយ សម្រួលជើងហោះហើរអាម៉េរិកដែលបានជម្លៀសពលរដ្ឋអាម៉េរិក ពលរដ្ឋប្រទេសលោកខាងលិច និង ប្រជាជនអាហ្វហ្កានីស្ថាន។ ទីក្រុងដូហា ជាទីស្នាក់ការនៃការិយាល័យនយោបាយរបស់តាលីបង់ ទីដែលអាម៉េរិកបានចរចាក្នុងការដកទ័ពចេញនៅឆ្នាំ២០២០។
 
រដ្ឋមន្ត្រីការបរទេស​កាតា Sheikh Mohammed bin Abdulrahman Al Thani ក៏ក្លាយជាមេដឹកនាំជាន់ខ្ពស់ទីមួយធ្វើដំណើរទៅកាន់រដ្ឋធានីកាប៊ុលដែរ។ នៅថ្ងៃទី១២ ខែកញ្ញា លោក Al Thani បានជួបនាយករដ្ឋមន្ត្រីស្ដីទីអាហ្វហ្កានីស្ថា​ន Mullah Muhammad Hasan Akhund ដោយផ្ដោតលើប្រតិបត្តិការរបស់អាកាសយានដ្ឋាន Hamid Karzai និងការធានាសេរីភាឆ្លងកាត់ និងធ្វើដំណើរ សម្រាប់ប្រជាជនទាំងអស់។ 
 
ភាគីទាំងពីរ សង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហការប្រឹងប្រែងប្រឆាំងនឹងក្រុមភេរវករដែលគំរាម ស្ថិរភាពអាហ្វហ្កានីស្ថានផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកាតានៅថ្ងៃទី១២ ខែកញ្ញា។ បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសកាតារូបនេះ ក៏បានទទូចឱ្យមេដឹកនាំតាលីបង់ចូលរួម ជាមួយគ្រប់ភាគីទាំងអស់ក្នុងដំណើរការផ្សះផ្សាជាតិឡើងវិញ។ 
 
ចំណែកក្រុមតាលីបង់បញ្ជាក់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគី, ជំនួយមនុស្សធម៌, ការអភិវឌ្ឍសេដ្ឋកិច្ច និងការភ្ជាប់ទំនាក់ទំនងអាហ្វហ្កានីស្ថានជាមួយសហគមន៍ អន្តរជាតិ។ រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន ក៏បានអរគុណរដ្ឋាភិបាលកាតាដែលបានជួយ ជ្រោមជ្រែងប្រជាជនអាហ្វហ្កានីស្ថានកន្លងមក។ 
 
រដ្ឋាភិបាលដដែលនេះ បន្ថែមថា​ កិច្ចព្រមព្រៀងទីក្រុងដូហាដែលចុះហត្ថលេខាដោយអាម៉េរិក និង តាលីបង់ ជាសមិទ្ធផលដ៏សំខាន់ ហើយភាគីទាំងអស់គួរតែអនុវត្តខ្ជាប់ខ្ជួន៕
 

Tag:
 កាតា
© រក្សាសិទ្ធិដោយ thmeythmey.com